បើលក់មិនចេញទេ កម្មវិធី TikTok នឹងត្រូវបិទនៅអាមេរិកនៅថ្ងៃទី១៥ កញ្ញា

  • 2020-08-04 03:57:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រសិន​បើ​ផែនការ​ទិញ​យក​ប្រតិបត្តិការ​​របស់ TikTok នៅ​អាមេរិក ពី​សំណាក់​ក្រុមហ៊ុន​​ធំ​ៗ​នៅ​អាមេរិក​ ​មិន​អាច​សម្រេច​រួច​រាល់​ត្រឹម​ថ្ងៃ​ទី១៥ ខែ​កញ្ញា​ទេ​នោះ រដ្ឋបាល​លោក ដូណាល់ ត្រាំ នឹង​បិទ TikTok មិន​ឲ្យ​ប្រើ​នៅ​អាមេរិក​ឡើយ។

​ក្នុង​កិច្ច​ប្រជុំ​នា​ថ្ងៃ​នេះ លោក ដូណាល់ ត្រាំ បាន​បញ្ជាក់​ថា​យល់​ព្រម​ឲ្យ​ក្រុមហ៊ុន Microsoft ឬ​ក្រុមហ៊ុន​អាមេរិក​ដទៃ​ទៀត ទិញ​យក​ប្រតិបត្តិការ​​កម្មវិធី TikTok ​នៅ​អាមេរិក ដើម្បី​ឲ្យ​កម្មវិធី​នេះ​អាច​ដំណើរ​ការ​បាន​ត​ទៀត។ បន្ថែម​ពី​នេះ​ដែរ រតនាគារ​អាមេរិក​​​នឹង​ត្រូវ​ទទួល​បាន​ភាគលាភ​មួយ​ចំណែក​ធំ ពី​ការ​លក់​ប្រតិបត្តិការ​ TikTok នេះ​ផង​ដែរ។

លោក ដូណាល់ ត្រាំ​បាន​លើក​ឡើង​ដូច​នេះ​ថា ៖ “ខ្ញុំ​មិន​ប្រកាន់​ថា​ Microsoft ឬ​អ្នក​ផ្សេង ក្រុមហ៊ុន​ធំ​របស់​អាមេរិក​ណា​មួយ​ទិញ​យក​វា​នោះ​ទេ។ វា​នឹង​ត្រូវ​បិទ​នៅ​ថ្ងៃ​ទី១៥ ខែ​កញ្ញា លុះត្រាតែ​ Microsoft ឬ​ក្រុមហ៊ុន​ណា​អាច​ទិញ​យក និង​ឯកភាព​លើ​តម្លៃ​សមរម្យ​មួយ ដូច​នេះ​រតនាគារជាតិ​អាមេរិក​នឹង​ទទួល​បាន​ចំណែក​ភាគ​លាភ​ច្រើន។​”

គេ​មិន​ច្បាស់​​នោះ​ទេ​ថា​រតនាគារជាតិ​អាមេរិក​នឹង​ទទួល​បាន​ចំណែក​ភាគលាភ​ពី​ការ​ទិញ​យក​​ប្រតិបត្តិការ TikTok ដោយ​វិធី​ណា​នោះ​ទេ តើ​ Microsoft ជា​អ្នក​ចំណាយ ឬ ByteDance ជា​អ្នក​ចំណាយ ឬ​​ភាគី​ទាំង​ពីរ​ជា​អ្នក​ចំណាយ? វា​ច្បាស់​ជា​ធ្វើ​ឲ្យ​ការ​ចរចា​ទិញ​កាន់​តែ​ពិបាក ប្រសិន​បើ​ចំណែក​ភាគលាភ​ដែល​​រតនាគារ​ជាតិ​អាមេរិក​ចង់​បាន មាន​ចំនួន​ច្រើន៕​​​

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;