អាមេរិក នឹង​ផ្តល់ជំនួយ​ឥតសំណង ៥៦លានដុល្លារ សម្រាប់​វិស័យ ៤នៅកម្ពុជា

  • 2020-06-30 03:31:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 22

ចន្លោះមិនឃើញ


រាជ​រដ្ឋាភិបាលកម្ពុជា តាមរយៈ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា និង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក តាមរយៈ​ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) កាលពី​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ​២០២០ បាន​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀងវិសោធនកម្មស្តីពីហិរញ្ញប្បទានសហប្រតិបត្តការអភិវឌ្ឍន៍ សម្រាប់ឆ្នាំសារពើពន្ធ២០១៩ ។

តាមរយៈកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៥៦ លានដុល្លារ ក្នុងនោះ ៣៨ លានដុល្លារ សម្រាប់វិស័យសុខាភិបាល និងអប់រំ និង ១៨ លានដុល្លារ សម្រាប់វិស័យ​កសិកម្ម និងបរិស្ថាន ដែលអនុវត្តដោយភា្នក់ងារអនុវត្តគម្រោងនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

លោក ជិន​ ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា “ការបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍទ្វេភាគីនេះ គឺជាសសរស្តម្ភដ៏សំខាន់ក្នុងការលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងប្រទេសទាំងពីរ”។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក៏បានគូសបញ្ជាក់ដែរថា “រដ្ឋាភិបាលសហរដ្ឋអាមេរិកប្តេជ្ញាបន្តការគាំទ្ររបស់ខ្លួនចំពោះប្រជាជនកម្ពុជា ក្នុងការសម្រេចឱ្យបាននូវការអភិវឌ្ឍសង្គមសេដ្ឋកិច្ចមួយប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌” ។

តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ការគាំទ្រនេះនឹងបន្តរួមចំណែកកាត់បន្ថយអត្រាមរណៈភាពមាតា និងទារកដែលមានអាយុក្រោម ៥ ឆ្នាំ ក៏ដូចជាផ្តល់ការគាំទ្រលើកម្មវិធីនានាក្នុងការកាត់បន្ថយ ជំងឺក្រិន និងជំងឺខ្វះគ្រាប់ឈាមក្រហមរបស់កុមារ និងស្ត្រី និងកាត់បន្ថយអត្រាប្រេវ៉ាទ្បង់នៃជំងឺអេដស៍ជំងឺរបេង និងជំងឺគ្រុនចាញ់នៅកម្ពុជា ។ ចំពោះវិស័យអប់រំ, ក្រសួងអប់រំ យុវជន និងកីទ្បា និងទីភ្នាក់ងារ USAID នឹងបន្តគាំទ្រ កិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យប្រសើរទ្បើងនូវសមត្ថភាពការអានរបស់កុមារ, កាត់បន្ថយអត្រាបោះបង់ចោលការសិក្សានៅថ្នាក់វិទ្យាល័យ និងបំពាក់បំប៉នបន្ថែមដល់ប្រជាជនកម្ពុជាក្នុងការឈានចូលទៅក្នុងទីផ្សារពលកម្ម ។ សម្រាប់ភាពជាដៃគូរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងទីភ្នាក់ងារ USAID នឹងផ្តល់ការគាំទ្រលើកម្មវិធីនានាក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ការផលិតគ្រាប់ពូជសំខាន់ៗ និងអាហារូបត្ថម្ភក្នុងសហគមន៍ជនបទ ។

ទន្ទឹមនេះ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន កិច្ចព្រមព្រៀងនេះក៏នឹងគាំទ្រកម្មវិធី បរិស្ថានក្នុងការកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាជន ក៏ដូចជាតំបន់ទេសភាព ដែលទទួលរងផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ និងបានជួយកម្ពុជា សម្រេចបានតាមការប្តេជ្ញាក្នុងក្របខណ្ឌអន្តរជាតិរបស់ខ្លួន ក្នុងការកាត់បន្ថយការបំភាយឧស្ម័ន ផ្ទះកញ្ចក់ ជាពិសេស ដែលបណ្តាលមកពីការបាត់បង់ និងរេចរឺលព្រៃឈើ ។

គិតចាប់តាំងពីខែមីនា ឆ្នាំ២០១៦ បូករួមទាំងកិច្ចព្រមព្រៀងដែលទើបចុះហត្ថលេខានាថ្ងៃនេះ ភាគីអាមេរិកបានផ្តល់ហិរញ្ញប្បទានឥតសំណងសរុប ២៥៣ លានដុល្លារ សម្រាប់គាំទ្រដល់វិស័យអាទិភាពទាំង៤ ។ ការគាំទ្រនេះបានឆ្លើយតបយ៉ាងល្អប្រសើរទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ។

បន្ថែមពីលើនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ការគាំទ្រអង្គការសង្គមស៊ីវិលដែលបានធ្វើការ ផ្តោតលើសិទ្ធមនុស្ស, ការប្រឆាំងការជួញដូរមនុស្ស និងគណនេយ្យភាព និងតម្លាភាពនៅក្នុងប្រទេសកម្ពុជា ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានបំពេញបន្ថែមនូវការងារជាមួយរាជរដ្ឋាភិបាលក្នុងការគាំទ្រការអភិវឌ្ឍ ប្រកប ដោយចីរភាព និងបរិយាបន្នក្នុងប្រទេសកម្ពុជា ។

គិតចាប់តាំងពីខែមីនា ឆ្នាំ២០២០ មក រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ហិរញ្ញប្បទានឥតសំណង ប្រមាណ ១១ លានដុល្លារ គាំទ្រដល់ផែនការឆ្លើយតបបន្ទាន់ទៅនឹងជំងឺកូវីដ–១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ។ ហិរញ្ញប្បទាននេះ នឹងប្រើប្រាស់ដើម្បីជួយសម្រាលទាំងការឆ្លើយតបផ្នែកវេជ្ជសាស្ត្រភ្លាមៗចំពោះជំងឺកូវីត១៩ ក្នុងប្រព័ន្ធសុខាភិបាលកម្ពុជា និងផលប៉ះពាល់ដែលបណ្តាលមកពីជំងឺឆ្លង ដោយផ្តោតលើការស្តារទ្បើងវិញនូវសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងសមធម៌ ។

គិតចាប់តាំងពីឆ្នាំ១៩៩៤ មកដល់បច្ចុប្បន្ន រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ការគាំទ្រដល់ប្រទេសកម្ពុជាប្រមាណជាង ១ ពាន់លានដុល្លារ៕

ប្រភព៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា

;