សម្តេច ហ៊ុន សែន រំលឹកពីការត្រៀមចាក់ម្ជុលទម្លុះបំពង់កធ្វើអត្តឃាត បើត្រូវវៀតណាមបញ្ជូនមកកម្ពុជាវិញ
- 2020-06-19 01:27:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន រំលឹកពីការត្រៀមចាក់ម្ជុលទម្លុះបំពង់កធ្វើអត្តឃាត បើត្រូវវៀតណាមបញ្ជូនមកកម្ពុជាវិញ
ចន្លោះមិនឃើញ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលឹកថា ជម្រើសចុងក្រោយ សម្តេច នឹងធ្វើអត្តឃាតដោយចាក់ម្ជុលទម្លុះបំពង់ក ប្រសិនបើវៀតណាម ចាប់បញ្ជូនសម្តេចមកកម្ពុជាវិញ ក្នុងអំឡុងពេលដែលសម្តេចពឹងពាក់វៀតណាម មកវាយបណ្តេញប៉ុលពត ក្នុងឆ្នាំ១៩៧៧។ នេះបើតាមភាពយន្តឯកសារជាតិ «ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ»។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា មុនទៅពឹងពាក់វៀតណាមនោះ គឺសម្តេចមានជម្រើសជាច្រើនដូចជា៖
-ក្រោកឈរឡើង វាយរំលំរបបប៉ុលពត។ សម្តេចមានកម្លាំងទ័ពជាង ២ពាន់នាក់ អាចវាយដណ្តើមកាន់កាប់ស្រុកមេមត់ ខេត្តកំពង់ចាម និងស្រុកស្នួល ខេត្តក្រចេះ ដើម្បីធ្វើជាមូលដ្ឋានតស៊ូប្រដាប់អាវុធ។ ប៉ុន្តែសម្តេចបានប៉ាន់ស្មានថា ការបះបោរបែបនេះ មានរយៈពេលមិនដល់១ខែទេ នឹងត្រូវស្លាប់ក្នុងថ្លុកឈាម ដោយប៉ុលពតជាមិនខាន។
-ត្រូវតែដកខ្លួនចេញ ហើយភៀសខ្លួនទៅវៀតណាម ដើម្បីស្នើសុំវៀតណាម រៀបចំចលនាតស៊ូរំដោះប្រទេសសាជាថ្មី។ សម្តេចយល់ថាត្បិតតែជម្រើសនេះ ប្រសើរជាងជម្រើសទី១ ប៉ុន្តែក៏នៅតែមានគ្រោះថ្នាក់ដែរ ព្រោះប៉ុលពត ក៏ធ្លាប់បើកការវាយប្រហារទៅលើតំបន់មួយចំនួនក្នុងប្រទេសវៀតណាមរួចស្រេចទៅហើយ។
-សម្តេច ហ៊ុន សែន បានចោទសួរថា នៅពេលដែលសម្តេចឆ្លងដែនទៅវៀតណាម ថាតើសម្តេចនឹងអាចស្លាប់ដោយជាន់មីន ឬដោយការបាញ់សម្លាប់របស់ទាហានវៀតណាមឬទេ? តើសម្តេចអាចជាប់គុក ដោយការឆ្លងព្រំដែនខុសច្បាប់ដែរឬទេ ហើយតើវៀតណាម សុខចិត្តជួយសម្តេចឬទេ? ហើយសំណួរចុងក្រោយគឺថាតើវៀតណាម អាចចាប់បញ្ជូនសម្តេចមកឲ្យប៉ុលពតវិញដែរឬទេ? ពេលនោះសម្តេច ហ៊ុន សែន បានត្រៀមម្ជុល ១២ដើមដែលទុកក្នុងហោប៉ៅ ដើម្បីត្រៀមធ្វើអត្តឃាត ចាក់ទម្លុះបំពង់កខ្លួនឯង ក្នុងករណីដែលវៀតណាម បញ្ជូនសម្តេចមកកម្ពុជាវិញ។
សូមជម្រាបថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ គឺជាខួប ៤៣ឆ្នាំនៃការចាប់ផ្តើមជីវិតតស៊ូរបស់សម្តេច ហ៊ុន សែន ក្នុងការរំដោះប្រជាជនខ្មែរចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត៕
សូមទស្សនាវីដេអូខាងក្រោម៖