ក្រុមហ៊ុននៅពីក្រោយការបង្កើតកាមេរ៉ា ៥គ្រាប់លើ Nokia 9 សម្រេចដើរចេញពីជំនួញទូរសព្ទ
- 2020-06-15 06:17:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុននៅពីក្រោយការបង្កើតកាមេរ៉ា ៥គ្រាប់លើ Nokia 9 សម្រេចដើរចេញពីជំនួញទូរសព្ទ
ចន្លោះមិនឃើញ
Light ដែលជាក្រុមហ៊ុននៅពីក្រោយការបង្កើតប្រព័ន្ធកាមេរ៉ា ៥គ្រាប់ដ៏ប្លែកលើ Nokia 9 បានសម្រេចដើរចេញពីឧស្សាហកម្មស្មាតហ្វូន ដោយនិយាយខ្លួនលែងមានប្រតិបត្តិការក្នុងឧស្សាហកម្មនេះតទៀតហើយ។
ក្រុមហ៊ុននេះបានធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងកាលពីឆ្នាំ ២០១៥ នៅពេលដែលប្រកាសចេញកាមេរ៉ា Light L16 ជាកាមេរ៉ាខ្នាតតូចដែលមានឡេនរូបភាពចំនួន ១៦។ ពេលនោះ Light បានបង្អួតលើបច្ចេកវិទ្យានេះ ដោយថាវាអាចបង្កើនសមត្ថភាពលើ HDR និងផលិតបាននូវរូបភាពមាន Resolution ធំជាងធម្មតា។ ប៉ុន្តែកាមេរ៉ានេះទទួលបានមតិចម្រុះ ដោយមានខ្លះត្អូញត្អែរលើតម្លៃ ២ពាន់ដុល្លាររបស់វា មានការរិះគន់លើល្បឿន Process រូបភាព និងសមត្ថភាពខ្សោយពេលថតនៅទីងងឹត។
ក្រោយមកក្រុមហ៊ុនបានសហការជាមួយក្រុមហ៊ុន HMD Global សម្រាប់ការផលិត Nokia 9 PureView ដែលមានបំពាក់កាមេរ៉ាក្រោយដល់ ៥ គ្រាប់។ កាមេរ៉ា ៥គ្រាប់នេះ មានបីជាប្រភេទ Monochrome និងពីរទៀតជាកាមេរ៉ាពណ៌ មានកម្រិត ១២MP ដូចគ្នាទាំងអស់។ វាខុសប្លែកពីស្មាតហ្វូនដទៃ ដែលយ៉ាងហោចណាស់ក៏មានកាមេរ៉ា Ultra-Wide ឬ Telephoto មកជាមួយដែរ។
កាមេរ៉ា ៥គ្រាប់លើ Nokia 9 PureView គឺវាដំណើរការដោយប្រើប្រាស់កាមេរ៉ាទាំង ៥គ្រាប់ ចាប់យករូបភាពក្នុងពេលតែមួយ រួចផលិតចេញជារូបភាពតែមួយសន្លឹក។ ចំណុចខ្លាំងរបស់ប្រព័ន្ធកាមេរ៉ានេះគឺការកំណត់ជម្រៅរូបភាព ប៉ុន្តែដំណើររបស់វាមានល្បឿនយឺតមិនទាន់ចិត្តឡើយ។
ពេលដែល Nokia 9 PureView ប្រកាសចេញ ក្រុមហ៊ុនដទៃដូចជា Google, Apple និង Huawei បានរកឃើញវេទមន្តផ្ទាល់ខ្លួនរបស់គេជាមួយ Smart HDR ដែលដំណើរការដោយ AI ដោយវាអាចដាក់បញ្ចូលរូបភាពច្រើនសន្លឹកដែលថតបានពីកាមេរ៉ាតែមួយដាក់បញ្ចូលគ្នា ក្លាយជារូបភាពតែមួយ ដែលមានដំណើរការលឿនជាងការប្រមូលរូបភាពពីកាមេរ៉ាចំនួន ៥ រួចដាក់បញ្ចូលគ្នារបស់ Nokia 9 PureView។
នៅលើវិបសាយរបស់ក្រុមហ៊ុន Light នាពេលនេះ មានប្រាប់ឲ្យដឹងថាក្រុមហ៊ុនកំពុងផ្ដោតលើការបង្កើត Platform វាស់ជម្រៅ 3D ផ្ទាល់ៗមួយ ដែលអាចឲ្យយានយន្តមើលឃើញដូចជាមនុស្សអ៊ីចឹង៕