៨ចំណុចនេះ​បញ្ជាក់​ថា ជនបរទេសនោះ​មិនមែន​អន្តោប្រវេសន្តទេ

  • 2020-06-05 08:15:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ


ជនបរទេស​មិនមែនអន្តោប្រវេសន្តគឺ៖

១. ភ្នាក់ងារ​ដែលបម្រើការ​នៅស្ថានទូតបរទេស ឬស្ថានកុងស៊ុលបរទេស ឬស្ថាន​តំណាង​បេសកកម្មបរទេស អ្នក​ជំនាញ​ការ​អន្តរជាតិ និង​ជន​ផ្សេងៗ​ទៀត​ដែលចូលមក​ព្រះរាជាណាចក្រកម្ពុជាតាមការស្នើសុំ ឬតាម​កិច្ចព្រមព្រៀង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​រាប់ទាំង​ក្រុមគ្រួសារ និង​បុគ្គលិក​របស់​គេ​ក្នុង​រយៈពេល​ដែល​គេស្នាក់​អាស្រ័យនៅ។

២. ទាហាន មន្រ្តី អ្នករដ្ឋការ និយោជិត និង​ភ្នាក់ងារ​បរទេស និស្សិត​ព្រមទាំង​គ្រួសារ​ដែលចូលមក​ព្រះរាជាណាចក្រ​កម្ពុជា ដោយមាន​ការ​អនុញ្ញាតពី​រាជរដ្ឋាភិបាល​កម្ពុជា។

៣. អ្នក​ធ្វើដំណើរឆ្លងកាត់ ជាអ្នករង់ចាំ​មធ្យោបាយ​ធ្វើ​ដំណើរ​មុនពេល​ចេញ​ដំណើរ​ឆ្ពោះ​ទៅកាន់​ទីដៅចុងក្រោយ​របស់ខ្លួន។ ក្នុង​ករណី​នេះ ការស្នាក់​អាស្រ័យ​នៅមិនត្រូវលើសពីមួយ​សប្តាហ៍ លើកលែង​តែ​ក្នុងករណី​ប្រធាន​សក្តិ។

រូបតំណាង

៤. អ្នក​ទេសចរ​ដែលមាន​សំបុត្រ​ត្រឡប់ទៅវិញ ហើយ​រយៈពេល​ស្នាក់​អាស្រ័យ​ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ។

៥. អ្នក​តំណាង​ពាណិជ្ជកម្ម ធនាគារ អ្នក​ប្រកប​មុខរបរ​ផ្សេងៗទៀត ដែលចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលបំណង​បង្កើត​ទំនាក់ទំនង​អំពីកិច្ចការ​ខាងលើ។ ក្នុង​ករណី​នេះ ការស្នាក់​អាស្រ័យមិន​អាចលើសពី ៣ខែ។ ក្នុង​ករណី​មាន​ហេតុផល​ចាំបាច់ ការស្នាក់អាស្រ័យ​នៅនេះ អាច​បន្ត​ទៀត​បាន​រយៈពេល ៣ខែ ជាអតិបរមា តាម​ការអនុញ្ញាត​ពីរាជរដ្ឋាភិបាល​កម្ពុជា។

៦. ជន​បរទេស​រស់នៅ​តាមព្រំប្រទល់​ជាប់នឹង​ខេត្ត​នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ទទួល​ការ​អនុញ្ញាតឱ្យ​ឆ្លងកាត់​ព្រំប្រទល់​ច្រើនដង ឬមួយដងមួយកាល។ លក្ខខណ្ឌ​ផ្សេងៗក្នុងការ​អនុវត្តចំណុច​ទី៦ មាត្រា៧ នៃច្បាប់នេះ ត្រូវ​កំណត់​ដោយអនុក្រឹត្យ។

៧. អ្នក​ធ្វើដំណើរ​ កងនាវិក និងយានិក ដែល​មកសំចត​យកស្បៀង​នៅតាមកំពង់ផែ​សមុទ្រ និង​តាមព្រលានយន្តហោះ។

៨. ជនបរទេស​ដែល​មកធ្វើការ​នេសាទ​នៅតាមឆ្នេរ​សមុទ្រ​នៃព្រះរាជាណាចក្រ​កម្ពុជា ដោយមានការ​អនុញ្ញាតពីរាជរដ្ឋាភិបាល៕

ដកស្រង់ចេញពី៖ ច្បាប់​ស្តីពីអន្តោប្រវេសន៍

;