ក្នុង១ឆ្នាំ សហគមន៍ពាមក្រសោបប្រមូលបានគ្រំចំពុះទាជាង ១ម៉ឺនតោន

  • 2020-06-22 09:26:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ក្នុង១ឆ្នាំ សហគ​មន៍នេសាទផលសមុទ្រនៅពាមក្រសោប ខេត្តកោះកុង ប្រមូលបានគ្រំចំពុះទាពីការចិញ្ចឹមជាង ១ម៉ឺនតោន សម្រាប់នាំចេញទៅប្រទេសថៃ និងវៀតណាម ខណៈទីផ្សារក្នុងស្រុកមិនសូវចាប់អារម្មណ៍លើផលិតផលវារីវប្បកម្មមួយនេះ។ មន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបន្ថែមថា ប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះជាង៧០ភាគរយ បានប្រកបរបរចិញ្ចឹមគ្រំចំពុះទា ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ បន្ថែមពីមុខរបរនេសាទសមុទ្រ។

ថ្លែងក្នុងឱកាសដឹកនាំក្រុមចុងភៅប្រចាំសណ្ឋាគារ និងភោជនីយដ្ឋានធំៗនៅកម្ពុជាចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមគ្រំចំពុះទានៅសហគមន៍ពាមក្រសោប ខេត្តកោះកុង នាចុងសប្តាហ៍នេះ ឯកឧត្តម នេត្រ ភក្ត្រា បានលើកទឹកចិត្តដល់ប្រជាសហគមន៍នេះ រៀបចំចិញ្ចឹមឲ្យបានល្អ ព្រមទាំងមានការវេចខ្ចប់ឲ្យបានល្អ ដើម្បីបំពេញតាមស្តង់ដារអនាម័យរបស់សណ្ឋាគារ ឬភោជនីយដ្ឋានធំៗ ដែលនឹងបញ្ជាទិញ សំដៅធ្វើយ៉ាងណាទទួលបានតម្លៃទីផ្សារខ្ពស់។

បើតាមការឲ្យដឹងរបស់លោក វង់ ដារ៉ា ជាអ្នកចិញ្ចឹមគ្រំចំពុះទា ក្នុងតំបន់សហគមន៍ពាមក្រសោប ខេត្តកោះកុង បានបញ្ជាក់ថា គ្រំចំពុះទាមិនទាន់មានទីផ្សារនៅក្នុងប្រទេសកម្ពុជានៅឡើយទេ ដោយការចិញ្ចឹមរបស់ប្រជានេសាទ គឺពឹងទាំងស្រុងទៅលើឈ្មួញមកពីប្រទេសថៃ និងវៀតណាម ដែលគេទិញក្នុងតម្លៃចន្លោះពី១.០០០រៀល ទៅ ៣.០០០រៀល ក្នុង១គីឡូក្រាម ទៅតាមទំហំ និងរដូវកាលប្រមូលផល។ លោកបានបន្តថា គ្រំសមុទ្រប្រភេទនេះ អាចប្រមូលផលបានចាប់ពីខែតុលា ដល់ខែមេសា បន្ទាប់ពីពួកវាធ្វើការការពងកូនក្នុងរយៈពេល៦ខែ។ ប៉ុន្តែលោកថា គ្រំដែលធំល្អ គឺមានអាយុ១២ខែ នៃការចិញ្ចឹម។

បើតាមការបញ្ជាក់ពីក្រុមចុងភៅប្រចាំសណ្ឋានគារឡឺរ៉ូយ៉ាល់ បានឲ្យដឹងថា គ្រំចំពុះទានេះមានឱជារសឆ្ងាញ់ជាងគ្រំ ឬខ្យងទឹកសាប ហើយគេអាចច្លៃ ធ្វើម្ហូបដូចជា៖ ស្លរម្ជូរគ្រឿង, ឆាក្រៀម, ញាំ, ឆាក្តៅ ស្ងោជ្រក់, ស្រុះ និងយកទៅកែច្នៃជាម្ហូបបែបអឺរ៉ុប ជាដើម។ មុខម្ហូបដែលច្នៃពីគ្រំចំពុះទានេះ មានតម្លៃជាង១០ដុល្លារ និងមានគ្រំតែ៥ ឬ៦គ្រាប់តែប៉ុណ្ណោះ៕

ប្រភព៖ ក្រសួងបរិស្ថាន

អត្ថបទថ្មី
;