លោក ហ៊ុយ យ៉ាឡេង សម្រុក​លក់សៀវភៅ ខណៈរោងកុនមិន​ដឹង​បើក​ទ្វារពេល​ណា

  • 2020-05-29 04:16:38
  • ចំនួនមតិ 5 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ


ផលិតករ​ភាពយន្ត​លោក ហ៊ុយ យ៉ាឡេង ប្រកាស​លក់​សៀវ​រឿង"ខ្មោច​ចូល" ប្រមាណ​២០០០​ក្បាល ក្រោយ​ពី​លោក​មិន​អាច​ចេញ​ថត​បាន ហើយ​មិន​ដឹង​រោង​កុន​បើក​ឲ្យ​ដំណើរការ​ពេល​ណា។

លោក ហ៊ុយ យ៉ាឡេង និយាយថា ចំណូល​របស់​លោក​គឺ​ពឹង​លើ​វិស័យ​ភាពយន្ត​ស្ទើរ​ទាំង​ស្រុង ហើយ​បើ​រឿង​របស់​លោក​ត្រូវ​បាន​រាំងស្ទះ​ដោយសារ​ជំងឺ​កូវីដ-១៩ នោះ​លោក​នឹង​ដួល​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន។

លោក​សង្ឃឹម​ថា ប្រិយមិត្ដ​នៅ​តែ​គាំទ្រ​វិស័យ​ភាពយន្ដ​ខ្មែរ​តាម​រយៈ​ការ​ជួយ​ជាវ​នូវ​សៀវភៅ​រឿង​ខ្មោច​ភ័យ​រន្ធត់​នេះ ដោយ​លោក​លក់​តែ​១​ក្បាល​៦​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​អ្នក​កក់​មុន​ ហើយតម្លៃពេញ​លោកលក់តម្លៃ៧ដុល្លារ។

លោក ហ៊ុយ យ៉ាឡេង បន្ថែម​ថា សៀវភៅ​ដែល​លោក​កុម្ម៉ង់​រោងពុម្ព​ឲ្យ​បោះ​ចំនួន​២០០០​ក្បាល​នោះ លក់​អស់ លោក​នឹង​ពិចារណា​បោះ​បន្ថែម​ទៀត ដើម្បី​បំពេញ​តម្រូវការ​អ្នកអាន។ ស្រប​ពេល​គ្នា​នេះ​លោក​ក៏​នឹង​ទទួល​យក​ពាក្យ​រិះគន់​លើ​ខ្លឹមសារ​រឿង"ខ្មោច​ចូល​" ទាំង​មូល ដើម្បី​កែលម្អ ហើយ​យក​ទៅ​ថត ដើម្បី​ត្រៀម​ចាក់​បញ្ចាំង​នៅ​តាម​រោង​ភាពយន្ដ​នៅ​ពេល​ដែល​បើក​ដំណើរការ​វិញ។

លោក យ៉ាឡេង រំលឹក​ថា រឿង​នេះ​លោក​បាន​សុំ​សិទ្ធ​ថត​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​រួច​ហើយ ហើយ​លោក​គ្រោង​នឹង​ថត​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ប៉ុន្តែ​ដោយ​បញ្ហា​ជំងឺ​កូវីដ-១៩ ទើប​ធ្វើ​ឲ្យ​លោក​អាក់ខាន​ចេញ​ថត ហើយ​បើ​ជម្នះ​ចេញ​ថត គឺ​ផ្ទុយ​នឹង​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល ហើយ​ក៏​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​រោគ​ទៀត​ផង។ ដូច្នេះ​ហើយ​ទើប​រក​វិធី​បញ្ចេញ​រឿង​នេះ តាម​របៀប​នេះ​វិញ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

;