អាជ្ញាធរខេត្តកំពង់ចាម សាងសង់ខឿនច្រាំងទន្លេនៅស្រុកកោះសូទិន
- 2020-06-12 02:42:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធរខេត្តកំពង់ចាម សាងសង់ខឿនច្រាំងទន្លេនៅស្រុកកោះសូទិន
ចន្លោះមិនឃើញ
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយម ចុះសិក្សាលក្ខណៈបច្ចេកទេសយ៉ាងម៉ត់ចត់ពីការសាងសង់ខឿនការពារច្រាំងទន្លេដើម្បីបញ្ចៀសនូវផលប៉ះពាល់ពីការបាក់ស្រុត នៅក្នុងភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន បានទទួលរងការបាក់ស្រុតច្រាំងទន្លេកាលពីពេលថ្មីៗ និងប៉ះពាល់ហេដ្ឋរចនាសម័្ពន្ធនៅតំបន់នោះពិសេសផ្លូវកៅស៊ូនៅចំណុចនោះ។
ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តំបន់នោះ ពិសេសបងប្អូនដែលរស់នៅជុំវិញតំបន់រងគ្រោះ ដោយសារការបាក់ស្រុតច្រាំងទន្លេ ក្នុងឃុំពង្រ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ គិតគូពីសុខទុក្ខរបស់បងប្អូន ដោយបានសាងសង់ខឿនការពារច្រាំងទន្លេនេះឡើង ដើម្បីបញ្ចៀសនូវផលវិបាកនាពេលខាងមុខ។
គួរបញ្ចាក់ដែរថា រដ្ឋាបាលខេត្ត បានអនុញ្ញាតិឲ្យ វិស័យឯកជនដែលមានបទពិសោធន៍លើការងារសាងសង់ច្រាំង ធ្វើការសាងសង់ខឿនការពារច្រាំងទន្លេនៅទីតាំងខាងលើនេះដោយប្រើប្រាស់ថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត។ គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមហ៊ុនទទួលការសាងសង់បានបុកបង្គោល បានចំនួន ៥៤ដើម និងបានរៀបថ្មទប់ជើងសំណង់បានប្រវែង ៥៥ម៉ែត្រ។ ការដ្ឋាននេះគ្រោងនឹងសាងសង់ឲ្យទាន់មុនរដូវទឹកតម្លើងឆ្នាំនេះ៕