សមាជិកព្រឹទ្ធសភាអាមេរិកថា ការដកទ័ពចេញពីអាល្លឺម៉ង់ គឺជាកាដូសម្រាប់​រុស្ស៊ី

  • 2020-07-01 02:09:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Mitt Romney សមាជិកព្រឹទ្ធសភាអាមេរិក ​មកពី​គណបក្ស​សាធារណរដ្ឋ បាន​លើកឡើងថា ការ​ដកទ័ព​អាមេរិក ចេញ​ពី​ប្រទេស​អាល្លឺម៉ង់ នឹង​ក្លាយ​ជាកាដូសម្រាប់​ប្រទេស​រុស្ស៊ី។

លោក​បាន​បញ្ជាក់​ក្នុងសេចក្តីថ្លែងការណ៍មួយ​​កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ​២០២០​ថា ការដកទ័ព នឹង​ធ្វើឱ្យ​មានការប្រឈមយ៉ាងធ្ងន់ធ្ងរ និង​បង្អាក់​ដល់សកម្មភាព​ហ្វឹកហាត់​ត្រៀមខ្លួនប្រយុទ្ធ​របស់​កងទ័ព​ទៀតផង។ លោកបានជំរុញ​ឱ្យ​សមាជិកសភាដទៃ​ទៀត ចាត់វិធានការ​ទប់ស្កាត់​មិនឱ្យមានការ​កាត់បន្ថយកងទ័ព​ឡើយ។

លោក Mitt Romney អះអាងថា៖ «យើង​មិនអាច​បោះបង់​ចោល​ការប្តេជ្ញាចិត្ត​របស់​យើង​ចំពោះ​សម្ព័ន្ធមិត្ត​យើងឡើយ ហើយផ្ទុយមកវិញ គឺយើង​ត្រូវ​តែ​ពង្រឹង​ការការពារសម្ព័ន្ធមិត្ត​របស់យើង ដើម្បី​គ្រប់គ្រង​សភាវៈអាក្រក់ និង​ជំរុញ​គុណតម្លៃសេរីភាព និង​ប្រជាធិបតេយ្យ​ជុំវិញ​ពិភពលោក»។

ក្រសួងការពារជាតិ​អាមេរិក បាន​ប្រកាស​កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០២០ថា ប្រធានាធិបតី ដូណាល់ ត្រាំ បាន​យល់ព្រមលើផែនការ​កាត់បន្ថយកងទ័ពអាមេរិកចេញពីអាល្លឺម៉ង់ ប្រមាណ ៩៥០០នាក់។ ដូច្នេះ​ទ័ពអាមេរិក នៅអាល្លឺម៉ង់ នឹងត្រូវកាត់បន្ថយពី ៣៤៥០០ មកនៅត្រឹម ២៥០០០នាក់៕

ប្រភព៖ DW

អត្ថបទថ្មី
;