រដ្ឋបាលខេត្តកែប ពិនិត្យផែនការដើម្បីប្រែក្លាយទៅ «គោលដៅទេសចរណ៍លម្ហែកម្រិតខ្ពស់»
- 2020-06-12 07:01:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋបាលខេត្តកែប ពិនិត្យផែនការដើម្បីប្រែក្លាយទៅ «គោលដៅទេសចរណ៍លម្ហែកម្រិតខ្ពស់»
ចន្លោះមិនឃើញ
រដ្ឋបាលខេត្តកែប បានរៀបចំកិច្ចកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងផែនការទីផ្សារទេសចរខេត្តកែប ២០២០-២០២៤ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។
លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្ត និងជាអនុប្រធានក្រុមការងារបច្ចេកទេសអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្ត បានលើកឡើងថា ផែនការទីផ្សារទេសចរណ៍ខេត្តកែបនេះទទួលបានជោគជ័យ លុះត្រាតែមានការចូលរួមទាំងអស់គ្នា ដើម្បីផ្តល់ជាធាតុចូលដើម្បីអោយផែនការនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ។
លោកប្រធានមន្ទីរទេសចរណ៍ បានបន្ថែមទៀតថាផែនការទីផ្សារទេសចរណ៍ខេត្តកែបនេះ នឹងដើរតួជាផែនទីបង្ហាញផ្លូវសម្រាប់ការធ្វើទីផ្សារទេសចរណ៍ ក្នុងរយៈពេល៥ ឆ្នាំខាងមុខ ប្រកបដោយទស្សនៈវែងឆ្ងាយ ដើម្បីចង្អុលបង្ហាញ និងរួមចំណែកក្នុងកិច្ចខិតខំប្រឹង ប្រែង ដើម្បីទាក់ទាញ “ទីផ្សារទេសចរគុណភាព” តាមរយៈការកាត់ចំណែកទីផ្សារសក្តានុពល ដូចជា “ទេសចរ លំដាប់ខ្ពស់” “ទេសចរវ័យចំណាស់/ ចូលនិវត្តន៍” និង “ ទេសចរធ្វើដំណើរជាមួយគ្រួសារ” ។
លោកស្រី អ៊ុល ភីរុណ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តបានបង្ហាញថា ផែនការទីផ្សារទេសចរណ៍ខេត្តកែប ២០២០-២០២៤នេះ នឹងរួមចំណែកប្រែក្លាយខេត្តកែបឱ្យទៅជា “គោលដៅទេសចរណ៍លម្ហែកម្រិតខ្ពស់” ដ៏ទាក់ទាញមួយនៅកម្ពុជា។ លោកស្រីមានជំនឿជឿជាក់យ៉ាងមុតមាំថា ផែនការទីផ្សារទេសចរណ៍ខេត្តកែប ២០២០២០២៤ នឹងរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យទេសចរណ៍ តាមរយៈការបង្កើតយុទ្ធនាការ និងកម្មវិធីផ្សព្វផ្សាយធនធាន សក្តានុពល ផលិតផលទេសចរណ៍ និងសេវាកម្មទេសចរណ៍សំខាន់ៗក្នុងខេត្ត ឱ្យបានទៅដល់ទីផ្សារគោលដៅ ដោយប្រើប្រាស់នូវ “ប្រព័ន្ធទីផ្សារឌីជីថល” ប្រកបដោយផែនការច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។
ជាចុងបញ្ចប់ លោកស្រីអភិបាលរងខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសអភិវឌ្ឍន៍វិស័យទេសចរណ៍អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់មេត្រូវចូលរួមសហការអនុវត្តផែនការទីផ្សារទេសចរណ៍ដ៏សំខាន់មួយនេះ ឱ្យបានខ្ជាប់ខ្លួនតាមតួនាទី និងភារកិច្ចទទួលខុសត្រូវ និងសូមឱ្យមានការចូលរួមយ៉ាងសកម្មពីផ្នែកឯកជន ដើម្បីរួមគ្នាសម្រេចឱ្យបាននូវចក្ខុវិស័យ គោលបំណង គោលដៅ និងទិសដៅទី ផ្សារទេសចរណ៍ ដែលបានកំណត់ក្នុងផែនការទីផ្សារនេះ សម្រាប់ខេត្តកែបរបស់យើងទាំងអស់គ្នា៕