រាងកាយកំពុងខ្វះវីតាមីន C ធ្ងន់ធ្ងរហើយ បើលេចចេញសញ្ញាទាំង ១០ នេះ
- 2020-06-16 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រាងកាយកំពុងខ្វះវីតាមីន C ធ្ងន់ធ្ងរហើយ បើលេចចេញសញ្ញាទាំង ១០ នេះ
ចន្លោះមិនឃើញ
រាងកាយរបស់មនុស្សត្រូវការវីតាមីនC ជាចាំបាច់ដើម្បីអាចជួយឲ្យរបួសឆាប់ជា ឆ្អឹងនិងធ្មេញរឹងមាំ និងជួយស្រូបយកជាតិដែកចូលទៅក្នុងខ្លួនបានល្អ។ យោងតាមបណ្ណាល័យវេជ្ជសាស្ត្រជាតិនៃសហរដ្ឋអាមេរិក បានអះអាងថា វីតាមីន C អាចជួយបង្កើតប្រូតេអ៊ីនជាច្រើនប្រភេទ សម្រាប់សុខភាពស្បែកសរសៃពួរ សរសៃចង និងសេសៃឈាមផងដែរ។
ខាងក្រោមនេះជាសញ្ញា ១០ យ៉ាង បញ្ជាក់រាងកាយរបស់អ្នកកំពុងតែខ្វះវីតាមីន Cហើយ។
១. លេចចេញស្នាមជ្រីវជ្រួញច្រើនខុសពីធម្មតា
ដរាបណាអ្នកគ្មានវីតាមីនC គ្រប់គ្រាន់ ស្បែកនឹងជួបប្រទះនូវបញ្ហានានាដូចជា រឹងគ្រើម មានស្នាមជ្រួញ មានស្នាមជាំ ឬចេញឈាមនៅតាមគល់រោមជាដើម។
២. សក់ងាយដាច់ផុយមិនរឹងមាំ
សក់របស់អ្នកមានសភាពបែបចុង ឆាប់ដាច់និងផុយខ្លាំងណាស់។ ប្រសិនបើអ្នកធ្លាប់តែមានសក់ក្រាស់រឹងមាំ ប៉ុន្តែឥលូវប្រែជាទន់ខ្សោយប្លែកជាងពីមុន មានន័យថាអ្នកកំពុងតែខ្វះវីតាមីន C ធ្ងន់ធ្ងរមែនទែនហើយ។
៣. ឈាមអញ្ចាញធ្មេញ
សារធាតុខូឡាជែនជំនួយការដ៏ល្អសម្រាប់ស្បែក ឆ្អឹង អញ្ចាញធ្មេញនិងធ្មេញ។ វីតាមីន C មានតួនាទីសំខាន់ក្នុងការផលិតខូឡាជែន ហើយបើគ្មានវាទេ រាងកាយអ្នកនឹងជួបប្រទះបញ្ហាទាំងនោះ។ ជាពិសេសអញ្ចាញធ្មេញរបស់អ្នកឆាប់រោលរលាក រហូតដល់មានចេញឈាមជាដើម។
៤. ពុកធ្មេញ
ធ្មេញកើតចេញពីសារធាតុម្យ៉ាងដែលមានឈ្មោះថា Dentine ហើយវាជាជាលិកាដែលពឹងផ្អែកលើវីតាមីន C ដើម្បីមានសុខភាពល្អ ដូច្នេះបើខ្វះវីតាមីន C ធ្មេញនឹងចាប់ផ្តើមពុកបន្តិចម្តងៗ។ ជាពិសេសសម្រាប់អ្នកដែលមិនសូវចូលចិត្តញ៉ាំបន្លែនិងផ្លែឈើស្រស់ មានហានិភ័យខ្ពស់ក្នុងការប្រឈមនឹងបញ្ហាមួយនេះ។
៥. ឆាប់មានស្នាមជាំ
បើរាងកាយរបស់អ្នកងាយនឹងមានស្នាមជាំ វាសញ្ញាច្បាស់ៗបញ្ជាក់ថារាងកាយអ្នកកំពុងតែខ្វះវីតាមីន Cហើយ។ ដោយសារតាមការធ្វើពិសោធទៅលើអ្នកជំងឺដោយតម្រូវឲ្យលេបវីតាមីន C ឲ្យបានគ្រប់គ្រាន់ជាប្រចាំសង្កេតឃើញថា ស្នាមជាំដែលកើតមានលើរាងកាយ ចាប់ផ្តើមបាត់ទៅវិញយ៉ាងរហ័ស។
៦. មុខរបួសក្រជាសះស្បើយ
មុខរបួសស្រាលៗ អាចជាសះស្បើយទៅវិញក្នុងរយៈពេលប្រមាណពី ៣-៧ ថ្ងៃ។ ហេតុនេះហើយបើរបួសរបស់អ្នកត្រូវការពេលយូរខ្លាំងដល់ទៅរាប់សប្តាហ៍ទម្រាំជាសះស្បើយ មានន័យថាអ្នកក៏កំពុងតែខ្វះវីតាមីន C ខ្លាំងណាស់ដែរ។
៧. ឈឺសន្លាក់
វាជាសញ្ញាទូទៅដែលតែងកើតមាននៅពេលរាងកាយខ្វះវីតាមីន C។ ដោយសារវីតាមីន C មានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចតតាំងនឹងអាការៈរលាកឈឺសន្លាក់។
៨. អ្នកឆាប់អស់កម្លាំងជាងពេលធម្មតា
ភាពឆាប់នឿយហត់អស់កម្លាំង ក៏ជាសញ្ញានៃការខ្វះវីតាមីនC ដែរ។ អ្នកមានអារម្មណ៍ងងុយគេងខុសពីធម្មតា និងមិនសូវមានកម្លាំងកំហែងពេញលេញ។
៩. ក្រចកឆាប់បាក់ឬរហែក
ប្រសិនបើអ្នកមានក្រហកផុយឆាប់បាក់ឬរហែក អាចបណ្តាលមកពីកង្វះវីតាមីន C។ ដោយសារវីតាមីន C អាចស្រូបយកជាតិដែកចូលទៅក្នុងរាងកាយ ហើយការខ្វះជាតិដែកជាហេតុនាំឲ្យក្រចករបស់អ្នកមិនរឹងមាំ។
១០. ឧស្សាហ៍ចេញឈាមតាមច្រមុះ
វីតាមីន C អាចជួយបណ្តុះនិងជួសជុលកោសិកាទាំងអស់នៅក្នុងរាងកាយ បូករួមទាំងសរសៃឈាមផងដែរ។ ការខ្វះវីតាមីន C បណ្តាលឲ្យសរសៃឈាមចុះខ្សោយ ជាពិសេសផ្នែកច្រមុះ ដែលតែងមានចេញឈាមជាញឹកញាប់។
ដើម្បីបញ្ចៀសពីបញ្ហាទាំងអស់នោះ អ្នកគួរបរិភោគប្រភេទអាហារដែលមានវីតាមីន C ខ្ពស់ជាប្រចាំ៕
ចុចអានបន្ត៖ ២ តិចនិកប្រើម្រាមដៃ ដើម្បីវាស់កម្រិតជាតិខ្លាញ់នៅក្នុងរាងកាយរបស់អ្នក