មន្រ្តីជាន់ខ្ពស់ធនាគារជាតិ បញ្ជាក់ចំពោះការផ្អាកផ្គត់ផ្គង់ក្រដាសប្រាក់ ១ដុល្លារ, ៥ដុល្លារ និង១០ដុល្លាររបស់ផ្សារអ៊ីអន
- 2020-07-30 08:12:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ បញ្ជាក់ចំពោះការផ្អាកផ្គត់ផ្គង់ក្រដាសប្រាក់ ១ដុល្លារ, ៥ដុល្លារ និង១០ដុល្លាររបស់ផ្សារអ៊ីអន
ចន្លោះមិនឃើញ
ក្រោយផ្សារទំនើបអ៊ីអនប្រកាសថា នឹងផ្អាកការផ្គត់ផ្គង់ក្រដាសប្រាក់ ១ដុល្លារ, ៥ដុល្លារ និង ១០ដុល្លារ ចាប់ពីខែសីហាទៅ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ធនាគារជាតិមិនអាចបង្ខំឱ្យផ្សារទំនើបនេះ អាប់នូវក្រដាសប្រាក់ទាំងនោះបានដែរ។
លោកស្រីបានសរសេរនៅលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា៖
ចំពោះការប្រកាសរបស់ផ្សារទំនើបអ៊ីអន គាត់នៅតែទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូច ប៉ុន្តែប្រសិនបើគាត់មិនមានក្រដាសដុល្លារទាំងនេះសម្រាប់អាប់ ក៏យើងមិនអាចបង្ខំគាត់អោយអាប់នូវក្រដាសទាំងនោះបានដែរ។ សំខាន់ គាត់អាចអាប់ក្រដាសប្រាក់ណាដែលគាត់មាន។ យើងទាំងអស់គ្នាគួរបន្តគាំទ្រការប្រើប្រាស់រៀលឱ្យបានទូលំទូលាយ។ សូមបញ្ជាក់ថា នៅក្នុងមាត្រា៦៤ នៃច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជាចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ ចែងថា “ជនណាពុំព្រមទូទាត់រូបិយវត្ថុដែលមានតម្លៃនិត្យានុកូលនិងមានតេជានុភាពធ្វើសេរីកា លើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវបានផ្តន្ទាទោសពិន័យជាប្រាក់ស្មើនឹង ១០០ ដង នៃទឹកប្រាក់ដែលពុំទូទាត់នោះ។” ជាទូទៅជប៉ុនគាត់តែងតែគាំទ្រប្រាក់រៀល តាមរយៈ ការជួយសិក្សាស្រាវជ្រាវពីការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជាតាមរយៈ JICA ការទទួលយកតែប្រាក់រៀលសម្រាប់ទូទាត់ ទិដ្ឋាការ នៅស្ថានទូតជប៉ុន ការចេញមុនគេឧបករណ៍ទូទាត់តែប្រាក់រៀលតែ១គត់ របស់ធនាគារឯកទេស Aeon និងសូម្បីតែការដាក់តម្លៃជាប្រាក់រៀលក្នុងផ្សារទំនើបមុនគេក្នុងចំណោមផ្សារទំនើបទាំងអស់នៅកម្ពុជា៕