អ៊ីស្រាអែល បាញ់​ផ្កាយរណប​មួយ​ដើម្បីត្រៀមទប់ទល់​នឹងសត្រូវ​ជិតឆ្ងាយ

  • 2020-07-07 06:38:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​អ៊ីស្រាអែល បាន​បាញ់​បង្ហោះផ្កាយរណប​ចារកម្មថ្មីមួយ​ឈ្មោះថា «Ofek 16» ទៅកាន់ទីអវកាស​ដោយជោគជ័យ កាលពីថ្ងៃទី​៦ ខែ​កក្កដា ឆ្នាំ​២០២០។

នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោក Benjamin Netanyahu បាន​សាទរ​ចំពោះ​ការបាញ់​បង្ហោះផ្កាយរណបនេះ ដោយ​លោក​បញ្ជាក់​ថា វា​នឹង​បង្កើន​សមត្ថភាព​របស់​អ៊ីស្រាអែល ក្នុងការទប់ទល់នឹង​សត្រូវរបស់ខ្លួន ទាំងនៅជិត និង​ឆ្ងាយ។

លោក​នាយករដ្ឋមន្រ្តី​ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី​យ៉ាងដូច្នេះថា៖ «វា​នឹង​ពង្រីក​សមត្ថភាព​របស់យើង​ទាំងលើដីគោគ សមុទ្រ អាកាស និង​អវកាស​ផងដែរ»។

ផ្កាយរណប Ofek 16 នឹង​អាចថតចាប់យក​រូបភាព​ទាំងមូលនៃផែនដី​ក្នុងកម្រិតគុណភាពខ្ពស់ សម្រាប់​ឱ្យ​ក្រសួង​ការពារជាតិ​អ៊ីស្រាអែល។

គួរកត់សម្គាល់​ថា ការបង្ហោះផ្កាយរណប​ធ្វើឡើង​ប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ​ក្រោយពេល​ដែល​មាន​ករណី​អគ្គិភ័យមួយកើតឡើង​នៅទីតាំង​នុយក្លេអ៊ែររបស់អ៊ីរ៉ង់ ខណៈអ៊ីស្រាអែល ត្រូវបានគេចោទថាជាអ្នកនៅពីក្រោយ​បង្កហេតុការណ៍នេះ។

សូមរំលឹកថា អ៊ីស្រាអែល​បាន​បាញ់​បង្ហោះផ្កាយរណបត្រកូល Ofek ជា​លើកដំបូងពោលគឺ Ofek 1 កាលពីខែ​កញ្ញា ឆ្នាំ​១៩៨៨ ដែល​ធ្វើឱ្យអ៊ីស្រាអែល ពេលនោះ​ក្លាយជា​ប្រទេសទី៨ ដែលបាញ់​បង្ហោះ​ផ្កាយរណប​ទៅកាន់​ទីអវកាស៕

ចុចអាន៖ មើលវីដេអូនេះហើយ ទើបដឹងថាយោធាអ៊ីស្រាអែលខ្លាំងក្នុង​លោក គ្មានអ្នកហ៊ានប៉ះ

ប្រភព៖ NASA

អត្ថបទថ្មី
;