មូលហេតុគេហៅ "ខ្នងផ្សារ"
- 2020-07-20 23:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុគេហៅ "ខ្នងផ្សារ"
ចន្លោះមិនឃើញ
ខ្នងផ្សារ គឺជាឋានសួគ៌ធម្មជាតិប្រសព្វមុំបីភ្ជាប់ខេត្តបី កំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ភាគនិរតីនៃព្រះរាជាណាចក្រកម្ពុជា និងជាតំបន់ចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិនាដើមឆ្នាំ ២០២០។ ខ្នងផ្សារ មានទីតាំងស្ថិតនៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នៅពេលដែលភ្ញៀវទេសចរឡើងដល់កំពូលភ្នំ ភ្ញៀវទេសចរអាចគយគនវាលស្មៅស្រស់បំព្រងបៃតងខ្ចីនារដូវវស្សា អង្គុយគយគន់ថ្ងៃរះនាព្រឹកព្រលឹមស្រាងៗ និងអង្គុយថ្ងៃអស្តង្គតនាពេលល្ងាចបាន ដែលទេសភាពដ៏ស្រស់ស្អាតទាំងនេះភ្ញៀវទេសចរគយគន់មិនចេះជិនណាយនោះឡើយ។
បើតាមលោក ជឹម ជឿន សមាជិកនៃសហគមន៍ការពារធម្មជាតិរលាក់កងជើង បានប្រាប់ឲ្យដឹងថា គេហៅ ខ្នងផ្សារ នេះគឺជាពាក្យដែលចាស់ៗហៅតាំងពីយូរណាស់រហូតមកដល់សព្វថ្ងៃ ហើយនៅឆ្នាំ១៩៩៣ ឬមុនឆ្នាំ៩៣ សម័យខ្មែរក្រហមនៅទីនេះគឺជាទីតាំងលក់ដូរទំនិញតិចតួចជាលក្ខណៈគ្រួសាររបស់បងប្អូនអ្នកភូមិដែលរស់នៅទីនេះ ទើបគេហៅទីនេះថា ខ្នងផ្សារ ផ្សារនេះគឺជាផ្សារលក់ដូរ មិនមែនឈឺផ្សា ផ្សាដែក ឬខ្នងសា នោះទេ។
ត្រង់ពាក្យ ខ្នងផ្សារ លោក ជឹម ជឿន បញ្ជាក់ថា ខ្នងផ្សារ មិនមែន ខ្នងផ្សា ហើយក៏មិនមែន ខ្នងសា ដែរ។ ផ្សារ នេះ គឺ ផ្សា មាន “រ” គឺមកពីពាក្យ ទីផ្សារ ឬផ្សារលក់ដូរ។
ទាក់ទងនឹងពាក្យខ្នងផ្សារនេះដែរ លោក ហ៊ុន សៅ ប្រធានសហគមន៍ការពារធម្មជាតិរលាក់កងជើងឆ្លើយបញ្ជាក់ថា ទីតាំងនេះគឺជាទីតាំងផ្សារលក់ដូរតាំងយូរណាស់មកហើយ បើចាស់ៗនៅទីនេះនិយាយតៗគ្នាថា នៅទីនេះក៏មានប្រវត្តិ និងរឿងដំណាលនិយាយតៗគ្នាដែរ។
អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍភាព និងទិសដៅបន្តរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា តំបន់ភ្នំខ្នងផ្សារ នេះគឺមិនមែនទើបកើតមានបច្ចុប្បន្ននោះទេ តំបន់នេះមានយូរណាស់ហើយ រាប់រយតំណមនុស្ស តាមប្រវត្តិដែលខ្ញុំបាទបានសិក្សាស្រាវជ្រាវនោះ នៅតំបន់នោះមានផូស៊ីលជាប់ទៅនឹងជញ្ជាំងថ្ម គេថាទីនោះគឺជាអតីតសមុទ្រ ហើយកន្លែងនេះមានសំពៅលិចនៅទីនេះយូរទៅក្លាយជាភ្នំកន្លែងសំពៅលិចនោះហៅថា “ខ្នងសំពៅ” ហើយស្រូវនៅលើសំពៅនោះដែលហូរចេញនោះក៏បានក្លាយជាភ្នំដែលសព្វថ្ងៃ គេហៅថា “ខ្នងស្រូវ”។
បើតាមលោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ បានប្រាប់ឲ្យដឹងថា នៅតំបន់ភ្នំខ្នងផ្សារ ដែលជាកន្លែងភ្ញៀវទេសចរមកឡើង និងបោះតង់កម្សាន្តនេះខាងមន្ទីរក៏ដូចជាក្រសួងមិនទាន់បានចុះទៅពិនិត្យ និងស្រាវជ្រាវស្វែងរកប្រវត្តិ និងសំណល់ផូស៊ីសទាន់ទងនៅតំបន់នៅនៅឡើយនោះទេ តែការងារនេះខាងមន្ទីរនឹងចុះទៅពិនិត្យ និងស្រាវជ្រាវនាពេលខាងមុខ។
ដើម្បីធ្វើដំណើរទៅកាន់ទីនោះ គឺយើងត្រូវធ្វើដំណើតាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ ក្រោយឆ្លងស្ពានខេត្តកំពង់ស្ពឺប្រមាណជាង ១គីឡូ យើងបត់តាមស្តុប តេលា (ច្បារមន) ទៅស្តាំ ប្រមាណ១គីឡូ យើងនឹងឃើញផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញាប្រាប់ផ្លូវទៅ ឱរ៉ាល់ ។ បត់ចូលតាមច្រកឱរ៉ាល់ (ផ្លូវ៤៤) ប្រហែល ៥០គីឡូ យើងនឹងដល់រង្វង់មូលឱរ៉ាល់ រួចយើងបន្តដំណើរទៅមុខ តាមផ្លូវលំ ប្រមាណ ៣៥គីឡូ ដោយជិះកាត់ តេទឹកពុះ យើងនឹងទៅដល់ ភូមិរលាក់កងជើង ដែលជាភូមិនៃភ្នំខ្នងផ្សារ៕
រូបថតទាំងអស់ផ្តល់សិទ្ធដោយ៖ ក្រុមបេះដូងអ្នកថតរូប