រដ្ឋមន្ត្រីទេសចរណ៍ ដាក់ចេញអនុសាសន៍ ៤ចំណុចបន្តអនុវត្តក្នុងឱកាសឈប់សម្រាក ៥ថ្ងៃខាងមុខ

  • 2020-07-23 02:27:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំបូកសរុបការងារអនុវត្តវិធាន សុវត្ថិភាពទេសចរណ៍ (ជំហានទី១) សម្រាប់ដំណាក់កាលវិបត្តិជំងឺកូវីដ១៩ រយៈពេល១ខែ និងបានប្រកាសដាក់ឱ្យអនុវត្តប្រព័ន្ធចុះឈ្មោះភ្ញៀវទេសចរតាម TELEGRAM ដែលបានរៀបចំឡើងនៅគណកម្មាធិការជាតិអូឡាំពិកកម្ពុជា។ កិច្ចប្រជុំនេះ ធ្វើឡើងកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។

លោករដ្ឋមន្ត្រី ថោង ខុន បានផ្តល់នូវអនុសាសន៍មួយចំនួនបន្ថែមទៀត សម្រាប់ការរៀបចំផែនការអនុវត្តបន្តឱ្យមានប្រសិទ្ធភាពមានដូចជា៖

  • ទី១៖ ណែនាំដល់នាយកដ្ឋានជម្រុញចលនាទេសចរណ៍ក្នុងស្រុក និងបញ្ជ្រាបការយល់ដឹងជាសាធារណៈ ធ្វើការសហការជាមួយមន្ទីរទេសចរណ៍រាជធានីខេត្ត ជម្រុញការផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១៥ សណន ស្តីពីចលនាទេសចរណ៍ផ្ទៃក្នុង ស្របតាមការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នាឱកាសថ្ងៃឈប់សម្រាក ជំនួសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឱ្យដល់មូលដ្ឋានអាជីវកម្មទេសចរណ៍។

  • ទី២៖ ណែនាំដល់មន្ទីរទេសចរណ៍រាជធានីខេត្តទាំង២៥ ត្រូវអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់ដំណាក់កាលវិបត្តិជំងឺកូវីដ១៩ ឱ្យបានកាន់តែរឹងមាំថែមទៀត ដើម្បីធានាបានសុខសុវត្ថិភាព និងការទទួលខុសត្រូវ និងដើម្បីត្រៀមទទួលការធ្វើដំណើរកម្សាន្តទេសចរណ៍ប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋ នាឱកាសថ្ងៃឈប់ សម្រាក ជំនួសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលឆាប់ៗនេះ។

  • ទី៣៖ ណែនាំដល់មន្ទីរទេសចរណ៍រាជធានីខេត្តទាំង២៥ យកចិត្តទុកដាក់ខ្ពស់ចំពោះគោលដៅរមណីយដ្ឋានទេសចរណ៍ទាំងអស់ចំពោះការអនុវត្តវិធានសុវត្ថិភាព និងយកចិត្តទុកដាក់ចំពោះបញ្ហាសណ្តាប់ធ្នាប់ដូចដែលធ្លាប់បានអនុវត្តកន្លងមក និងបន្តពង្រឹងគុណភាពភាពសេវាកម្មទេសចរណ៍ឱ្យបានកាន់តែប្រសើរឡើងថែមទៀត។ *ទី៤៖ ពង្រឹងការអនុវត្តប្រព័ន្ធចុះឈ្មោះភ្ញៀវទេសចរតាម TELEGRAM ដែលជាការចូលរួមក្នុងយន្តការថែរក្សាសុវត្ថិភាព វិធានការ Quarantines ក៏ដូចជាផ្ដល់ភាពងាយស្រួលក្នុងការស្វែងរកអត្តសញ្ញាណភ្ញៀវទេសចរក្នុងករណីមានផ្ទុកជំងឺកូវីដ១៩ ហើយរត់គេចពីការ Quarantine ដែលអាចនាំឱ្យមានការចម្លងនៅក្នុងសហគមន៍។

លោក ថោង ខុន ក៏បានក្រើនរំលឹកដល់ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ត្រូវបន្តចូលរួមផ្សព្វផ្សាយ និងអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការការពារនិងរក្សាបាននូវសុវត្ថិភាពទំនុកចិត្ត និងផ្ដល់ភាពកក់ក្ដៅជូនភ្ញៀវទេសចរដែលធ្វើដំណើរ កម្សាន្តក្នុងប្រទេសកម្ពុជាផងដែរ៕

ប្រភព៖ ក្រសួងទេសចរណ៍

អត្ថបទថ្មី
;