គួរញ៉ាំអីមុនហាត់ប្រាណ ឬក៏ហាត់ប្រាណរួចបានញ៉ាំអីតាមក្រោយ?
- 2020-06-10 06:09:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរញ៉ាំអីមុនហាត់ប្រាណ ឬក៏ហាត់ប្រាណរួចបានញ៉ាំអីតាមក្រោយ?
ចន្លោះមិនឃើញ
តើអ្នកធ្លាប់គិតទេថា មួយណាល្អជាងរវាងការទទួលទានអាហារមុនពេលហាត់ប្រាណ ឬក៏ក្រោយពេលហាត់ប្រាណ? បើតាមអ្នកជំនាញ ចម្លើយគឺវាជារឿងល្អទាំង២ ប្រសិនការទទួលទាននោះស្ថិតនៅក្នុងលក្ខខណ្ឌត្រឹមត្រូវ។
មូលហេតុអ្វីគួរញ៉ាំអាហារមុនទៅហាត់ប្រាណ?
អ្នកជំនាញបានណែនាំថា អ្នកគប្បីទទួលទានម្ហូប ឬអាហារសម្រន់ មុនធ្វើលំហាត់ប្រាណរយៈពេល ៣ម៉ោង។ អាហារទាំងនោះគួរតែសម្បូរទៅដោយប្រូតេអ៊ីន និងកាបូអ៊ីដ្រាត តែគួរមានជាតិខ្លាញ់តិច។ កាបូអ៊ីដ្រាត ជួយរាងកាយរបស់អ្នកដើម្បីបំពេញតម្រូវការគ្លីកូហ្សែន នៅអំឡុងពេលហាត់ប្រាណ ហើយប្រូតេអ៊ីន នឹងជួយជំរុញចលនាស្តារឡើងវិញនៃសាច់ដុំ។ អាហារទាំងនោះមានដូចជា ចេក ទឹកដោះគោជូរ ស៊ុត និងទឹកផ្លែឈើក្រឡុក ជាដើម។
បើតាមការសិក្សាមួយនៃសកលវិទ្យាល័យ Limerick របស់អៀរឡង់ បានឲ្យដឹងថា អ្នកដែលហាត់ប្រាណយូរជាង១ម៉ោង ហើយបានទទួលទានអាហារទ្រាប់ពោះមុននោះ នឹងទទួលបានលទ្ធផលល្អគាប់ប្រសើរ បើទោះជាមិនសូវបែកញើសច្រើនក៏ដោយ។
ចុះការបរិភោគក្រោយពេលហាត់ប្រាណ?
ក្រោយលំហាត់ប្រាណ រាងកាយច្បាស់ណាស់នឹងត្រូវការរបបអាហារដើម្បីបំពេញកម្លាំងកំហែង ក៏ដូចជាជួសជុល និងបណ្ដុះកោសិកាសាច់ដុំថ្មី។ ការបរិភោគនេះគួរធ្វើឡើងកំឡុងរយៈពេល១៥នាទីបន្ទាប់ពីការហាត់ប្រាណរួច។ មិនខុសពីការទទួលទានអាហារមុនពេលហាត់ប្រាណ របបអាហារទាំងនោះគួរតែសម្បូរទៅដោយប្រូតេអ៊ីន និងកាបូអ៊ីដ្រាតដូចគ្នាអ៊ីចឹងដែរ៕