ម៉េង កែវពេជ្ជតា តបវិញរឿង ទូច ស៊ុននិច ចេញវីដេអូកាលពី៣ថ្ងៃមុន
- 2020-05-29 09:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉េង កែវពេជ្ជតា តបវិញរឿង ទូច ស៊ុននិច ចេញវីដេអូកាលពី៣ថ្ងៃមុន
ចន្លោះមិនឃើញ
ទូច ស៊ុននិច បានរស់នៅស្ងប់ស្ងាត់តែម្នាក់ឯងជិត២០ឆ្នាំមកហើយ តាំងពីនាងជួបគ្រោះអាក្រក់កាលពីឆ្នាំ ២០០៣។ ប៉ុន្តែប៉ុន្មានថ្ងៃមុន នាងបានចេញមកតាមរយៈវីដេអូឃ្លីបមួយធ្វើការឆ្លើយតបទៅរៀមច្បង ម៉េង កែវពេជ្ជតា ហើយនៅថ្ងៃនេះ វីដេអូនេះ ត្រូវបានបញ្ចេញសារជាថ្មី។
"នេះជាសម្លេងពិតរបស់ខ្ញុំ ដែលនិយាយក្នុងវីដេអូឡាយ នៅវត្ត ពេលទៅមេីលក្លោងទ្វាវត្តដែលខ្ញុំ និងគ្រួសារបានចូលរួមកសាង ។ អ្វីដែលខ្ញុំនិយាយគ្មានប៉ះពាល់នរណាទេសូម្បីបន្តិច...”។ ម៉េង កែវពេជ្ជតា ថ្លែង។
វីដេអូនេះ អ្នកនាង ម៉េង កែវពេជ្ជតា បានធ្វើការ Live នៅវត្តមួយវេលាដែលអ្នកនាងទៅមើលការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងវត្ត ហើយបានក្លាយជាកម្លាំងជំរុញ ទូច ស៊ុននិច ដែលរស់នៅស្ងប់ស្ងាត់ម្នាក់ឯងជិត ២ទសវត្សរ៍ហើយនោះ បានចេញមុខ មកឆ្លើយតបយ៉ាងកម្រ។
នៅក្នុងវីដេអូឃ្លីបរបស់ខ្លួនចេញលើយូធូបប៉ុន្មានថ្ងៃមុន ស៊ុននិច បានបញ្ជាក់ថា រៀមច្បងបានលើកឡើងថា តាំងពីដើមមកខ្លួនព្យាយាមធ្វើខ្លួនឲ្យល្បីដូចរៀមច្បង ដោយការយកបទរបស់រៀមច្បង គឺអ្នកនាង ម៉េវ កែវពេជ្ជតា មកច្រៀង។ ស៊ុននិច អះអាងថា នេះជាអ្វីដែលរៀមច្បងបាននិយាយក្នុងការ live កាលពីប៉ុន្មានថ្ងៃមុន។ យ៉ាងណា សាច់រឿងនេះ បានកើតឡើងតាំងពីនាងខ្លួនឯង(ស៊ុននិច) នៅជាកុមារភាពឯណោះ។
“បងដា គាត់បានលើកឡើងតាំងពីខ្ញុំទើបអាយុបាន ៨-៩ឆ្នាំ ទើបតែប៉ិចពន្លកឡើងច្រៀងដំបូង គាត់ថាខ្ញុំក៏ច្រៀងតាមគាត់ ច្រៀងលំនាំតាមបទគាត់ ហើយចង់ល្បីតាមគាត់...!”។ ជុំវិញបញ្ហានេះ អ្នកនាង ម៉េង កែវពេជ្ជតា មិនបានចេញវីដេអូឆ្លើយតបវិញទេ ក្រៅតែពីបញ្ចេញវីដេអូដែល ទូច ស៊ុននិច ប្រតិកម្ម។ យ៉ាងណា អ្នកនាងបានពន្យល់ថា បញ្ហាដែលកើតឡើង គឺដោយសារបុគ្គលទី៣មួយក្រុម ដែលបានចូលមកចោទថា អ្នកនាង បានយកបទ ទូច ស៊ុននិច មកច្រៀងម្ដងហើយម្ដងទៀត ក្នុងចេតនាឲ្យនាងក្ដៅចិត្ត។
តបនឹងការចោទនោះ តារាចម្រៀងរៀមច្បង បញ្ជាក់ថា នាងក៏បានបកស្រាយទៅវិញដោយសមគួរ។ "ខ្ញុំក៏បកស្រាយធម្មតា និងពាក្យល្អៗ តែអាខោននេះនៅតែដុតកម្ដៅចិត្តយេីងបន្ថែមទៀត ក្នុងចេតនាទម្លាក់កំហុសអោយយេីង ។ សូមអ្នកដែលបានស្តាប់សម្លេងរបស់នាង ទូច ស៊ុននិច ដែលបានមុសាមកលេីខ្ញុំជាច្រេីន ចូលរួមពិចារណា"។
ការប៉ះទង្គិចពាក្យសំដីរបស់ តារាចម្រៀងជើងចាស់ទាំងពីរ គឺពាក់ព័ន្ធនឹងរឿងដែលថា ម្នាក់ៗបានយកបទចម្រៀងម្នាក់មកច្រៀង។ នៅក្នុងវីដេអូខាងក្រោមនេះ ម៉េង កែវពេជ្ជតា បាននិយាយដោយតបទៅអ្នកចោទអ្នកនាងថា តាមពិត គឺទូច ស៊ុននិច ទេ ដែលយកបទអ្នកនាងច្រៀងជាច្រើនបទ ហើយចំណុចនេះអ្នកជឿថា សាមីខ្លួនសិស្សប្អូនដឹងខ្លួនឯងហើយ។ បែបនេះក្ដី រៀមច្បង ក៏ទទួលស្គាល់ថា ខ្លួនក៏ធ្លាប់យកបទចម្រៀងរបស់សិស្សប្អូនមកច្រៀងមួយបទដែរ ខណៈដែលសិស្សប្អូនយកបទខ្លួនទៅច្រៀងច្រើនជាង។
“ បទ ទូច ស៊ុននិច ដែលខ្ញុំយក គឺមានតែ១បទទៀត គឺបទ "សិលាចាំប្ដី"...មូលហេតុអីបានខ្ញុំច្រៀង?...គឺដោយសារបទហ្នឹង គេធ្វើរូបភាពរួចហើយ តែអត់មានម្ចាស់សំឡេង គឺម្ចាស់សំឡេងគាត់មានបញ្ហា...ខ្ញុំមិនចង់ច្រៀងផង ប៉ុន្តែគាត់(បុគ្គលទី៣)សំណូមពរពេក...គាត់ចង់បានរូបភាព...ខ្ញុំព្រម...ខ្ញុំមិនចង់ផង...តែគាត់ថា អាណិចយកបទអូនឯងរាប់រយបទ អូនយកតែ១ក៏អត់បញ្ហាដែរ...អីចឹងក៏អីចឹងទៅ តែខ្ញុំអត់សប្បាយចិត្តទេ ខ្ញុំអត់ចង់ស៊ីកម្អែលអ្នកណាទេ...មួយទៀត ខ្ញុំចង់រក្សាតម្លៃឲ្យម្ចាស់បទ...!”។
អ្នកនាង ពេជ្ជតា បញ្ជាក់ថា សម្រាប់របស់អ្នកច្រៀងជំនាន់ជាមួយគ្នា អ្នកនាងមិនចង់យកមកច្រៀងទេ លើកលែងបទពីដើមមួយចំនួន នាងបានយកមកច្រៀងមែន ព្រោះតែចង់លើកតម្កើង និងគាស់រំលើងមកវិញក្នុងបំណងឲ្យប្រិយមិត្តបានចេះចាំ ថាបទនេះជាបទអ្នកណា។ ដូច្នេះហើយ រាល់ពេលច្រៀងនាងរមែងដាក់បញ្ជាក់ថា បទនេះ បទដើមជារបស់អ្នកណា មិនដែលរំលងឡើយ៕