រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ កម្ពុជា ត្រៀមអង្ករចំនួន ៣ម៉ឺនតោន ជាស្រេចសម្រាប់នាំចេញទៅទីម័រខាងកើត

  • 2020-06-11 01:37:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក អើមេនេហ្គីលដូ គូប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើត ប្រចាំនៅកម្ពុជា និង​បាន​មាន​ប្រសាសន៍​ថា ក្នុងនេះដែរ កម្ពុជាបានរៀបចំត្រៀមអង្ករចំនួន ៣០ ០០០ តោនរួចជាស្រេចសម្រាប់នាំចេញទៅប្រទេសទីម័រខាងកើត ហើយស្នើសុំឲ្យសហភាគីទីម័រខាងកើតពិនិត្យលទ្ធភាព និងផ្ដល់ដំណឹងជូនដល់កម្ពុជាវិញ។ ជំនួប​នេះ​ធ្វើ​ឡើង កាលពី​ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។

លោករដ្ឋមន្រ្ដី ក៏បានលើកឡើងពីអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខារួចហើយ និងស្នើសុំឲ្យពន្លឿនការអនុវត្តអនុស្សរណៈនេះ ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ។ លោករដ្ឋមន្រ្ដី ក៏បានសម្ដែងការស្វាគមន៍ដល់វិស័យឯកជននៃប្រទេសទីម័រខាងកើត បើករោងចក្រកិនស្រូវនៅកម្ពុជា ដើម្បីនាំចេញអង្ករទៅទីម័រខាងកើតវិញផងដែរ។

លោកឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនពីសកម្មភាពមួយចំនួនរបស់រដ្ឋាភិបាលទីម័រខាងកើត ក្នុងកិច្ចសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។ ក្នុងនេះដែរ លោកឯកអគ្គរដ្ឋទូត បានធ្វើការកត់សម្គាល់នូវបំណងក្នុងការនាំចូលអង្ករកម្ពុជាទៅប្រទេសទីម័រខាងកើត ដើម្បីផ្គត់ផ្គងទៅទីផ្សារទីម័រខាងកើត ក្រោយពីបញ្ហាជាប់គាំងនយោបាយនៅប្រទេសទីម័រខាងកើត ត្រូវបានដោះស្រាយ ហើយក៏បានជម្រាបជូនថា ប្រទេសទីម័រខាងកើតមានកសិផលមួយចំនួនដែលអាចនាំចេញមកទីផ្សារកម្ពុជាផងដែរ។

ក្រៅពីនោះ លោកឯកអគ្គរដ្ឋទូត បានជម្រាបជូនថា នៅក្នុងវិស័យប្រេងឥន្ធនៈរបស់ទីម័រខាងកើត គឺកំពុងតែត្រូវការកម្មករ ហើយចំពោះកម្ពុជា រដ្ឋាភិបាលទីម័រខាងកើតនឹងផ្ដល់ការងារក្នុងវិស័យនេះចំនួន ៣ ០០០ កន្លែងជូនដល់កម្ពុជា។ ជាការឆ្លើយតប លោករដ្ឋមន្រ្ដី បានថ្លែងអំណរគុណចំពោះការផ្ដល់ពត៌មានដោយឯកអគ្គរដ្ឋទូតទីម័រខាងកើត និងបញ្ជាក់ពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំង​ពីរ៕

ប្រភព៖ រីក្រសួងពាណិជ្ជកម្ម

អត្ថបទថ្មី
;