ម្ចាស់ផលិតកម្មមួយ រំលឹកពីស្ថានភាពគ្រួសារ និងចរិតពិតរបស់ ទូច ស្រីនិច កាលពីវ័យជំទង់
- 2020-06-11 06:52:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់ផលិតកម្មមួយ រំលឹកពីស្ថានភាពគ្រួសារ និងចរិតពិតរបស់ ទូច ស្រីនិច កាលពីវ័យជំទង់
ចន្លោះមិនឃើញ
ស្ថានភាពគ្រួសារ និងឥរិយាបថរបស់តារាចម្រៀង ទូច ស្រីនិច កាលពីនៅវ័យជំទង់ ត្រូវបានលាតត្រដាងដោយម្ចាស់ផលិតកម្មអង្គរវត្ត ដោយមានភ្ជាប់រូបថតអនុស្សាវរីយ៍ចាស់ៗរបស់តារាចម្រៀងរូបនេះជាច្រើនសន្លឹក។
ផលិតកម្មអង្គរវត្ដដែលមានមូលដ្ឋាននៅលើទឹកដីសហរដ្ឋអាមេរិក ដែលតែងតែគាស់កកាយ និងរំលឹកនូវអនុស្សាវរីយ៍ចាស់ៗរបស់សិល្បករ-សិល្បការិនីខ្មែរ បានសរសេររៀបរាប់តាមបណ្ដាញសង្គមកាលពីពេលថ្មីៗនេះថា រូបថតដែលទូច ស្រីនិច កាន់ពានរង្វាន់នេះ គឺម្ចាស់ផលិតកម្មអង្គរវត្ដ គឺជាអ្នកថតដោយផ្ទាល់ដៃ។
ម្ចាស់ផលិតកម្មរូបនេះបានរំលឹកថា នៅថ្ងៃទី១ គាត់បានជួបឪពុករបស់ទូច ស្រីនិច ហើយនៅថ្ងៃទី២ ឪពុករបស់ទូច ស្រីនិច បាននាំនាងមកជួបតាមការស្នើសុំ។ នាងមានចរិតសុភាព ឈរជិតឪពុកញញឹមយ៉ាងស្រស់ ដោយមិនមានវិចារអ្វីទាំងអស់។
ម្ចាស់ផលិតកម្មបន្ថែមថា គ្រួសារមួយដែលមិនមែនជាគ្រួសារមានសម្បត្ដិមហាសាលមែនពិត ប៉ុន្ដែគឺជាគ្រួសារដ៏មានសុភមង្គលគួរឲ្យគោរព និងជាទីរាប់អានដែលយើងរាល់គ្នាចង់បានមកធ្វើជាមិត្ដភក្ដិ៖ "ខ្ញុំបានជួបឪពុកនាងប៉ុន្មានដងទៀតដែរ កាលពី៧ ឬ៨ឆ្នាំមុន នៅទីក្រុង Stockton រដ្ឋ California ខ្ញុំនឹកនាងជានិច្ច"។
នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មអង្គរវត្ដ បានបង្ហាញរូបថតតារាចម្រៀងទូច ស្រីនិច និងឪពុករបស់នាង ព្រមទាំងអតីតតារាសម្ដែងល្បីឈ្មោះម្នាក់ទៀត គឺអ្នកនាង នារីរត្ន គន្ធា ដែលមានរូបថតសរុបចំនួន១០សន្លឹក។
សូមរំលឹកថា ម្ចាស់សំឡេងឯកបទចម្រៀងមនោសញ្ចេតនាជាច្រើនបទ ហើយមានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំងនៅអំឡុងទស្សវត្សឆ្នាំ២០០០ គឺអ្នកនាង ទូច ស្រីនិច បានរងគ្រោះដោយការបាញ់ប្រហារដោយជនមិនស្គាល់មុខរហូតដល់នាងធ្លាក់ខ្លួនពិការហូតមកដល់បច្ចុប្បន្ន ហើយសព្វថ្ងៃនាងកំពុងសម្ងំរស់នៅលើទឹកដីសហរដ្ឋអាមេរិក៕