វីដេអូ៖ ដំរីញីកំពុងពពោះ១ក្បាល ត្រូវសម្លាប់ ក្រោយស៊ីម្នាស់មានបង្កប់ផាវខាងក្នុង
- 2020-06-03 23:48:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូ៖ ដំរីញីកំពុងពពោះ១ក្បាល ត្រូវសម្លាប់ ក្រោយស៊ីម្នាស់មានបង្កប់ផាវខាងក្នុង
ចន្លោះមិនឃើញ
ដំរីព្រៃដែលកំពុងពពោះ១ក្បាល បានងាប់ ដោយសាររងរបួសយ៉ាងដំណំ បន្ទាប់ពីស៊ីផ្លែម្នាស់ដែលមានបង្កប់ផាវនៅខាងក្នុង។ ហេតុការណ៍នេះបានកើតឡើងនៅភូមិ Malappuram ស្ថិតក្នុងរដ្ឋ Kerala ប្រទេសឥណ្ឌា កាលពីចុងខែឧសភា ឆ្នាំ២០២០។
រឿងរ៉ាវគឺថាដំរីញី១ក្បាលនោះបានចេញពីព្រៃ ដើម្បីស្វែងរកចំណីក្នុងស្រុកភូមិដែលនៅក្បែរ។ ឃើញដូច្នេះ អ្នកភូមិក៏បានបោះម្នាស់១ផ្លែឲ្យស៊ី មិនមែនព្រោះសេចក្ដីអាណិតអាសូរទេ តែក្នុងគោលបំណងសម្លាប់វាចោល។ ក្នុងម្នាស់នោះមានបង្កប់នូវផាវ ដែលជាហេតុបង្កឲ្យផ្ទុះខ្ទេចខ្ទីអស់មាត់ដំរី ថ្គាម និងអណ្តាតរបស់វាដល់ថ្នាក់មិនអាចស៊ីអីអស់ជាច្រើនថ្ងៃរហូតដល់ក្ស័យជីវិត។
មន្ត្រីព្រៃឈើម្នាក់ឈ្មោះ Mohan Krishnan បាននិយាយថា មុនងាប់ ដំរីញីនេះបានឈរត្រាំទឹកនៅក្នុងទន្លេ ហើយក្រុមសង្គ្រោះព្យាយាមជួយវាដែរ តែមិនអាចស្រោចស្រង់ជីវិតសត្វដ៏កម្សត់នេះបាន។ លោក Krishnan បានបង្ហោះសារនៅលើហ្វេសប៊ុកថា៖ "វា (ដំរីញីដែលងាប់) បានជឿជាក់រាល់គ្នា (អ្នកភូមិ)។ នៅពេលម្នាស់ដែលវាស៊ីនោះបានផ្ទុះ វាច្បាស់ណាស់ប្រាកដជាភ័យខ្លាចមិនគិតពីខ្លួនឯង តែគិតពីកូនវាដែលកំពុងពពោះនិងចាប់កំណើតក្នុងរយៈពេល ១៨ ទៅ ២០ខែខាងមុខ"។ លោកបានរៀបរាប់បន្តថា កំឡុងពេលត្រូវគេធ្វើបាប ដំរីនោះមិនបានទៅវាយប្រហារផ្ទះ ឬអ្នកភូមិស្រុកឡើយ តែវាបែរជារត់ចេញពីភូមិទាំងសេចក្ដីឈឺចាប់។ "នេះជាមូលហេតុដែលខ្ញុំបាននិយាយថា វាជាសត្វពោរពេញទៅដោយអំពើល្អ" លោក Krishnan បានបន្ថែម។
សូមបញ្ជាក់ថា នៅចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ មានដំរី៥១០ក្បាល ដែលត្រូវគេសម្លាប់ក្នុងប្រទេសឥណ្ឌា ក្នុងរូបភាពផ្សេងៗគ្នាដូចជា ឆក់ខ្សែភ្លើង បរបាញ់ ត្រូវរថភ្លើងបុក ឬបំពុល ជាដើម។ នេះបើយោងតាមទិន្នន័យរបស់សារព័ត៌មានក្នុងស្រុក IndianExpress៕
សូមទស្សនាវីដេអូសកម្មភាពជួយសង្គ្រោះដំរីរងគ្រោះ តែមិនបានសម្រេច៖