តើ​ផ្លាកលេខរថយន្ត​របស់នគរបាល និងយោធា ​មានពណ៌ អក្សរ និងលេខដូចម្តេចខ្លះ?

  • 2020-06-04 09:11:00
  • ចំនួនមតិ 4 | ចំនួនចែករំលែក 64

ចន្លោះមិនឃើញ


យោងតាម​អនុក្រឹត្យ​ស្តីពី​ការ​ចុះបញ្ជី​ផ្តល់បណ្ណ​សម្គាល់​យាន​ជំនិះ និង​បំពាក់​ផ្លាកលេខ​សម្គាល់​យានជំនិះ ចុះហត្ថលេខា​ដោយ​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ​២០១៩ បង្ហាញ​ថា ផ្លាកលេខ​សម្គាល់​យានជំនិះ​មាន ៩ប្រភេទ​ដូចខាងក្រោម៖

-ប្រភេទ​ទី១៖ ផ្លាកលេខ មាន​ផ្ទៃ​ពណ៌​បៃតង​ចាស់ អក្សរ​និង​លេខពណ៌​ទឹកមាស​ សម្រាប់​យាន​ជំនិះ​របស់​ព្រះ​បរមរាជវាំង។

-ប្រភេទ​ទី២៖ ផ្លាក​លេខ​មាន​ផ្ទៃពណ៌បៃតង​ចាស់ អក្សរ​និង​លេខពណ៌ស សម្រាប់​យាន​ជំនិះ​របស់​ស្ថាប័ន​កំពូល។

-ប្រភេទ​ទី៣៖ ផ្លាកលេខ​មាន​ផ្ទៃពណ៌​បៃតងខ្ចី អក្សរ និង​លេខពណ៌ស សម្រាប់​យានជំនិះ​ ជាសម្បត្តិ​រដ្ឋ។

-ប្រភេទ​ទី៤៖ ផ្លាកលេខ​មាន​ផ្ទៃ​ពណ៌ខៀវ​ខាងលើ និង​ពណ៌ក្រហម​ខាងក្រោម​ចែក​ពាក់កណ្តាល​ស្មើ អក្សរ និង​លេខ​ពណ៌ស សម្រាប់​យាន​ជំនិះ​របស់​កងយោធពលខេមរភូមិន្ទ។

-ប្រភេទ​ទី៥៖ ផ្លាកលេខ​មាន​ផ្ទៃពណ៌ស អក្សរ និង​លេខ​ពណ៌ក្រហម សម្រាប់​យាន​ជំនិះ​របស់​កង​កម្លាំង​នគរបាល​ជាតិ។

-ប្រភេទ​ទី៦៖ ផ្លាក​លេខ​មាន​ផ្ទៃពណ៌ស អក្សរ និង​លេខពណ៌​បៃតងចាស់ សម្រាប់​យាន​ជំនិះ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។

-ប្រភេទទី៧៖ ផ្លាកលេខ​មាន​ផ្ទៃពណ៌លឿង អក្សរ និង​លេខពណ៌​ខៀវចាស់ សម្រាប់​យាន​ជំនិះ​របស់​ស្ថានទូត និង​ផ្លាកលេខ​មានផ្ទៃ​ពណ៌ខៀវ​ផ្ទៃមេឃ អក្សរ និង​លេខពណ៌ស សម្រាប់​អង្គការ​សហប្រជាជាតិ អង្គការ​អន្តរជាតិ និង​អង្គការ​មិនមែន​រដ្ឋាភិបាល។

-ប្រភេទ​ទី៨៖ ផ្លាកលេខ​មាន​ផ្ទៃពណ៌ស អក្សរ និង​លេខពណ៌​ខៀវចាស់ សម្រាប់​យាន​ជំនិះ ជារបស់​ម្ចាស់​កម្មសិទ្ធិយានជំនិះ​ជារូបវន្ត​បុគ្គល នីតិ​បុគ្គល ឬសហកម្មសិទ្ធិ​យានជំនះ។

-ប្រភេទ​ទី៩៖ ផ្លាកលេខ​មានផ្ទៃ​ពណ៌លឿង​ទុំ អក្សរ និង​លេខពណ៌ស សម្រាប់​យានជំនិះ នាំចូល​បណ្តោះអាសន្ន​តាម​របប​ព្យួរពន្ធ ឬក្រោម​របបគយ​នាំចូល​បណ្តោះអាសន្ន៕

;