ក្រសួងបរិស្ថាន លើកទឹកចិត្តដល់សហគមន៍ក្នុងខេត្តកោះកុងបង្កើនការចិញ្ចឹមខ្យងចំពុះទា

  • 2020-06-19 03:38:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក នេត្រ ភក្រា្ត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា ខ្យងមួយប្រភេទនេះនៅបរទេសគេល្បីល្បាញឈ្មោះណាស់ ដោយសារវាមានរស់ជាតិឆ្ងាញ់ ប៉ុន្តែសម្រាប់នៅប្រទេសកម្ពុជាវិញ ប្រជាពលរដ្ឋហាក់មិនសូវស្គាល់ទេ ដោយហេតុនេះហើយទើបក្រសួងទាក់ទាញឲ្យភោជនីយដ្ឋានប្រចាំសណ្ឋាគារល្បីៗ និងភោជនីយដ្ឋានធំៗនៅកម្ពុជាចាប់អារម្មណ៍បង្កើតមុខម្ហូប ដែលនឹងជួយឲ្យប្រជាសហគមន៍ចិញ្ចឹមខ្យងចំពុះទាបានទទួលទីផ្សារកាន់ធំ និងអាចពង្រីកមុខរបរនេះកាន់តែច្រើនដើម្បីលើកស្ទួយជីវភាពឲ្យកាន់តែធូរធារ ខណៈខ្យងប្រភេទនេះមានតម្រូវការទីផ្សារខ្ពស់ដែលនឹងជួយដល់ជីវភាព និងសេដ្ឋកិច្ចគ្រួសារកាន់តែប្រសើរឡើង។។

ថ្លែងក្នុងឱកាសដឹកនាំប្រតិភូដែលជាក្រុមចុងភៅប្រចាំសណ្ឋាគារធំៗ និងភោជនីយដ្ឋានល្បីៗនៅកម្ពុជាចុះពិនិត្យការចិញ្ចឹមខ្យងចំពុះទា និងការកែច្នៃផលនេសាទនៅខេត្តកោះកុង ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមិថុនានេះ ឯកឧត្តម បានឲ្យដឹងថា នៅបរទេសខ្យងប្រភេទនេះ មានតម្លៃចាប់ពីជិត១០ដុល្លារ​ឡើងទៅ ប៉ុន្តែសម្រាប់ប្រជាសហគមន៍នៅខេត្តកោះកុង អាចចិញ្ចឹមលក់បាន ក្នុងមួយគីឡូក្រាមថ្លៃត្រឹមតែ២.៥០០ ដល់៣.០០០រៀលប៉ុណ្ណោះ ដោយសារតែខ្វះទីផ្សារ និងការ​ចាប់​អា​រម្មណ៍ពីប្រជាជនចំពោះគុណប្រយោជន៍របស់វា ទៅលើមុខម្ហូបដែលមានរស់ជាតិឆ្ងាញ់។

បើតាមការបញ្ជាក់ពីលោក មាស រិទ្ធី អនុប្រធាននាយកដ្ឋានអភិរក្សសមុទ្រ និងតំបន់ឆ្នេរ នៃក្រសួងបរិស្ថាន បានឲ្យដឹងថា ប្រជាសហគមន៍ដែលកំពុងចិញ្ចឹមខ្យងចំពុះទានៅក្នុងខេត្តកោះកុងមានចំនួន៣កន្លែង ស្ថិតនៅក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃពាមក្រសោប ដែលទី១មាននៅតំបន់មុខលំហរពាមក្រសោបចាស់ ទី២មាននៅកោះកាង និងទី៣នៅចំណុចឡាំដាំជាប់នឹងឈូងជ្រោយប្រស់។

សូមបញ្ជាក់ថា កន្លងមកប្រជាសហគមន៍ចិញ្ចឹមខ្យងចំពុះទាលក់នៅខេត្តកោះកុង បាននាំចេញទៅលក់ឲ្យប្រទេសជិតខាងក្នុងតម្លៃមួយទាប។ ហេតុនេះហើយ ទើបក្រសួងបរិស្ថាន បានទាក់ទាញបណ្តាសណ្ឋាគារធំៗ និងភោជនីយដ្ឋានល្បីៗនៅកម្ពុជា ចូលរួមទិញខ្យងប្រភេទនេះពីប្រជាពលរដ្ឋ ដើម្បីលើកទឹកចិត្តដល់សហគមន៍ក្នុងការបង្កើនការចិញ្ចឹម៕

ប្រភព៖ ក្រសួអព័ត៌មាន

អត្ថបទថ្មី
;