ជប៉ុន​សម្រេច​ប្តូរឈ្មោះ​កោះ​ដែលកំពុងមានជម្លោះ​ជាមួយ​ចិន

  • 2020-06-23 02:17:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សភាក្រុង​ Ishigaki ប្រទេស​ជប៉ុន កាលពីថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ​២០២០ បាន​អនុម័ត​យល់ព្រម​ប្តូរឈ្មោះប្រជុំកោះ​ដែល​កំពុងមាន​ជម្លោះ​ជាមួយចិននៅសមុទ្រចិនខាងកើត ថាជាកោះ «តូណូហ្ស៊ីរ៉ូ សេនកាគូ (Tonoshiro Senkaku)» ខណៈ​ដែលចិនហៅកោះនេះថា « ទាវយូ (Diaoyu)»។

ឈ្មោះកោះ​ថ្មីនេះ ជប៉ុន​នឹងប្រើប្រាស់​ជាផ្លូវការចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ​២០២០។

គួរដឹងថា អភិបាលក្រុង Ishigaki លោក Yoshitaka Nakayama បាន​បញ្ជូនសេចក្តីព្រាងច្បាប់ដើម្បី​ផ្លាស់ប្តូរឈ្មោះ​កោះខាងលើ គឺ​បន្ទាប់ពីមានករណី​ទូកនេសាទ​ជប៉ុន ត្រូវ​ទូកល្បាត​ចិន បណ្តេញចិន​ក្នុងដែន​ទឹកជប៉ុន នៅជិត​ប្រជុំកោះនេះ កាលពីដើមខែមេសា។ ប៉ុន្តែលោកបែរជាបកស្រាយថា ការស្នើផ្លាស់ប្តូរឈ្មោះនេះ គឺ​ដើម្បី​ងាយស្រួល​ដល់ការគ្រប់គ្រង​ការងារ​រដ្ឋបាល​តែប៉ុណ្ណោះ។

ជុំវិញ​ការផ្លាស់ប្តូរ​ឈ្មោះនេះ ចិន​មិននៅស្ងៀមឡើយ ពោលគឺ​ក្រសួង​ការបរទេសចិន បាន​ហៅ​សកម្មភាពនេះថា ជាការបង្កហេតុ​យ៉ាងធ្ងន់ធ្ងរមកលើ​អធិបតេយ្យភាព​របស់​ខ្លួន។

លោក Zhao Lijian អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន បាន​ថ្លែងក្នុងសន្និសីទ​ថា កោះទាវយូ គឺ​ជាផ្នែកមួយ​ដែលមិនអាចកាត់ផ្តាច់ពី​ចិន​បានឡើយ ហើយ​ចិន​នឹង​ការ​ពារ​អធិបតេយ្យភាពរបស់ខ្លួន។ ចិន​នឹង​ប្តឹងតវ៉ា​ចំពោះ​ការផ្លាស់ប្តូរឈ្មោះ ហើយមានសិទ្ធិ​ចាត់វិធានការឆ្លើយតប​វិញផងដែរ៕

ប្រភព៖ Japantimes | CGTN

អត្ថបទថ្មី
;