មុនជាតួកគីបច្ចុប្បន្ន ប្រទេសនេះធ្លាប់ជាចក្រភពដ៏ធំមួយដែលមានអាយុកាលជាង ៦០០ឆ្នាំ
- 2020-07-29 04:41:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនជាតួកគីបច្ចុប្បន្ន ប្រទេសនេះធ្លាប់ជាចក្រភពដ៏ធំមួយដែលមានអាយុកាលជាង ៦០០ឆ្នាំ
ចន្លោះមិនឃើញ
មុនក្លាយជាសាធារណរដ្ឋតួកគីនាពេលបច្ចុប្បន្ន ប្រទេសនេះធ្លាប់ជាចក្រភពដ៏ធំមួយ គឺចក្រភពអូតូម៉ង់ ដែលមានអាយុកាល ៦២៣ឆ្នាំ គិតចាប់ពីឆ្នាំ ១២៩៩ ដល់ ១៩២២។
អ្នកដែលបង្កើតចក្រភពនេះ គឺមានឈ្មោះថា Osman 1 ដែលជាមេដឹកនាំកុលសម្ព័ន្ធតួកគី នៅក្នុងដែនដី Anatolia ក្នុងឆ្នាំ១២៩៩។ ក្រោយបង្កើតឡើងហើយ ស្តេចស៊ុលតង់ Osman I និងស្តេចក្រោយៗទៀតដូចជា Murad I និង Bayezid I បានបន្តពង្រីកទឹកដីជាបន្តបន្ទាប់។
ក្នុងឆ្នាំ១៤៥៣ ស្តេច Mehmed II នៃចក្រភពអូតូម៉ង់ បានវាយដណ្តើមកាន់កាប់ក្រុងកុងស្តង់ទីណូប ដែលជារាជធានីរបស់ចក្រភព Byzantine ហើយដោយបានបញ្ចប់អាយុកាល ១ពាន់ឆ្នាំរបស់ចក្រភពនេះផងដែរ។ ក្រោយមកក្រុងកុងស្តង់ទីណូប ត្រូវបានប្តូរឈ្មោះទៅជាក្រុងអ៊ីស្តានប៊ុល និងក្លាយជារាជធានីថ្មីរបស់ចក្រភពអូតូម៉ង់។
ក្នុងឆ្នាំ១៥១៧ ស្តេច Selim I បានប្រមូលយកស៊ីរី អារ៉ាប់ ប៉ាឡេស្ទីន និងអេហ្ស៊ីប មកស្ថិតក្រោមការគ្រប់គ្រងរបស់ចក្រភពអូតូម៉ង់។
ចក្រភពនេះ បានឈានដល់កម្រិតកំពូលទាំងកម្លាំងទ័ព និងទ្រព្យសម្បត្តិហូរហៀ នៅចន្លោះឆ្នាំ ១៥២០ ដល់ ១៥៦៦ ក្នុងអំឡុងការសោយរាជ្យរបស់ស្តេច Suleiman the Magnificent។ ពេលនោះ ទឹកដីចក្រភពអូតូម៉ង់បានរីកធំបំផុតដែលមានផ្ទៃដីសរុបជាង ២,២៧លានគីឡូម៉ែត្រការ៉េ លាតសន្ធឹងលើមជ្ឈិមបូព៌ា អឺរ៉ុបខាងកើត និងអាហ្វ្រិកខាងជើង។
ជារួមបើគិតប្រទេសបច្ចុប្បន្ន ដែលស្ថិតក្នុងទឹកដីអូតូម៉ង់ពេលនោះ រួមមាន៖ តួកគី, អាល់បានី, អាល់ហ្សេរី, អាមេនី, បូស្ន៊ី, ប៊ុលហ្គារី, សាយព្រុស, អេហ្ស៊ីប, អ៊ីរីទ្រា, ក្រិច, ហុងគ្រី, ស្លូវ៉ាគី, អ៊ីរ៉ាក់, ហ្សកដានី, កូសូវ៉ូ, លីប៊ី, ម៉ាកសេដូនី, ម៉ង់តេណេក្រូ, ប៉ាឡេស្ទីន, អ៊ីស្រាអែល, ស៊ែប, ស៊ីរី, ស៊ូដង់, ទុយនីស៊ី និងអ៊ុយក្រែន។
យ៉ាងណាមិញ ចាប់ពីឆ្នាំ១៦០០មក ចក្រភពអូតូម៉ង់ បានចាប់ផ្តើមធ្លាក់ចុះបន្តិចម្តងៗទាំងទ័ព និងសេដ្ឋកិច្ច ពិសេសគឺការគ្រប់គ្រងនៅតំបន់អឺរ៉ុប ព្រោះថាពេលនោះជាសម័យនៃការងើបឡើងរបស់អឺរ៉ុប ជាពិសេសក្រោយបដិវត្តន៍ឧស្សហកម្មនៅអង់គ្លេស។
ពីឆ្នាំ ១៨៣០ ដល់ ១៨៧៨ ក្រិច រូម៉ានី ស៊ែប និងប៊ុលហ្គារី បានផ្តាច់ខ្លួនចេញពីចក្រភពអូតូម៉ង់ ដោយប្រកាសឯករាជ្យរៀងៗខ្លួន។ ក្នុងអំឡុងសង្គ្រាមនៅឧបទ្វីបបាល់កាន ចន្លោះឆ្នាំ ១៩១២ និង ១៩១៣ ចក្រភពអូតូម៉ង់ បានបាត់បង់ទឹកដីរបស់ខ្លួនស្ទើរតែទាំងអស់នៅអឺរ៉ុប។
ក្នុងសង្គ្រាមលោកលើកទី១ នៅឆ្នាំ១៩១៤ កងទ័ពអូតូម៉ង់ បានចូលរួមសម្ព័ន្ធមិត្តជាមួយអាល្លឺម៉ង់ និងអូទ្រីស-ហុងគ្រី ប៉ុន្តែសម្ព័ន្ធទាំងនេះ បានចាញ់សង្គ្រាម នៅខែតុលា ឆ្នាំ១៩១៨ ហើយក្រោយពីពេលនោះមក ទឹកដីអូតូម៉ង់ភាគច្រើន ត្រូវបានហែកចែកគ្នាកាន់កាប់ដោយអង់គ្លេស បារាំង ក្រិច និងរុស្ស៊ី។
ចក្រភពអូតូម៉ង់ ត្រូវបានបញ្ចប់អាយុកាលត្រឹមឆ្នាំ ១៩២២។ តួកគី ដែលជាអ្នកស្នងតំណែង បានប្រកាសបង្កើតសាធារណរដ្ឋនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩២៣។ លោក Mustafa Kemal Ataturk ដែលជាស្ថាបនិកសាធារណរដ្ឋតួកគី បានធ្វើជាប្រធានាធិបតីទីមួយនៃប្រទេសនេះ រហូតដល់ទទួលមរណភាពក្នុងឆ្នាំ១៩៣៨៕