ពីឡុត​​រូបនេះ​បង្ហាញ​អារម្មណ៍ពិត ​ក្រោយ​បើកយន្តហោះ​ទៅ​ទម្លាក់​គ្រាប់បែក​បរមាណូ​លើ​ប្រទេស​ជប៉ុន

  • 2020-08-06 08:02:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បី​បង្ខំ​ឱ្យជប៉ុន​ចុះចាញ់​សង្គ្រាម​លោកលើកទី២ អាមេរិក បាន​ប្រើធម៌ក្តៅ​បំផុត​មួយ​ដោយ​បញ្ជូន​យន្តហោះ​ទៅទម្លាក់​គ្រាប់បែក​បរមាណូ​លើក​ដំបូង​បង្អស់​ទៅលើ​ប្រទេស​មួយនេះ។

យន្តហោះ B-29 ដែលបើកដោយពីឡុតឈ្មោះ Paul W. Tibbets ចេញពី​កោះ Tinian ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បាន​ដឹក​គ្រាប់បែកបរិមាណូឈ្មោះ «Little Boy» សំដៅទៅទម្លាក់នៅគោលដៅ​ក្រុងហ៊ីរ៉ូស៊ីម៉ា នៅម៉ោង ៨:១៥នាទីព្រឹក​ថ្ងៃទី៦ ខែសីហា ១៩៤៥។ ការ​ទម្លាក់គ្រាប់បែកនេះ បានធ្វើឱ្យមនុស្សប្រមាណ ១៤ម៉ឺននាក់​ក្នុងក្រុងត្រូវបាត់​បង់​ជីវិត។

ជុំវិញ​ការទម្លាក់​គ្រាប់បែក​មហាប្រល័យ​លោក​នេះ លោក Paul W. Tibbets បាន​ថ្លែង​ក្នុងកិច្ចសម្ភាសន៍​មួយ​កាលពីឆ្នាំ​១៩៨៩​ថា នេះ​ជាកិច្ចការ​ប្រកបដោយ​មោទនភាព​ដែល​លោកបាន​បម្រើ​ឱ្យប្រទេសជាតិ ហើយ​លោកក៏​តែងតែ​ដេកលក់ស្រួលរាល់យប់ដែរ ពោលគឺ​លោក​គ្មានការសោកស្តាយអ្វីនោះទេ។

តែទោះ​យ៉ាងណាក៏ដោយ លោកថា​ លើកទី១ ដែល​លោក​បាន​ទម្លាក់​គ្រាប់បែក​​លើគោលដៅ​ទីក្រុងមួយនោះ លោក​បាននិយាយមកកាន់ខ្លួនឯងថា «ប្រជាជន​កំពុងតែស្លាប់នៅទីនោះ ទាំងដែលពួកគេ​មិន​មានហេតុផលអីដែលត្រូវស្លាប់ឡើយ។ ពួកគេមិនមែន​ជាទាហាននោះទេ»។

បន្ទាប់មក​លោក​ក៏មានគំនិត​មួយទៀតយល់ឃើញថា ការទម្លាក់គ្រាប់បែកនោះ មិនមែន​ជារឿងផ្ទាល់ខ្លួនលោកឡើយ។ «ខ្ញុំ​ត្រូវបាន​ណែនាំ​ឱ្យ​បំពេញ​បេសកកម្ម​យោធា​ក្នុងការ​ទម្លាក់​គ្រាប់បែក ហើយនោះជាអ្វី​ដែល​ខ្ញុំ​ត្រូវធ្វើឱ្យអស់​ពីលទ្ធភាព»។

ពីឡុតរូបនេះ បាន​និយាយថា ក្នុងសង្គ្រាម គ្មានពាក្យឡើយថា​សីលធម៌។ «ខ្ញុំមិនខ្វល់ថាតើអ្នកកំពុងទម្លាក់​គ្រាប់បែកបរមាណូ ឬ​គ្រាប់​បែក​ទម្ងន់ ១០០ផោន ឬកំពុង​បាញ់​កាំភ្លើងទេ ពោលគឺអ្នកត្រូវយករឿងសីលធម៌​ចេញពី​ក្នុងចិត្តអ្នក»។

ការទម្លាក់​គ្រាប់បែកលើកទី១ ជប៉ុន​នៅមិនទាន់យល់ព្រមចុះចាញ់នៅឡើយទេ។ ៣ថ្ងៃក្រោយមកទៀត គឺនៅថ្ងៃទី៩ ខែសីហា ឆ្នាំ​១៩៤៥ លោក​បាន​បើកយន្តហោះទៅទម្លាក់គ្រាប់បែកបរមាណូ​មួយទៀតឈ្មោះ «Fat Man» នៅក្រុងណាហ្គាសាគី ដែលធ្វើឱ្យមនុស្សប្រមាណ ៨ម៉ឺននាក់បានស្លាប់។ ក្រោយមកមិនបានប៉ុន្មានថ្ងៃផង ជប៉ុន ក៏ប្រកាសចុះចាញ់សង្គ្រាមតែម្តង។

សូម​ជម្រាប​ថា លោក Paul W. Tibbets បាន​កើត​ក្នុងឆ្នាំ១៩១៥ នៅរដ្ឋ Illionois និង​បានស្លាប់​ក្នុងឆ្នាំ​២០០៧ នៅ​រដ្ឋ Ohio ក្នុងអាយុ ៩២។ លោកបាន​ចូលបម្រើទ័ព​អាកាស​អាមេរិកពីឆ្នាំ ១៩៣៧-១៩៦៦៕

ចុចអាន៖ ការពិត! គ្រាប់បែក​បរមាណូ​ដែល​ទម្លាក់​លើ​ជប៉ុន គឺបាន​ផ្ទុះ​ទាំងមិន​ទាន់ធ្លាក់​ដល់ដី

ប្រភព៖ Cincinnati

;