ពាងដាក់ឆ្អឹងមនុស្សបុរាណអាយុរាប់ពាន់ឆ្នាំនៅលើភ្នំខ្នងស្រល់ខេត្តកោះកុង

  • 2020-07-25 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពាងដាក់ឆ្អឹងមនុស្សបុរាណអាយុរាប់ពាន់ឆ្នាំស្ថិតនៅខ្នងស្រល់ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិភាគច្រើនមិនបានទៅដល់។ ពាងដាក់ឆ្អឹងមនុស្សបុរាណដែលមានអាយុរាប់ពាន់ឆ្នាំនេះមានទីតាំងនៅស្ថានីយខ្នងស្រល់ ឬរូងជំនាង ដែលស្ថិតក្នុងភូមិទ័ពឃ្លៃ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង។

ពាងដាក់ឆ្អឹងមនុស្សបុរាណអាយុជិត២ពាន់ឆ្នាំនៅលើភ្នំខ្នងស្រល់ខេត្តកោះកុង
បើតាមលោក ណន ចាន់នី អ្នកនាំភ្ញៀវប្រចាំនៅទៅតំបន់នោះបានប្រាប់ឲ្យដឹងថា “ តាមខ្ញុំឭចាស់ៗថាកាលមុននោះមានស្ត្រីចិន២នាក់ ម្នាក់ឈ្មោះ “ចែ” និងម្នាក់ទៀតឈ្មោះ “នាង” ដែលជាមេកន្ទ្រាញដែលរស់នៅក្នុងរូងថ្មធំមួយដែលមានទីតាំងនៅជ្រោះខាងក្រោមខាងមុខកន្លែងតម្កល់ពាងឆ្អឹងសព្វថ្ងៃ រូងនេះអាចដាក់មនុស្សពី៦០ ទៅ៧០នាក់។ ដល់ពេលស្លាប់ដែលមេកន្ទ្រាញស្រីទាំង២នាក់នេះស្លាប់ទៅ គេយកឆ្លឹងរបស់គាត់ទៅដាក់លើភ្នំដែលមានទីតាំងសព្វថ្ងៃ។ រូងនោះគេដាក់ឈ្មោះថា “រូងចែនាង” តែក្រោយមកអ្នកស្រុកនៅទីនោះគេនិយាយថា រូងជនាង ឬរូងជំនាងរហូតមកដល់សព្វថ្ងៃ។”

លោក ណន ចាន់នី បន្តថាពីមុននៅទីនេះមានពាង៤ ក្នុងនោះមានពាង១ មានពណ៌មាសត្រូវគេលួចបាត់ ពាង១ទៀតមានត្រចៀកសងចាប់បាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយពាង២ទៀតមានរូបរាងធម្មតាតែត្រូវគេវាយបំបែកមាត់ស្ថិតនៅលើភ្នំសព្វថ្ងៃ។

ក្រុមឡានភ្ញៀវទេសចរមកបោះតង់សម្រាកនៅលើភ្នំខ្នងស្រល់ជិតទីតាំងពាងដាក់ឆ្អឹងមនុស្សបុរាណកាលពីខែមិថុនាកន្លងទៅ

អ្នកនាំភ្ញៀវរបស់សហគមន៍អារ៉ែងជនជាតិ ជង លោក សេម ឃុំ ហៅ សំ តាំងពីឆ្នាំ២០១៤បានបញ្ជាក់ប្រាប់ថា គាត់បាននាំផ្លូវក្រុមថតមួយក្រុមមកដល់កន្លែងតម្កល់ពាងដាក់ឆ្អឹងមនុស្សបុរាណនេះកាលពីប៉ុន្មានឆ្នាំមុនបានជួបហេតុការណ៍ចម្លែកមួយនៅពេលដែលក្រុមថតនោះកំពុងរៀបចំកាំមេរ៉ាថត តែស្រាប់តែកាំមេរ៉ាមុនខូចរលត់បើមិនចេញ ធ្វើឲ្យក្រុមថតនោះមានការភ្ញាក់ផ្អើលហើយគិតថានៅទីនេះមានអ្នកតាមថែរក្សា។

លោក សេម ឃុំ ហៅ សំ អ្នកនាំភ្ញៀវរបស់សហគមន៍អារ៉ែង

តែបើយោងតាមឯកសាររបស់ មន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកោះកុង បានបញ្ជាក់ថា “ស្ថានីយខ្នងស្រល់ ឬរូងជំនាង នេះមានទីតាំងស្ថិតនៅភូមិទ័ពឃ្លៃ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង។ មានលេខ GPS N 11o40’06.1”- E 103o42’42.1” ។ ជារូង ចម្រាក់ភ្នំបែរមុខទៅទិសខាងត្បូង ស្ថិតនៅច្រាំងដាច់នៃភ្នំដែលមានដើមស្រល់ច្រើន ហើយស្ថិតនៅចំណុច ៧១១ម៉ែត្រ ពីកំរិតកំពស់ទឹកសមុទ្រ។ ស្ថានីយនេះ មានពាងមេណាំណយចំនួនបី ដាក់ឆ្អឹងមនុស្សជាច្រើន មានបាតពាងមេណាំណយពីរ និងអំបែងភាជន៍ផេ្សងទៀតរួមមាន អំបែងក្រឡចិនដែលមានស្រទាប់រលោងពណ៌បៃតង លឿង និង លម្អក្បាច់ឆ្កូត ព្រមទាំងបំណែកអំបែងចានស្រីសាត់ឆាន់ល័យដែលមានស្រទាប់រលោងពណ៌បៃតង”។

ពាងដាក់ឆ្អឹងមនុស្សបុរាណអាយុជិត២ពាន់ឆ្នាំនៅលើភ្នំខ្នងស្រល់ខេត្តកោះកុង

ឯកសារស្រាវជ្រាវដដែលនេះបញ្ជាក់បន្ថែមថា “តាមសម្តីអ្នកភូមិជនជាតិជងនិយាយថា កាលពីមុនស្ថានីយរូងជំនាងនេះ ធ្លាប់មានពាងចំនួន៧។ ការចុះស្រាវជ្រាវក្នុងឆ្នាំ២០១៥ អះអាងនិងបញ្ជាក់ឱ្យដឹងថា “ ប្រសាសន៍របស់ពួក គាត់ជាការពិត” ដោយហេតុយើងក៏រកឃើញអំបែងពាងសម័យអង្គរផងដែរ ដែលស្ថិតនៅលាយឡំជាមួយ អំបែងភាជន៍ជាច្រើនទៀត។ កាលបរិច្ឆេទវិទ្យុសកម្មកាបូនបង្ហាញឱ្យដឹងថា វាមានអាយុចាប់ពី ១៤០៣ រហូតដល់ ១៦៣៤នៃគ្រឹស្តសករាជ”។

សម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិចង់ទៅទស្សនាផ្ទាល់ ពាងឆ្អឹងមនុស្សបុរាណដែលមានអាយុចាប់ពី ១៤០៣ឆ្នាំ រហូតដល់ ១៦៣៤ឆ្នាំ នៃគ្រឹស្តសករាជនេះ សូមទាក់ទងសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង ដែលមានទីតាំងនៅស្រុកថ្មបាំង ខេត្តកោះកុង ៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;