ផ្លូវ-ស្ពានធំៗ ដែលនឹង​បញ្ចប់​ការសាងសង់​នៅឆ្នាំនេះ និង​ឆ្នាំក្រោយ

  • 2020-06-03 07:07:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្លូវ និងស្ពាន​ ដែល​នឹងបញ្ចប់ការ​សាងសង់នៅឆ្នាំ២០២០ និង ២០២១ រួមមាន៖ ផ្លូវជាតិលេខ១១, ​ផ្លូវ ៣៤ខ្សែនៅខេត្តព្រះសីហនុ, ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ, ​ផ្លូវជាតិលេខ៣ និង​ស្ពាន​អាកាស និងផ្លូវក្រោមដីចោមចៅ។

  • ផ្លូវ​ជាតិលេខ១១

​ផ្លូវនេះ មាន​ប្រវែង​៩៦គីឡូម៉ែត្រ តភ្ជាប់រវាង​ខេត្តព្រៃវែងត្រង់​ចំណុចប្រសព្វផ្លូវជាតិលេខ១ (អ្នកលឿង) និងខេត្ត​ត្បូងឃ្មុំ ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៧ (ថ្នល់ទទឹង) ក្រាល​បេតុងកៅស៊ូAC គិតត្រឹមថ្ងៃ​ទី២៥ ខែ​មេសា ឆ្នាំ២០២០ សម្រេច​ការសាងសង់​បានចំនួន ៩១,១៤ ភាគរយ​ហើយ។ ផ្លូវនេះ​គ្រោង​ចំណាយទឹកប្រាក់សាងសង់​ចំនួន​ជាង ៩៨លាន​ដុល្លារ​ ដោយប្រើរយៈពេល​៤៤ខែ គិតចាប់​ពីខែធ្នូ ឆ្នាំ​២០១៧ និង​គ្រោង​បញ្ចប់​នៅចុងឆ្នាំ​២០២០។

  • ផ្លូវ៣៤ខ្សែនៅ​ខេត្តព្រះសីហនុ

​ផ្លូវ ៣៤ខ្សែ​នេះ​មានប្រវែង​សរុបជាង ៨៤គីឡូម៉ែត្រ ដោយចំណាយថវិកាជិត ៣០០លានដុល្លារ។ ផ្លូវ​ទាំង៣៤ខ្សែ ត្រូវចែកចេញជា ៣ប្រភេទ៖ មហាវិថី​ចំនួន ៣ខ្សែ ប្រវែងជាង ២២គីឡូម៉ែត្រ, វិថីចំនួន ១៦ខ្សែ ប្រវែង​ជិត ៥០គីឡូម៉ែត្រ និង​អនុវិថីចំនួន១៥ខ្សែ ប្រវែង​ជិត ១២គីឡូម៉ែត្រ។ ផ្លូវ​នេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយ​ប្រើរយៈពេល ៨ខែ។ គិតមកត្រឹមដើមខែមិថុនានេះ ការសាងសង់សម្រេចបាន​ ៩៤%ហើយ។

  • ស្ពាន​ស្ទឹងត្រង់-ក្រូចឆ្មារ

ស្ពានតភ្ជាប់ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ សម្រេចបាន​ការសាងសង់​ ៨៧,៥%ហើយ ដោយគ្រោង​នឹងបញ្ចប់មុនកំណត់​នៅខែមីនា ឆ្នាំ​២០២១។ ស្ពាន​ប្រវែង ១១៣១ម៉ែត្រនេះ ត្រូវបាន​បើកការដ្ឋានសាងសង់​កាលពីខែកុម្ភៈ ឆ្នាំ​២០១៨ ដោយគ្រោង​ចំណាយ​ថវិកាសរុប ៥៦,៩៩៨លានដុល្លារ។

  • ផ្លូវ​ជាតិលេខ៣

ផ្លូវជាតិ​លេខ៣ ពីភ្នំពេញ ទៅកំពត សម្រេច​ការសាងសង់បាន ៧៤%ហើយ គិតត្រឹម​ចុងខែឧសភា ២០២០ ដោយនឹង​បញ្ចប់​នៅខែធ្នូ ឆ្នាំ​២០២១ ពោលគឺមុនការគ្រោងទុក​ចំនួន ៩ខែ។ ផ្លូវ​នេះ​ត្រូវបាន​បើកការដ្ឋានសាងសង់កាលពីខែឧសភា ឆ្នាំ​២០១៨ ដោយគ្រោង​ចំណាយ​ថវិកាជិត ២២០លានដុល្លារ។ ការ​ពង្រីក​ផ្លូវនេះ​គឺ​ត្រូវបាន​បែងចែក​ជា ២កំណាត់ គឺពី​ចោមចៅ-បែកគូស និង​បែកគូស-ក្រុង​កំពត។ ផ្លូវពី​ចោមចៅ ទៅ​បែកគូស ​ក្នុង​ខេត្តតាកែវ ប្រវែង​ ៦៤,៩០គីឡូម៉ែត្រ នឹងត្រូវ​ពង្រីក ២គន្លង​ទៅ ៤គន្លង (២ទៅ ២មក) និង​មាន​សួន​កណ្តាល។ ចំណែក​កំណាត់​ផ្លូវពី​បែកគូស ទៅក្រុង​កំពត ប្រវែង​ជាង ៦៤គីឡូម៉ែត្រ​ នឹង​ត្រូវ​ពង្រីក​តួផ្លូវ​ដល់ ១២​ម៉ែត្រ ដោយមាន ២គន្លង​ផ្លូវ​ដដែល (១ទៅ ១មក)។

  • ស្ពាន​អាកាស និងផ្លូវក្រោមដីចោមចៅ

គិត​ត្រឹម​ចុងខែឧសភា ឆ្នាំ​២០២០ លទ្ធផល​នៃការ​សាងសង់​ស្ពាន​អាកាស​ និង​ផ្លូវក្រោមដី​ចោមចៅ​សម្រេចបាន ៤១%​នៃគម្រោង ដែល​តាមផែនការ​នឹង​បញ្ចប់​ការសាងសង់នៅ​ចុងឆ្នាំ​២០២១ខាងមុខ។ ស្ពាន​អាកាស​ និង​ផ្លូវក្រោមដី​នេះ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​ជាផ្លូវការ​កាលពី​ថ្ងៃទី២៩ ខែ​មិថុនា ឆ្នាំ​២០១៨។ គម្រោង​តម្លៃ​ប្រមាណ​២២​លាន​ដុល្លារ​នេះ នឹង​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ៣០​ខែ។ លក្ខណៈនៃគម្រោងនេះរួមមាន៖ ស្ពាន​អាកាសទី១ (ភ្ជាប់ពី​មហាវិថីសហព័ន្ធរុស្ស៊ី ទៅផ្លូវជាតិលេខ៣), ស្ពាន​អាកាសទី២ (បំបែក​ចេញពី​​ស្ពាន​អាកាស​មេ បត់​ឆ្វេង​ត​ភ្ជាប់​ចរាចរណ៍​ពី​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី ឆ្ពោះ​ទៅ​ផ្លូវ​វេងស្រេង), ស្ពាន​អាកាសទី៣ (ជា​ស្ពាន​កោង​បត់​ឆ្វេង តភ្ជាប់​ចរាចរណ៍​ពី​ផ្លូវ​វេងស្រេង ទៅផ្លូវជាតិលេខ៣), ផ្លូវក្រោមដី (ផ្លូវ​តភ្ជាប់​ចរាចរ ពី​ផ្លូវ​ជាតិ​លេខ ៤ ទៅ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី ) និង​ផ្លូវអ៊ុតកៅស៊ូ៕

អត្ថបទថ្មី
;