ឡាន SUV ប្រណីតផុតលេខរបស់ Rolls-Royce ស៊ីសាំងកម្រិតណាដែរ?

  • 2020-07-28 03:41:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Rolls-Royce Cullinan ដែល​ជា​រថយន្ត​ SUV ដំបូង​ផលិត​ដោយ​​ម៉ាក​យីហោ​រថយន្ត​អង់គ្លេស បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​មហាជន​ជា​ច្រើន​ពេល​បង្ហាញ​មុខ​កាល​ពី​ឆ្នាំ ២០១៨ ហើយ​​រថយន្ត​​​នេះ​ដែរ​បាន​​ជួយ​ឲ្យ​ Rolls-Royce ​បង្កើត​បាន​នូវ​កំណត់​ត្រា​លក់​​ដ៏​ច្រើន​មិន​ធ្លាប់​មាន​កាល​ពី​ឆ្នាំ ២០១៩ ផង​ដែរ។ ត​ទៅ​នេះ​ជា​រឿង​រ៉ាវ​មួយ​ចំនួន​អំពី​រថយន្ត Cullinan ៖

  • តម្លៃ

នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក រថយន្ត Rolls-Royce Cullinan មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៣២៥ ០០០​ដុល្លារ មិន​ទាន់​គិត​បញ្ចូល​ថ្លៃ​ដឹក​ជញ្ជូន ២ ៧៥០​ដុល្លារ។

  • Option

រថយន្ត Rolls-Royce មិន​មាន​ជា​ Option ដូច​ជា​រថយន្ត​ដទៃ​ទៀត​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ Rolls-Royce មាន​ផ្ដល់​ជូន​អតិថិជន​​នូវ​ជម្រើស​អាច​ជ្រើស​រើស​​ការ​តុប​តែង​លើ​​រថយន្ត​បាន​តាម​ចិត្ត​ចង់។

  • ប្រព័ន្ធ​ម៉ាស៊ីន

រថយន្ត​នេះ​ប្រើ​ប្រាស់​ម៉ាស៊ីន Twin-Turbo ចំណុះ ៦,៨លីត្រ មាន ១២ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន ៥៦៣​សេះ ភ្ជាប់​ជា​មួយ​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ៨​វគ្គ និង​មាន​ប្រព័ន្ធ​បើកបរ​​ប៉ុង​ពីរ (All-Wheel Drive) មក​ជា​ស្តង់ដារ​តែ​ម្ដង។

  • កម្រិត​ស៊ី​ប្រេង​ឥន្ធនៈ

តាម​​តួ​លេខ​របស់​ស្ថាប័ន EPA បាន​បង្ហាញ​ថា​ រថយន្ត​ Cullinan មាន​កម្រិត​ស៊ី​ប្រេង​ ១៩,៦លីត្រ/១០០​គ.ម ពេល​បើកបរ​ក្នុង​ក្រុង និង​ការ​បើកបរ​លើ​ផ្លូវ​លាត​មាន​កម្រិត​ស៊ី​ប្រេង ១១,៧៦លីត្រ/១០០គ.ម។

  • ប្រព័ន្ធ​សុវត្ថិភាព

រថយន្ត Cullinan គ្រប់​ម៉ូដែល​មាន​បំពាក់​នូវ​ពោងសុវត្ថិភាព​មក​ជា​ស្តង់ដារ​ ដែល​ក្នុង​នោះ​រួម​មាន​ពោង​សុវត្ថិភាព​​​បំពាក់​លើ​ទ្វារ​រថយន្ត ពោង​សុវត្ថិភាព​ផ្នែក​ខាង​លើ​នៃ​បង្អួច​កញ្ចក់​រថយន្ត​មាន​នៅ​កៅអី​ជួរ​ទី​មួយ​និង​ទី​ពីរ និង​ពោង​ការពារ​ជង្គង់​អ្នក​បើកបរ​និង​អ្នក​រួម​ដំណើរ​​ផង​ដែរ។ ឧបករណ៍​សុវត្ថិភាព​វិញ​រួម​មាន​​កាមេរ៉ា​មើល​ពេល​​យប់, ប្រព័ន្ធ​ឲ្យ​ដំណឹង​ពី​អ្នក​ថ្មើ​ជើង និង​សត្វ​ព្រៃ, ប្រព័ន្ធ​ដាស់​តឿន​អ្នក​បើកបរ, កាមេរ៉ា​បង្ហាញ​ទិដ្ឋភាព​បែប Panoramic ចំនួន​បួន, Active Cruise Control, ប្រព័ន្ធ​​ព្រមាន​ពី​ការ​ប៉ះ​ទង្គិច, ប្រព័ន្ធ Cross-Traffic ជំនួយ​ពេល​ចេញ​ពី​ចំណត និង​ប្រព័ន្ធ​ព្រមាន​ពី​ការ​បើក​ខុស​គន្លង​​ផង​ដែរ។​​ ​​​

  • ប្រព័ន្ធ​ឲ្យ​ដំណឹង​ និង​ការ​កម្សាន្ត

​លើ​រថយន្ត Cullinan មាន​ប្រើ​ប្រព័ន្ធ​ឲ្យ​ដំណឹង​ និង​ការ​កម្សាន្ត​​ជំនាន់​ចុង​ក្រោយ​របស់ BMW ​ដែល​រួម​មាន​រន្ធ USB ចំនួន​ប្រាំ និង​មាន​កន្លែង​សាក​ថ្ម​ទូរសព្ទ​ឥត​ប្រើ​ខ្សែ​ផង​ដែរ។ កៅអី​ខាង​ក្រោយ​អាច​ជ្រើស​រើស​បំពាក់​មក​ជា​មួយ​នូវ Tablet ដែល​អាច​ប្រើ​សម្រាប់​បញ្ជា​ប្រព័ន្ធ​កម្សាន្ត និង​ប្រព័ន្ធ​បង្ហាញ​​ផ្លូវ។

  • ​ផាសុកភាព​ក្នុង​រថយន្ត

រថយន្ត Cullinan មាន​ជម្រើស​រៀប​ចំ​កៅអី​ក្រោយ​ចំនួន​ពីរ​ប្រភេទ រួម​មាន Lounge Seats និង Individual Seats។ ជា​មួយ Individual Seats គេ​អាច​បំពាក់​នូវ​ទូ​ដាក់​ភេសជ្ជៈ​មួយ​នៅ​ប្រឡោះ​កណ្ដាល​នៃ​កៅអី​​ក្រោយ​ទាំង​ពីរ ដែល​​ក្នុង​នោះ​មាន​កែវ​ស្រា​វីស្គី​របស់ Rolls-Royce ចំនួន​ពីរ, កែវ​សាំប៉ាញ​ពីរ, ដប​សម្រាប់​ចាក់​ស្រា និង​ទូ​ត្រជាក់​មួយ។

ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​គឺ​ជម្រើស​ Viewing Suite ដែល​នៅ​គូថ​ក្រោយ​រថយន្ត​នឹង​មាន​កៅអី​អាច​បត់​​បាន​ចំនួន​ពីរ រួម​ជា​មួយ​តុ​មួយ​​ផង​ដែរ៕​

ប្រភព៖ Trucks ប្រែ​សម្រួល៖ សុខហេង

;