អណ្តើកហ្លួង ២ក្បាលត្រូវបានប្រជាពលរដ្ឋប្រគល់ឱ្យក្រសួងបរិស្ថានធ្វើការអភិរក្ស

  • 2020-06-24 06:32:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ


អណ្តើកហ្លួងចំនួន ២ក្បាលត្រូវបានប្រជាពលរដ្ឋប្រគល់ឱ្យក្រសួងបរិស្ថានធ្វើការអភិរក្ស ក្រោយពីបានទទួលទិញពីអ្នកនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុង។ ពិធីប្រគល់សត្វអណ្តើហ្លួងនេះធ្វើឡើងនៅ ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២០ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា អណ្តើកហ្លួងទាំង២ក្បាលនេះ ត្រូវប្រគល់បន្តទៅឲ្យអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា ហៅកាត់ WCS ដើម្បីធ្វើការអភិរក្ស។ ឯកឧត្តម បានកោតសរសើរចំពោះការស្ម័គ្រចិត្តដោយលះបង់ថវិកាផ្ទាល់ខ្លួន ក្នុងការចូលរួមសង្គ្រោះសត្វព្រៃនិងចូលរួមថែរក្សា និងអភិរក្សប្រភេទសត្វអណ្តើកកម្រនេះរបស់ក្រុមគ្រួសារលោកស្រី ឡាយ ផុនថេង។ លោកមានប្រសាសន៍ថា ការបញ្ឈប់ការបរិភោគសត្វព្រៃរបស់ប្រជាពលរដ្ឋ នឹងបញ្ចប់បាននូវការបរបាញ់ និងការជួញដូរខុសច្បាប់។

លោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សអណ្តើកហ្លួងនៃអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា(WCS) មានប្រសាសន៍ថា អណ្តើកហ្លួងនឹងបញ្ជូនទៅមជ្ឈមណ្ឌលសង្គ្រោះ និងអភិរក្សសត្វល្មូនមួយកន្លែងនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង តាំងពីឆ្នាំ២០០៦មក។ អ្នកជំនាញរូបនេះ បានសន្និដ្ឋានថា អណ្តើកហ្លួងទាំងពីរក្បាលនេះមានអាយុប្រហែល១៤ឆ្នាំ ខណៈអាយុកាលរស់របស់វាត្រូវបានប៉ាន់ស្មានថា មានជាង១០០ឆ្នាំឡើងទៅ។ លោកឱ្យដឹងថា អណ្ដើកហ្លួងញីអាច មានទំហំរហូតដល់៦០សង្ទីម៉ែត្រ និងអាចបន្តពូជនៅអាយុ២០ឆ្នាំ ខណៈឈ្មោលអាចមានទំហំ៤៩សង្ទីម៉ែត្រ។

អណ្ដើកហ្លួង ធ្លាប់ត្រូវបានគេគិតថា ផុតពូជពីកម្ពុជាទៅហើយ រហូតដល់ឆ្នាំ២០០០ នៅពេលរដ្ឋបាលជលផល និងអង្គការWCS បានសិក្សាស្រាវជ្រាវ និងរកឃើញចំនួនសេសសល់តិចតួចរបស់វាមាននៅតាមប្រព័ន្ធព្រែកស្រែអំបិលក្នុងប្រទេសកម្ពុជា។ មន្ត្រីគម្រោងអភិរក្សអណ្តើកហ្លួងនៃអង្គការWCS បានឱ្យដឹងថា បច្ចុប្បន្ន កូនអណ្តើកហ្លួងចំនួន៤៥០ក្បាល បានស្ថិតក្នុងចិញ្ចឹមក្នុងមជ្ឈមណ្ឌលសង្គ្រោះ និងអភិរក្សសត្វល្មូនក្នុងស្រុកស្រែអំបិល ខណៈពូជអណ្តើកប្រភេទនេះស្ថិតក្នុងវ័យជំទង់ចំនួន៨៦ក្បាលទៀត ត្រូវបានព្រលែងឱ្យទៅរស់នៅតាមបែបធម្មជាតិ។

អណ្តើកហ្លួង ជាប្រភេទល្មូនដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ ហៅកាត់ IUCN ជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ ក្នុងចំណោមអណ្តើកទាំង២៥ប្រភេទដែលកំពុងរងគ្រោះថ្នាក់ខ្លាំងជាងគេនៅលើភពលោក។ អណ្ដើកប្រភេទកម្រនេះ ត្រូវបានរងការគម្រាមគំហែងដោយការកាប់បំផ្លាញព្រៃលិចទឹក ការនេសាទខុសច្បាប់ដូចជា ការប្រើប្រាស់ឧបករណ៍ឆក់ត្រី ការដាក់សន្ទូច ឧបករណ៍ហាមឃាត់នានា ការនេសាទក្នុងតំបន់ហាមឃាត់ ជាដើម ជាពិសេសការបូមខ្សាច់បានបំផ្លាញទីតាំងសម្រាប់អណ្ដើកហ្លួងពងកូន ដែលធ្វើឱ្យចំនួនអណ្ដើកហ្លួងកាន់តែថយចុះយ៉ាងខ្លាំងដែលអាចឈានដល់ផុតពូជនាពេលខាងមុខ បើមិនមានការការពារត្រឹមត្រូវ៕

ប្រភព៖ ក្រសួងបរិស្ថាន

;