៣សប្ដាហ៍ក្នុងខែមិថុនា ភ្ញៀវទេសចរជាង ៤៥ ម៉ឺននាក់ចេញដើរកម្សាន្តទូទាំងប្រទេស

  • 2020-06-25 01:37:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ក្នុងរយៈពេល ៣សប្តាហ៍ នៃខែមិថុនា ឆ្នាំ២០២០ មានចំនួនសរុប ៤៥២ ៦៩២ នាក់ កើនឡើង ៧.២៤% ធៀបនឹងរយៈពេល៣សប្តាហ៍ នៃខែឧសភា កន្លងមក។

លោករដ្ឋមន្ត្រីបានបន្តថា ក្នុងចំណោមភ្ញៀវទាំងនោះមានជាតិចំនួន ៤៤១,៣៩៧ នាក់ កើនឡើង ៦.៦១% និងភ្ញៀវបរទេសមានចំនួន ១,២៩៥ នាក់ កើនឡើង ៣៩.៣៤%។

លោកបានបន្តទៀតថា ខេត្តតំបន់ឆ្នេរ (ពិសេសខេត្តកំពត និងកែប) នៅតែជាគោលដៅទេសចរណ៍សំខាន់ដែលបានទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងច្រើន (ជិត ៥០% នៃទេសចរផ្ទៃក្នុងសរុប)។ ចំណែកឯខេត្តសៀមរាប ក៏នៅតែបន្តបង្ហាញសញ្ញានៃការងើបឡើងជាបណ្តើរៗ ខណៈមូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួន ពិសេសសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន បានបើកដំណើរការអាជីវកម្មឡើងវិញជាធម្មតា។

ជាមួយការបន្តងើបឡើងវិញនូវចលនាទេសចរណ៍ផ្ទៃក្នុងនេះ ក្រសួងទេសចរណ៍បានពង្រឹងកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ក្នុងការជំរុញអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្ម ៦ ប្រភេទ ដើម្បីទប់ស្តាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលរួមមានសេវាស្នាក់នៅ ភោជនីយដ្ឋាន ការដឹកជញ្ជូនទេសចរណ៍ផ្លូវគោក ការដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍៕

ប្រភព៖ ក្រសួងទេសចរណ៍

;