គីម ជុងអ៊ីល ធ្លាប់​គ្រោង​បង្កាត់​ទន្សាយ​យក្ស ដើម្បី​ដោះស្រាយ​បញ្ហា​ធំ១នៅ​កូរ៉េ​ខាង​ជើង

  • 2020-06-15 01:50:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជា​ដំណោះ​ស្រាយ​ទៅ​នឹង​គ្រោះ​ទុរ្ភិក្ស​នៅ​ក្នុង​ទឹក​ដី​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ីល ធ្លាប់​មាន​បំណង​ចង់​បង្កាត់​ពូជ​សត្វ​ទន្សាយ​​យក្ស​ម៉្យាង ដើម្បី​យក​សាច់​វា​ធ្វើ​ជា​ចំណី​ឲ្យ​ប្រជា​ពលរដ្ឋ​បរិភោគ។ គំនិត​នេះ​ត្រូវ​អតីត​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​​​នឹក​ឃើញ​កាល​ពី​កំឡុង​ឆ្នាំ​២០០៦​កន្លងទៅ បន្ទាប់​ពី​លោក​​បាន​ដឹង​ព័ត៌មាន​​ថា​មាន​បុរស​ម្នាក់​នៅ​អាល្លឺម៉ង់​ចេះ​បង្កាត់​ពូជ​ទន្សាយ​យក្ស​បាន ហើយ​​ទន្សាយ​នេះ​មាន​ទំហំ​ធំ​​ប៉ុន​នឹង​សត្វ​ឆ្កែ។

លោក គីម ជុងអ៊ីល អតីត​មេដឹក​នាំ​កូរ៉េ​ខាង​ជើង
បុរស​សញ្ជាតិ​អាល្លឺម៉ង់​ដែល​បង្កាត់​ពូជ​ទន្សាយ​​រូប​នោះ មាន​ឈ្មោះ​ថា Karl Szmolinsky រស់នៅ​ទីក្រុង​ប៊ែរឡាំង។ លោក គីម ជុងអ៊ីល បាន​ទាក់ទង​ទៅ​លោក Szmolinsky ក្នុង​គោល​បំណង​ហៅ​លោក​មក​ទីក្រុង​ព្យុងយ៉ាង និង​បើក​កសិដ្ឋាន​មួយ​កន្លែង​ដើម្បី​បង្កាត់​ពូជ​ទន្សាយ​យក្ស។ យ៉ាង​ណា​មិញ លោក Szmolinsky បាន​ឆ្លើយ​តប​នឹង​លោក គីម ជុងអ៊ីល ដោយ​ស្មោះ​ត្រង់​​​ថា វា​គឺ​ជា​គំនិត​ដ៏​ឆ្កួត​លីលា​បំផុត។ លោក​ថា ទន្សាយ​នេះ​​​អាច​ផ្ដល់​ទិន្នផល​ជា​សាច់​ត្រឹម​ទម្ងន់​ជិត ៧​គីឡូ​ក្រាម​ប៉ុណ្ណោះ ហើយ​ជា​ពិសេស​នោះ​គឺ​ពួក​វា​ស៊ី​ចំណី​ច្រើន​ណាស់​ដូចជា ការ៉ុត ដំឡូង និង​បន្លែ​ផ្សេងៗ។ បើ​ចង់​បង្កាត់​មែន មាន​តែ​ធ្វើ​ឲ្យ​ស្ថានភាព​​គ្រោះ​ស្រេក​ឃ្លាន​នៅ​កូរ៉េ​ខាង​ជើង​កាន់​តែ​យ៉ាប់យ៉ឺន​ទៅ​វិញ​ទេ។
លោក Karl Szmolinsky

ទោះ​ជា​បែប​នេះ​ក្ដី លោក គីម ជុងអ៊ីល នៅ​តែ​រឹង​ទទឹង​មិន​ស្ដាប់​ដដែល ហើយ​នៅ​​បញ្ជា​ទិញ​ពូជ​ទន្សាយ​យក្ស​ចំនួន ១២​ក្បាល​ពី​លោក Szmolinsky ថែម​ទៀត​ផង ដោយ​​​កាល​នោះ​ក្នុង​១​ក្បាល​តម្លៃ ១១៥​ដុល្លារ។ មួយ​វិញ​ទៀត ឪពុក​របស់​លោក គីម ជុងអ៊ុន នៅ​រក្សា​គំនិត​បង្កើត​កសិដ្ឋាន​ ហើយ​អញ្ជើញ​លោក Szmolinsky ឲ្យ​មក​ជួយ​ដដែល។

លោក គីម បាន​ប្រាប់​ថា ទន្សាយ​ដែល​ទិញ​​ត្រៀម​​មក​​បង្កាត់​នោះ នឹង​ត្រូវ​រក្សា​ទុក​ក្នុង​សួន​សត្វ​កុមារ​មួយ​កន្លែង​នៅ​ទីក្រុង​ព្យុងយ៉ាង រង់ចាំ​២​ទៅ​៣​ខែ​បន្ទាប់​ទម្រាំ​លោក Szmolinsky មក​ដល់។

ប៉ុន្តែ​រឿង​ដែល​ហួស​ចិត្ត​នោះ​គឺ​ថា នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០០៧ លោក Szmolinsky បាន​ទទួល​ទូរសព្ទ​ពី​មន្ត្រី​កូរ៉េ​ខាង​ជើង ដើម្បី​លុប​ចោល​គម្រោង​ធ្វើ​ដំណើរ​ទៅ​​ព្យុងយ៉ាង និង​គម្រោង​បង្កាត់​ពូជ​ទន្សាយ​យក្ស។ មូលហេតុ? បើ​តាម​ការ​ថ្លែង​​ទៅ​កាន់​សារព័ត៌មាន​ក្នុង​ស្រុក Der Spiegel លោក Szmolinsky បាន​រៀបរាប់​ថា បើ​ទោះ​គ្មាន​ភស្តុតាង​ក្ដី តែ​លោក​លេច​ឮ​ដំណឹង​ថា លោក គីម បាន​យក​ទន្សាយ​ទាំង​នោះ​ទៅ​ធ្វើ​ម្ហូប​ទទួល​ទាន​ក្នុង​កម្មវិធី​ខួប​កំណើត​អស់​ហើយ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ។ "កូរ៉េ​ខាង​ជើង​នឹង​មិន​ទទួល​បាន​ទន្សាយ​ពី​ខ្ញុំ​ទៀត​ទេ។ ពួក​គេ​​មិន​បាច់​មក​សួរ​នាំ​ស្អី​ពី​ខ្ញុំ​ទៀត​ឡើយ" នេះ​ជា​ការលើក​ឡើង​របស់​លោក Szmolinsky៕

ប្រភព៖ 11Points | SMH ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;