ផ្លូវជនបទក្នុងខេត្តទាំង៣នេះ នឹង​ត្រូវកែលម្អ ក្រោម​កម្ចី ១០០លានដុល្លារពី​ធនាគារពិភពលោក

  • 2020-07-17 06:53:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធនាគារ​ពិភពលោក បាន​អនុម័ត​ផ្តល់ឥណទាន ១០០លានដុល្លារ​ ពីសមាគម​អភិវឌ្ឍន៍​អន្តរជាតិ សម្រាប់​ជួយ​គាំទ្រគម្រោង​កែ​លម្អបណ្តាញ​ផ្លូវគមនាគមន៍​នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារពិភពលោក នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ​២០២០។

ផ្លូវ១ខ្សែក្នុងខេត្តក្រចេះ (រូបថត៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តក្រចេះ)
គម្រោង​នេះ នឹង​ពង្រីក​លទ្ធភាព​សម្រាប់​សហគមន៍​ជនបទ​ឱ្យ​ទទួលបាន​សេវាចាំបាច់​នានា​ ដូចជាមណ្ឌល​សុខភាព​ មន្ទីរពេទ្យ​បង្អែក និង​ទីផ្សារ​ តាមរយៈ​ការ​កែលម្អ​ផ្លូវជនបទ​ឱ្យ​កាន់តែមានភាព​ធន់​ទៅនឹង​កត្តាប្រែប្រួល​របស់​អាកាសធាតុ។

ផ្លូវជនបទ​មានជាង ៧៥% នៃបណ្តាញ​ផ្លូវសរុបទូទាំង​ប្រទេស​ ប៉ុន្តែ​មានតែ ៥% ប៉ុណ្ណោះ​ដែល​ជាផ្លូវផ្លូវក្រាលកៅស៊ូ។ ការប្រែប្រួល​អាកាសធាតុ បាន​ធ្វើឱ្យ​មានភ្លៀង​ និង​ទឹកជំនន់​ធំៗ បង្ក​ហានិភ័យ​ខូចខាត​កាន់តែខ្លាំង​ដល់​ប្រព័ន្ធផ្លូវជនបទ។

សេចក្តីប្រកាសដដែល​បញ្ជាក់​ថា ការ​ជ្រើសរើស​ផ្លូវសម្រាប់​ការវិនិយោគ​នៃគម្រោងនេះ ផ្តល់​អាទិភាព​ដល់​ផ្លូវទាំងឡាយណា​ដែល​តភ្ជាប់​ផ្ទះ​អ្នកស្រុក​ជាមួយមន្ទីរពេទ្យ សាលារៀន និង​ទីផ្សារ។ តំបន់​គោលដៅ​របស់​គម្រោងនេះ​មានផ្លូវនៅក្នុងខេត្ត​កំពង់ចាម ត្បូងឃ្មុំ និង​ក្រចេះ ដែល​គ្របដណ្តប់​លើ​ប្រជាជន​ជាង ២លាននាក់ ក្នុងនោះ ៨០% រស់នៅតាម​ទីជនបទ​ដាច់ស្រយាល៕

អត្ថបទថ្មី
;