ប្រយ័ត្នអាសាបង់ធំ បើនៅតែបើករថយន្តពេលទ្រនិចសាំងធ្លាក់ដល់បាត!
- 2020-07-22 03:33:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយ័ត្នអាសាបង់ធំ បើនៅតែបើករថយន្តពេលទ្រនិចសាំងធ្លាក់ដល់បាត!
ចន្លោះមិនឃើញ
អ្នកប្រើប្រាស់រថយន្តមួយចំនួននៅតែបន្តបើកបររថយន្តទៅមុខ ទោះបីជារថយន្តរបស់គេលោតភ្លើងក្រហមបញ្ជាក់ថា អស់សាំងហើយក្ដីក៏គេនៅមិនទាន់ចាក់សាំងភ្លាមៗនោះទេ។ នេះក៏ដោយសារតែពួកគេយល់ថា រថយន្តរបស់គេនឹងអាចបន្តដំណើរទៅមុខបានមួយសន្ទុះទៀត ហើយរង់ចាំដល់កន្លែងណាដែលមានសាំងតម្លៃថោកសិនសឹមចាក់។
យោងតាមស្ថិតិរបស់ក្រុមហ៊ុនធានារ៉ាប់រងបានបង្ហាញថា មានអ្នកបើកបរចំនួនពាក់កណ្ដាលនៃអ្នកបើកបរសរុបគិតថា រថយន្តរបស់ពួកគេអាចបន្តដំណើរបានចម្ងាយ៦០គីឡូម៉ែត្រទៀតនៅពេលលោតភ្លើងបញ្ជាក់ថាអស់សាំង។
លោក Ray Sparrow អ្នកជំនាញខាងជាងម៉ាស៊ីនមួយរូបបានឲ្យដឹងថា ប្រសិនបើរថយន្តអស់សាំងហើយ នៅតែបើកទៅមុខទៀត បញ្ហានឹងកើតមានឡើងចំពោះម៉ាស៊ីនរថយន្ត។ សម្រាប់រថយន្តដែលមានម៉ាស៊ីនប្រើប្រាស់ប្រេងម៉ាស៊ូត បញ្ហាអាចកើតមានឡើងលើគ្រឿងបង្គំនៃម៉ាស៊ីនរថយន្ត ដោយអាចមានការខូចខាតបានព្រោះតែម៉ាស៊ីនសំបូរទៅដោយខ្យល់ជាជាងប្រេងម៉ាស៊ូត។
ចំពោះរថយន្តដែលមានម៉ាស៊ីនប្រើប្រាស់ដោយសាំងវិញ មានភាពប្រសើរជាងម៉ាស៊ីនម៉ាស៊ូតបន្តិច។ ប៉ុន្តែមានចំណុចមួយដែលអ្នកគួរព្រួយបារម្ភនោះគឺ ក្នុងករណីដែលអ្នកបានចាក់សាំងបំពេញរួចហើយក៏ម៉ាស៊ីននៅតែមិនអាចបញ្ឆេះបានដែរ។ បញ្ហានេះអាចមកពីការស្ទះខ្យល់។ ខ្យល់ដែលមាននៅក្នុងធុងសាំងធ្វើឲ្យសាំងមិនអាចបង្ហូរទៅកាន់ម៉ាស៊ីនបាន ដែលនេះត្រូវការជំនួយពីជាងជួសជុល ហើយវាអាចចំណាយប្រាក់អស់ច្រើនជាងតម្លៃសាំងដែលអ្នកបានសន្សំសំចៃទៅទៀត។
ជាចុងក្រោយ លោក Sparrow បានផ្ដល់ការណែនាំថា អ្នកបើកបរគ្រប់រូបគួរណាតែបើកបររថយន្តដែលមានប្រេងឥន្ធនៈគ្រប់គ្រាន់ ជៀសវាងរងការខូចខាតធ្ងន់ធ្ងរដល់ម៉ាស៊ីនព្រោះតែចង់សន្សំសំចៃប្រាក់បន្តិចបន្តួចនោះ៕
ប្រភព៖ dailymail