ថានៅខេត្ត​ព្រះសីហនុ មានផ្លូវ ៣៤ខ្សែ តែ​ខេត្តមួយ​នេះ​នឹងមានផ្លូវ​ដល់ ៣៨ខ្សែ

  • 2020-06-28 07:09:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គម្រោង​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវមេចំនួន ៣៨ខ្សែ សរុបប្រវែង ៩៨,៣៤គ.ម ក្នុងក្រុងសៀមរាប ត្រូវបានសិក្សាក្នុងគោលបំណងដើម្បីចូលរួមលើកកម្ពស់វិស័យសេដ្ឋកិច្ច សោភណ្ឌភាពទីក្រុងសៀមរាប ឱ្យសាកសមជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ព្រមទាំងតភ្ជាប់ទីប្រជុំជនក្រុងសៀមរាបទៅតំបន់ដាច់ស្រយាលនៅជាយក្រុង និងជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ក្នុងខេត្តសៀមរាប

កាលពី​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ លោក​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លើការងារពាក់ព័ន្ធនឹងការសិក្សាគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង អង្គភាពជំនាញរបស់ក្រសួង និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងសិក្សាទៅលើគម្រោងខ្សែផ្លូវមេចំនួន ៣៨ខ្សែ សរុបប្រវែងប្រមាណ ៩៨,៣៤គ.ម ក្នុងនោះ ផ្លូវពីរគន្លង មានប្រវែងប្រមាណ ៤៤គ.ម និងផ្លូវបួនគន្លង មានប្រវែងប្រមាណ ៥៤គ.ម លាតសន្ធឹងក្នុងសង្កាត់ទាំង១២ របស់ក្រុងសៀមរាប និងមួយផ្នែកនៃស្រុកបាគង ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធក្នុងក្រុងសៀមរាប។

ថ្លែងនៅក្នុងមតិស្វាគមន៍ លោក​អភិបាលខេត្ត បានឱ្យដឹងថា៖ ខេត្តសៀមរាប គឺជាខេត្តទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ហើយស្ថានភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជាច្រើន ត្រូវធ្វើការជួសជុល និងកែលម្អឡើងវិញ ហើយគម្រោងខ្សែផ្លូវមេទាំង ៣៨ខ្សែនេះ ដែលបានសិក្សានេះគឺជាសរសៃឈាម និងជាបេះដូងរបស់ខេត្ត ដើម្បីកំណើនសេដ្ឋកិច្ច ទេសចរណ៍ និងសោភណ្ឌភាពរបស់ខេត្ត។ លោក​ក៏បានលើកឡើងពីការងារជួសជុល និងកែលម្អផ្លូវចំនួន១០ខ្សែ ដោយរដ្ឋបាលខេត្តសៀមរាប រួមមាន៖ ផ្លូវតាអុច ផ្លូវនាគទេព ផ្លូវខ្នែងជន្លង់ ផ្លូវតុងសេង ផ្លូវអាទីហ្សង់ ផ្លូវគោកស្រិត ផ្លូវជាប់សូហ្វីតែល ផ្លូវពន្ធដារខេត្ត ផ្លូវកេសរកូល និងផ្លូវស្វាយមាស។

ជាមួយគ្នានោះ លោក​ទេសរដ្ឋមន្ដ្រី បានមានប្រសាសន៍លើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ដល់ពេលដែលត្រូវសិក្សារៀបចំផែនការមេ ដើម្បីធ្វើការជួសជុស កែលម្អឡើងវិញ ដូចក្រុងព្រះសហនុ ឱ្យសាកសមជាទីក្រុងទេសចរណ៍ ដើម្បីលើកស្ទួយមុខមាត់ប្រទេសជាតិ នៅលើឆាកអន្តរជាតិ តាមរយៈភ្ញៀវទេសចរណ៍អន្តរជាតិ។

លោក ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល កំពុងសិក្សាស្វែងរកប្រភពថវិកាដើម្បីអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែនេះ។ លោក​ក៏បានលើកឡើងផងដែរថា ខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ច ក៏សំខាន់មួយរបស់កម្ពុជា និងជាតំបន់តភ្ជាប់ផ្លូវសេដ្ឋកិច្ចបាត់ដំបង-សៀមរាប។

សូមបញ្ជាក់ផងដែរថា៖ គម្រោងសិក្សាផ្លូវទាំង ៣៨ខ្សែនេះ ជាបណ្តុំបណ្ដាញផ្លូវមេយ៉ាងប្រទាក់ក្រឡាក្នុងក្រុងសៀមរាប នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ក្នុងខេត្តសៀមរាប កាត់បន្ថយពេលវេលាក្នុងការដឹកជញ្ជូន និងចរាចរណ៍ទំនិញគ្រប់ប្រភេទ កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងលើកកម្ពស់សោភណ្ឌភាពទីក្រុងសៀមរាប ឱ្យសាកសមជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ របស់កម្ពុជា។

ម្យ៉ាងទៀត គម្រោងផ្លូវនេះ នឹងចូលរួមជំរុញ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច តាមរយៈតំបន់ទេសចរណ៍នានា ជាពិសេសតំបន់ភាគខាងត្បូង និងការធ្វើសមាហរណកម្មប្រជាពលរដ្ឋដែលនៅជាយក្រុងដាច់ស្រយាល មកកាន់តែជិតក្រុងតភ្ជាប់ទីប្រជុំជនក្រុងសៀមរាប ដោយកាត់បន្ថយគម្លាតរវាងប្រជាពលរដ្ឋក្នុងក្រុង និងតំបន់ដាច់ស្រយាលនៅជាយក្រុង ក្នុងការទទួលបានសមិទ្ធផលប្រកបដោយបរិយាប័ន្ន៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;