កម្ពុជា ផលិត​ខ្សែភាពយន្ត​ ៣រឿង ពាក់ព័ន្ធនឹង​ចរាចរណ៍ផ្លូវគោក

  • 2020-06-26 01:40:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​សហការ​ជាមួយ​សមាគម​សហភាព​យន្ត​នៃ​កម្ពុជា ផលិត​ខ្សែភាពយន្ត​ខ្លី​ចំនួន​បី ស្ដីពី​ការអប់រំ និង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ដើម្បី​រួមគ្នា​កាត់បន្ថយ​អត្រា​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ដងផ្លូវ ខណៈ​ឆ្នាំ​២០២០​នេះ កម្ពុជា​បានប្រកាស​អាសន្ន​ចំពោះ​កំណើន​នៃ​អ្នកស្លាប់​មានការ​កើនឡើង​ខ្ពស់​ ។​

ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់ កម្មវិធី​ក្រុង​ពាលី​ផលិត​រឿង​ខ្លី​អប់រំ​ដើម្បី​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក កាលពី​រសៀល​ថ្ងៃទី ២៥ មិថុនា​ នៅ​សមាគម​សហភាព​យន្ត​នៃ​កម្ពុជា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡុង ធូ អនុប្រធាននាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​បញ្ជាក់ថា ការផលិត​ខ្សែភាពយន្ត​អប់រំ​ខ្លី​ចំនួន​បី​នេះ គឺធ្វើឡើង​ស្របពេល​ជាមួយ​យុទ្ធនាការ​របស់​រដ្ឋាភិបាល​ដែល​ដាក់​អនុវត្ត​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក។

លោក​បន្តថា ​ការផលិត​ខ្សែភាពយន្ត​ខ្លី​នេះ គឺ​បានការ​អនុញ្ញាត​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​បញ្ជ្រាប​ការយល់ដឹង​អំពី​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ដល់​ប្រជាពលរដ្ឋ ។ នេះ​គឺជា​សិ​ល​ល្បៈ​មួយ​ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​សង្គម។​

លោក ឡុង ធូ បានបង្ហាញ​ការរំពឹងទុក​ថា បន្ទាប់ពី​សហការ​ជាមួយ​សមាគម​សហភាព​យន្ត​នៃ​កម្ពុជា​ផលិត​ខ្សែភាពយន្ត​ខ្លី​ចំនួន​បី​នេះ ប្រជាពលរដ្ឋ​ប្រាកដជា​ទទួល​ការយល់ដឹង​ច្រើន​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​បាន​ប្រើប្រាស់​ផ្លូវ​ធ្វើដំណើរ​ឲ្យ​បាន​ត្រឹមត្រូវ​ជៀសផុត​ពី​គ្រោះថ្នាក់​ចរាចរណ៍ ។​

​លោកស្រី មឿ​ន ស៊ា​ង​សេង ក្រុមប្រឹក្សាភិបាល​សមាគម​សហភាព​យន្ត​នៃ​កម្ពុជា ការផលិត​រឿង​ខ្លី​អប់រំ​ដើម្បី​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក​នេះ គឺ​ដើម្បី​បញ្ជ្រាប​ការយល់ដឹង​បន្ថែម ស្ដីអំពី​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ជូនទៅ​ដល់​ប្រជាពលរដ្ឋ ដើម្បី​ធានា​ឲ្យ​បាន​នូវ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ស្របពេល​នឹង​យុទ្ធនាការ​របស់​រដ្ឋាភិបាល​ដែល​បានដាក់​អនុវត្ត​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក្នុងការ​ថែរក្សា​ឲ្យ​បាន​នូវ​ទ្រព្យសម្បត្តិ និង​សុវត្ថិភាព​ជូន​បងប្អូន​ប្រពល​រដ្ឋ ជៀស​ផុតពី​គ្រោះថ្នាក់​ចរាចរណ៍ ។​

​លោកស្រី បាន​បញ្ជាក់ថា ខ្សែភាពយន្ត​ខ្លី​ចំនួន​បី​ដែល​ត្រូវ​ថត​រួមមាន៖ ១. រឿង​ព្រោះតែ​អូន​, ២. រឿង​មហាវិថី​គ្រោះថ្នាក់ និង​ទី​៣. វិប្បដិសារី​ឪពុក​ខ្ញុំ។

​ សូមបញ្ជាក់ថា ចាប់តាំងពី​ការអនុវត្ត​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ពីថ្ងៃ​ទី​១ ខែឧសភា រហូតដល់​ត្រឹម​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០ គឺមាន​រយៈពេល ៥៦​ថ្ងៃ ក្នុងនោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​៤១៤​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ២២៤​នាក់ និង​របួស​ជាង ៧០០​នាក់ ក្នុងនោះ​របួសធ្ងន់​មាន​ចំនួន​ជាង ៤០០​នាក់​។ ចំណែក​យានយន្ត​ដែល​ត្រួតពិនិត្យ​និង​ផាកពិន័យ​ម​មាន​ចំនួន​ជាង ៧​ម៉ឺន ៦​ពាន់​គ្រឿង ដោយ​ក្នុងនោះ​ម៉ូតូ​មាន​ចំនួន​ជាង ៥​ម៉ឺន ៦​ពាន់​គ្រឿង និង​រថយន្ត​មាន​ចំនួន​ជាង ២​ម៉ឺន​គ្រឿង​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

អត្ថបទថ្មី
;