លោក ស៊ុន ចាន់ថុល៖ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដំណើរការរលូន ទោះ​មានកូវីដក៏ដោយ

  • 2020-06-29 07:18:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ជូនគណៈប្រតិភូអំពីដំណើរការរលូននៃគម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៥ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងសាងសង់ពង្រីកនិងលើកកម្ពស់គុណភាពផ្លូវជាតិលេខ២និង២២ និងគម្រោងអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធមួយចំនួនផ្សេងទៀត ក្នុងអំឡុងពេលដែលពិភពលោកកំពុងទទួលរងនូវការឆ្លងរាតត្បាត ពីមេរោគកូវីដ-១៩ ដែលក្នុងនោះរួមមានកម្ពុជាផងដែរ។ ការលើកឡើងនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៩ មិថុនា ២០២០។

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ជំនួបនេះ មានគោលបំណងពិភាក្សាអំពីផលប៉ះពាល់នៃមេរោគកូវីដ-១៩ ទាក់ទងនឹងការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការនៅកម្ពុជា ការផ្លាស់ប្ដូរទស្សនៈទៅវិញទៅមកស្ដីអំពីផលប៉ះពាល់មេរោគកូវីដ-១៩ ស្តីពីការអនុវត្តគម្រោងរបស់សាធារណរដ្ឋប្រជាមានិតចិន និងរបាយការណ៍ពីភាគីជប៉ុនទាក់ទងនឹង គម្រោងកំពង់ផែក្រុងព្រះសីហនុផងដែរ។

ដោយឡែកទាក់ទងនឹងការឆ្លងរាតត្បាតនៃមេរោគកូវីដ-១៩នេះ លោកឯកអគ្គរដ្ឋទូតបានស្នើឲ្យលោកទេសរដ្ឋមន្ត្រីពិចារណា លើការបន្ធូរបន្ថយចំពោះវិធានការ និងការបង្ការមេរោគកូវីដ-១៩ ចំពោះ​មន្ត្រីជំនាញការ និងអ្នកបច្ចេកទេសជប៉ុនដែលត្រូវមកបំពេញការងារលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធរូបវន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតប លោកទេសរដ្ឋមន្ត្រី បានថ្លែងថា លោកនឹងលើកបញ្ហានេះទៅក្រសួងសុខាភិបាល ដើម្បីពិចារណាលទ្ធភាពបន្ធូរបន្ថយចំពោះការអនុវត្តវិធានការ និងការបង្ការមេរោគកូវីដ-១៩នៅកម្ពុជា ដើម្បីឱ្យមន្ត្រីជំនាញការ និងអ្នកបច្ចេកទេសជប៉ុនអាចមកបំពេញការងារនៅកម្ពុជាដោយគ្មានភាពរាំងស្ទះ៕

អត្ថបទថ្មី
;