ប្រធានាធិបតីប្រេស៊ីល និយាយយ៉ាងណាខ្លះ ក្រោយដឹងខ្លួនថាមានផ្ទុកកូវីដ១៩?
- 2020-07-08 04:04:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានាធិបតីប្រេស៊ីល និយាយយ៉ាងណាខ្លះ ក្រោយដឹងខ្លួនថាមានផ្ទុកកូវីដ១៩?
ចន្លោះមិនឃើញ
លោក Jair Bolsonaro ប្រធានាធិបតីប្រេស៊ីល បានប្រកាសតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ថា លោកត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩។
លោកថ្លែងយ៉ាងដូច្នេះថា៖ «កាលពីថ្ងៃអាទិត្យ ខ្ញុំមិនសូវស្រួលខ្លួន។ ដល់ថ្ងៃចន្ទ ខ្ញុំកាន់តែមិនស្រួលខ្លួនខ្លាំងទៅ ហើយចាប់ផ្តើមមានអារម្មណ៍ហត់នឿយ និងឈឺសាច់ដុំខ្លះៗ។ ខ្ញុំក៏គ្រុនក្តៅ ដោយមានកម្តៅ ៣៨អង្សារ។ តាមការចេញរោគសញ្ញាទាំងនេះ គ្រូពេទ្យប្រាប់ថា សង្ស័យតែកូវីដ១៩ហើយមើលទៅ»។ បន្ទាប់មកលោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនិងធ្វើតេស្តរកឃើញជំងឺនេះតែម្តង។
យ៉ាងណាមិញ លោកសារភាពថា លោកហាក់បីដូចជាដឹងខ្លួនមុនទៅហើយថា លោកនឹងកើតជំងឺនេះ ព្រោះតែសកម្មភាពរបស់លោកដែលជួបផ្ទាល់ជាមួយប្រជាជន។ «ខ្ញុំជាប្រធានាធិបតី ហើយខ្ញុំឈរនៅជួរមុខជានិច្ច ខ្ញុំមិនរត់គេចចេញពីកាតព្វកិច្ចរបស់ខ្ញុំឡើយ»។
ក្រោយកើតមានជំងឺនេះ លោកប្រធានាធិបតី ក៏បានថ្លែងក្នុងកិច្ចសម្ភាសន៍មួយជាមួយ CNN ផងដែរថា លោកនឹងមិនជួបនរណាក្នុងកិច្ចប្រជុំទាំងអស់ ពោលគឺគ្រប់យ៉ាងនឹងធ្វើឡើងតាមរយៈវីដេអូ។
លោកបន្តថា៖ «យើងដឹងច្បាស់ពីការស្លាប់ដោយសារតែវីរុសនេះ ពិសេស អ្នកមានអាយុច្រើនដូចខ្ញុំ ជាង ៦៥ឆ្នាំទៅហើយ គួបផ្សំនឹងជំងឺដែលមានក្នុងខ្លួនស្រាប់ និងបញ្ហាផ្សេងៗទៀតនោះ វីរុសនេះ នឹងអាចនាំទៅរកមរណៈ ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយ»។
សូមជម្រាបថា ប្រេស៊ីល ជាប្រទេសមានករណីកូវីដ១៩ ច្រើនជាងគេលំដាប់ទី២ បន្ទាប់ពីអាមេរិក ពោលគឺមាន ១ ៦៧៤ ៦៥៥នាក់ ក្នុងនោះ ស្លាប់ ៦៦ ៨៦៨នាក់ និងជាសះស្បើយ ១ ១១៧ ៩២២នាក់ គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០៕