បើ​បាន​ជា​ប្រពន្ធ​មិន​ខុស​ទេ! ខ្មៅ​ពិត​មែន តែ​សល់​លុយ​រាប់​លាន​ដុល្លារ​ឯណោះ

  • 2020-08-04 01:25:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធ្លាប់​ឆ្លង​កាត់​ពាក្យ​គេ​​តិះដៀល​ជា​ច្រើន​រាប់​ឡើង​ភ្លេច តែ​ជីវិត​របស់​ស្ត្រី​សម្បុរ​ខ្មៅ​ព្រិច​រូប​នេះ​មិន​ធ្លាក់​ចុះ​ដុនដាប​​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ Nyakim Gatwech បាន​កសាង​កេរ្តិ៍​ឈ្មោះ​ល្បី​សុះសាយ​ពាសពេញ​ពិភពលោក ហើយ​ទទួល​រហស្សនាម​ថា​ជា "រាជិនី​ស្បែក​ខ្មៅ" របស់​ប្រទេស​ស៊ូដង់​ថែម​ទៀត​ផង។ បើ​និយាយ​ពី​រឿង​លុយ​កាក់​វិញ នាង​បច្ចុប្បន្ន​សល់​ទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ​ជា ៤​លាន​ដុល្លារ​ឯណោះ ដោយ​ការងារ​ចម្បងៗ​ធ្វើ​ជា​ទូត​សុឆន្ទៈ​ឲ្យ​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​ដូចជា​ផលិតផល​នារី Fashion Nova ជា​ដើម។

Nyakim បាន​រៀបរាប់​ពី​ទុក្ខ​សោក​ជា​ច្រើន​ពី​អតីតកាល ដែល​នាង​ធ្លាប់​ត្រូវ​គេ​មើល​ងាយ ហើយ​សូម្បី​តែ​ប្រឡូក​ចូល​ការងារ​​គ្រា​ដំបូងៗ អ្នក​ថត​រូប​បាន​ព្យាយាម​ដំឡើង​ពណ៌​សាច់​ឲ្យ​នាង​ថែម​ទៀត​ផង ប៉ុន្តែ​ត្រូវ​នាង​បដិសេធ​ដោយ​នាង​ចង់​រក្សា​សម្រស់​ដើម​ពី​ធម្មជាតិ​គ្មាន​ការ​ផ្លាស់ប្ដូរ​ឡើយ។ បន្ថែម​ពី​នេះ ​មាន​ពេល​មួយ នាង​ត្រូវ​អ្នក​រត់តាក់ស៊ី​សួរ​បែប​លេង​សើច​ថា ចង់​ប្ដូរ​ពណ៌​ស្បែក​ឲ្យ​ស​​ឬ​ទេ បើ​គេ​ឲ្យ​លុយ​នាង​១​ម៉ឺន​ដុល្លារ? Nyakim ឆ្លើយ​ទៅ​វិញ​ថា "ទេ" នាង​មិន​ចង់​បាន​ស្បែក​ស​អី​នោះ​ទេ ហើយ​ការ​ដែល​មាន​ស្បែក​ខ្មៅ​ជាង​គេ​ជាង​​ឯង​នេះ​គឺ​ជា​​ការ​ប្រទាន​ពរ​ពី​ព្រះ​ទៅ​វិញ​ទេ​សម្រាប់​ជីវិត​នាង។

សព្វ​ថ្ងៃ Nyakim តែង​និយាយ​លើក​ទឹក​ចិត្ត​ជា​ហូរហែ​​ទៅ​កាន់​ក្មេង​ស្រីៗ ជា​ពិសេស​ចំពោះ​​អ្នក​ដែល​មាន​សម្បុរ​ខ្មៅ។ ​​​​​​​​​​​​មួយ​ក្នុង​ចំណោម​ឃ្លា​ល្បីល្បាញ​របស់ Nyakim គឺ៖ "ខ្មៅ​គឺ​អង់អាច ខ្មៅ​គឺ​ស្រស់​ស្អាត ខ្មៅ​គឺ​មាស... កុំ​ឲ្យ​ស្តង់ដារ​អាមេរិក​បំផ្លាញ​​ដួង​ព្រលឹង​អាហ្វ្រិក​របស់​អ្នក"៕

ប្រភព៖ Face2Face ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;