រដ្ឋមន្ត្រីស្នើឲ្យក្រុមហ៊ុនមួយបង្កើតគម្រោងនាវាទេសចរណ៍ធំៗ តាមទន្លេមេគង្គ
- 2020-06-05 01:47:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្ត្រីស្នើឲ្យក្រុមហ៊ុនមួយបង្កើតគម្រោងនាវាទេសចរណ៍ធំៗ តាមទន្លេមេគង្គ
ចន្លោះមិនឃើញ
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានពិភាក្សាការងារជាមួយលោក ស៊ូ ជីស៊ីង (Xu Zhixing) នាយកប្រតិបត្តិក្រុមហ៊ុនព្រីនរៀលអេស្តេតគ្រុប (Prince Real Estate Group) និងបានស្នើក្រុមហ៊ុននេះ លើគម្រោងរៀបចំដំណើរការនាវាទេសចរណ៍នៅតាមដងទន្លេមេគង្គ និងដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងលើកកម្ពស់វិស័យទេសចរណ៍នៅរាធានីភ្នំពេញ ក៏ដូចជានៅកម្ពុជាឱ្យមានភាពល្អប្រសើរមួយកម្រិតទៀត។ សំណើនេះត្រូវបានលើកឡើង កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍។
លោក ស៊ូ ជីស៊ីង បានលើកឡើងថា នៅខែតុលា ឆ្នាំ២០២០ ខាងមុខនេះ Prince Real Estate Group ចង់បើកសម្ពោធមជ្ឈមណ្ឌលព្រីនម៉ាណ័ររីសតជាផ្លូវការ ទើបមកសុំការណែនាំពីលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាមុន។ ចំពោះការលើកឡើងនេះ ត្រូវបានលោករដ្ឋមន្ត្រីបង្ហាញការពេញចិត្ត ប៉ុន្តែលោករដ្ឋមន្ត្រីបានមានប្រសាសន៍ថាក្នុងខណៈនេះកម្ពុជាកំពុងស្ថិតក្នុងដំណាក់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដូច្នេះអាចនឹងរង់ចាំពេលវេលាសមស្របណាមួយ ដែលរាជរដ្ឋាភិបាលមានការអនុញ្ញាត។
លោក ស៊ូ បានទទួលយកយោបល់របស់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរង់ចាំអនុវត្តតាមការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ លោកបានបន្តថា នៅពេលសម្ពោធមជ្ឈមណ្ឌលព្រីនម៉ាណ័ររីសតរួចរាល់ និងបន្ទាប់ពីទទួលបានការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាហើយនោះ ក្រុមហ៊ុននឹងចាប់អនុវត្តគម្រោងនាវាទេសចរណ៍នេះ នៅឆ្នាំ២០២០-២០២៣ ដោយចង់ឱ្យមានកំពង់ផែទេសចរណ៍ស្ដង់ដាមួយនៅមជ្ឈមណ្ឌលព្រីនម៉ាណ័ររីសតតែម្ដង។ ចំពោះគម្រោងបង្កើតឱ្យមានកំពង់ផែទេសចរណ៍នេះទៀតសោត ត្រូវបានលោករដ្ឋមន្ត្រីសម្ដែងការគាំទ្រពេញទំហឹង ហើយសន្យាថានឹងខិតខំសហការជាមួយស្ថាប័នពាក់ពាន់ ដើម្បីសុំការសម្រេចពីរាជរដ្ឋាភិបាលគាំទ្រដល់ការចូលចតរបស់នាវាទេសចរណ៍។ គូសបញ្ជាក់ថា មជ្ឈមណ្ឌលព្រីនម៉ាណ័ររីសត មានទីតាំងស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល (ចន្លោះផ្លូវជាតិលេខ១ និងទន្លេមេគង្គក្រោម)៕
ប្រភព៖ ក្រសួងទេសចរណ៍