អ្នកជំនាញអចលនទ្រព្យថា ខេត្តព្រះសីហនុ នឹងដូចទីក្រុងសិនជិនប្រទេសចិន
- 2020-07-26 05:06:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញអចលនទ្រព្យថា ខេត្តព្រះសីហនុ នឹងដូចទីក្រុងសិនជិនប្រទេសចិន
ចន្លោះមិនឃើញ
"ខេត្តព្រះសីហនុជាខេត្តជាប់សមុទ្រដែលមានសក្តានុពលប្រហាក់ប្រហែលទីក្រុងសិនជិននៃខេត្តក្វាងទុងប្រទេសចិន ដែលជាទីក្រុងឧស្សាហកម្ម បច្ចេកវិទ្យា ពាណិជ្ជកម្មអន្តរជាតិ ទីក្រុងកំពង់ផែ និងជាទីកំណើតនៃតំបន់សេដ្ឋកិច្ចពិសេសដ៏ល្បីល្បាញលើពិភពលោក។ អំណោយផលនេះរួមផ្សំនឹងគោលនយោបាយអភិវឌ្ឍន៍ដ៏ច្បាស់លាស់របស់រដ្ឋាភិបាលកម្ពុជា បានទាក់ទាញវិនិយោគបរទេសជាច្រើនមកខេត្តព្រះសីហនុ ជាពិសេសវិនិយោគិនចិន" នេះជាការលើកឡើងរបស់ អ្នកស្រី ហ្រ្គែស រចនី អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia ថ្លែងក្នុងសិក្ខាសាលា “បណ្តុះភាពជោគជ័យ 3800 នាក់សម្រាប់អ្នកឯកទេសដីធ្លីប្រចាំតំបន់” នៅខេត្តព្រះសីហនុកាលពីម្សិលមិញ។
ទាក់ទងនឹងនេះ លោក ច្រឹក សុខនីម ប្រធាន CVEA បានលើកឡើងថា ខេត្តព្រះសីហនុត្រូវបានចាត់ទុកជាប៉ូលសេដ្ឋកិច្ចសំខាន់ទី២ បន្ទាប់ពីរាជធានីភ្នំពេញ ហើយនារយៈពេលបីឆ្នាំចុងក្រោយនេះសំណង់អគារខ្ពស់ៗ សកម្មភាពពាណិជ្ជកម្ម និងទីផ្សារអចលនទ្រព្យកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។"សន្ទុះនៃការរីកចម្រើនក្នុងវិស័យអចលនទ្រព្យ គឺទាមទារឲ្យមានភ្នាក់ងារអចលនវត្ថុដែលមានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាពេលបច្ចុប្បន្ននឹងទៅអនាគត"។
អគ្គនាយកក្រុមហ៊ុន Century 21 Fortuna Investment លោក វ៉ា វីរៈ លើកឡើងថា អាជីពជាភ្នាក់ងារអចលនទ្រព្យ ជាអាជីពមួយដែលអាចជួយឱ្យសម្រេចបានភាពជោគជ័យក្នុងជីវិត ហើយអ្នកចូលរួមក្នុងអាជីពនេះគួរពិចារណាផ្តោតលើទីផ្សារឱ្យជាក់លាក់ និងយល់ច្បាស់ពីតំបន់ដែលខ្លួនប្រកបរបរ ហើយការដែលផ្តោតលើទីផ្សារដីធ្លីនេះ ព្រោះដីជាធនធានដែលកម្រ។ ម្យ៉ាងវិញទៀត ទីផ្សារដីធ្លីនេះវាទូលាយ សម្រាប់តម្រូវការវិនិយោគ ដូចជាតម្រូវការដីសម្រាប់ការវិយោគលើលំនៅដ្ឋាន ពាណិជ្ជកម្ម ឧស្សាហកម្ម និងដីសម្រាប់ការធ្វើកសិកម្មជាដើម។
គួរបញ្ជាក់ថា នៅឆ្នាំ២០២០នេះរាជរដ្ឋាភិបាលកម្ពុជាសម្រេចបញ្ចេញថវិកាជាតិប្រមាណ៣០០លានដុល្លារ ដើម្បីកសាងផ្លូវបេតុងចំនួន ៣៤ខ្សែ ប្រវែង ៨២,៥៧៤ គីឡូម៉ែត្រក្នុងខេត្តព្រះសីហនុ ដែលនេះយុទ្ធសាស្ត្រក្នុងការធ្វើឱ្យខេត្តមួយនេះក្លាយជាទីក្រុងទេសចរណ៍ និងពាណិជ្ជកម្មដ៏ស៊ីវិល័យ នឹងជាសរសៃឈាមមួយនៃការុញច្រាននឹងធ្វើឲ្យខេត្តនៅភាគនិរតីមួយនេះនឹងក្លាយជាខេត្តមួយដែលមានសេដ្ឋកិច្ចមានការរីកចម្រើនដូចទីក្រុងសិនជិនដូចអ្នកជំនាញខាងលើកឡើងខាងលើ៕