មកដឹងចំណុចខុសគ្នាធំៗ រវាង Note20 និង Note20 Ultra មុនសម្រេចទិញ

  • 2020-08-06 07:13:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Galaxy Note20 និង Note20 Ultra ដែល​​មាន​មនុស្ស​ជា​ច្រើន​ទន្ទឹង​រង់ចាំ​បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​កាល​ពី​យប់​មិញ​។ ពេល​នេះ​មក​ដឹង​អំពី​ចំណុច​ខុស​គ្នា​រវាង​ស្មាតហ្វូន​ទាំង​ពីរ​ប្រភេទ ​ដើម្បី​ងាយ​ស្រួល​សម្រេច​ចិត្ត​ថា​គួរ​ទិញ​មួយ​ណា​ប្រើ ៖

១. ការ​ឌីហ្សាញ និង​ការ​ផលិត​

​ត្រកូល Note10 ​មាន​​ការ​ឌីហ្សាញ​រូបរាង​​ស្រដៀង​គ្នា​ខ្លាំង ប៉ុន្តែ​មក​ដល់​ត្រកូល​​ Galaxy Note20 ​ក្រុមហ៊ុន​បាន​សម្រេច​ដើរ​ផ្លូវ​ផ្សេង​វិញ​ម្ដង។ Galaxy Note20 មាន​រាង​កោង​ និង​មាន​​ជ្រុង​ទាំង​បួន​រាង​មូល ចំណែក Note20 Ultra វិញ​មាន​រាង​​​ជា​ជ្រុងៗ​ដូច​ជា​ Galaxy Note​ ជំនាន់​មុន​ដែរ។ ចំណុច​ខុស​គ្នា​មួយ​ទៀត​គឺ​ Note20 មាន​អេក្រង់​រាប​ស្មើ ឯ​ Note20 Ultra វិញ​មាន​អេក្រង់​រាង​កោង។

​ខុស​គ្នា​កាន់​តែ​ខ្លាំង​នោះ​គឺ Note20 មាន​តួ​ខ្លួន​ផលិត​ឡើង​ពី​ប្លាស្ទិក​ ចំណែក​ឯ Note20 Ultra វិញ​មាន​ប្រើ​ប្រាស់​នូវ​កញ្ចក់​បែប Premium និង​​​លាយ​គ្នា​ជា​មួយ​លោហៈ​ធាតុ​ផង​ដែរ។ យ៉ាងណាក្ដី​ពួក​វា​ទាំង​ពីរ​មាន​សមត្ថភាព​ធន់​នឹង​ទឹក និង​ធូលី​ដី​កម្រិត IP68 ដូច​គ្នា។

២. អេក្រង់

អេក្រង់​របស់ Note20 មាន Refresh Rate ត្រឹម 60Hz ខណៈ​ដែល Note20 Ultra មាន Refresh Rate ដល់ 120Hz។ Note20 Ultra មាន​ទំហំ ៦,៩អ៊ីញ អាច​បង្ហាញ​រូប​កម្រិត QHD+ និង​ជា​ប្រភេទ Dynamic AMOLED 2X ​ហើយ​ Note20 មាន​អេក្រង់ ៦,៧អ៊ីញ អាច​បង្ហាញ​រូប​កម្រិត FHD+ ជា​ប្រភេទ Super AMOLED។

៣. គ្រឿង​ក្នុង​

Galaxy Note20 ទាំង​ពីរ​មាន​បំពាក់​នូវ​ឈីប​ពីរ​ប្រភេទ មាន​ឈីប Snapdragon 865+ និង​ឈីប Exynos 990 ដែល​នៅ​ប្រទេស​កម្ពុជា​ប្រើ​ប្រាស់​ឈីប​ Exynos 990។ វា​មាន​ជម្រើស RAM ទំហំ ៨GB ដូច​គ្នា ប៉ុន្តែ Note20 មាន​​​តែ​ជម្រើស​អង្គ​ផ្ទុក ២៥៦GB ខណៈ​ដែល Note20 Ultra មាន​ជម្រើស​ទំហំ ៥១២GB មួយ​ទៀត។ យ៉ាងណាក្ដី​វា​ទាំង​ពីរ​មាន​រន្ធ​ដោត​ microSD សម្រាប់​ដំឡើង​ទំហំ​បាន។ ចំពោះ​ថ្ម​វិញ Note20 មាន​ទំហំ ៤៣០០mAh ហើយ​បង​របស់​វា​មាន​ថ្ម​ទំហំ ៤៥០០ mAh ដែល​គាំទ្រ​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន 25W ដូច​គ្នា។

៤. កាមេរ៉ា​

ប្រព័ន្ធ​កាមេរ៉ា​លើ​ត្រកូល Note20 មាន​លក្ខណៈ​ខុស​គ្នា​ខ្លាំង ដោយ​ Note20 Ultra មាន​កាមេរ៉ា​មេ​ទំហំ ១០៨MP ចំណែក​កាមេរ៉ា​​មេ​លើ Note20 ​មាន​ទំហំ​ត្រឹម ១២MP ប៉ុណ្ណោះ។ កាមេរ៉ា​ Ultrawide មាន​ដូច​គ្នា ដែល​មាន​ទំហំ ១២MP អាច​ថត​រូប​​ប្លង់ ១២០​ដឺក្រេ។

ចូល​ដល់​កាមេរ៉ា​ Zoom វិញ នៅ​លើ Note20 មាន​កាមេរ៉ា​ Telephoto ទំហំ ៦៤MP ដែល​អាច​ Zoom Optical 3X និង Zoom Hybrid បាន 30X។ ចំណែក​កាមេរ៉ា Telephoto របស់ Note20 Ultra មាន​ទំហំ ១២MP អាច Zoom Optical បាន 5X និង Zoom Hybrid បាន 50X។ ​គួរ​ដឹង​ថា​​ប្រព័ន្ធ​កាមេរ៉ា​របស់​ Note20 Ultra មាន​គួប​ផ្សំ​ដោយ​ Sensor Laser Autofocus សម្រាប់​ជំនួយ​ការ Focus ដល់​កាមេរ៉ា​មេ ដែល​លើ Note20 ធម្មតា​មិន​មាន​ឡើយ៕

ប្រភព៖ pocketnow ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;