មុនចូលគេងបើធ្វើប៉ុន្មានជំហាននេះសិន ស្បែកអ្នកនឹងម៉ត់រលោងស្រិល មិនងាយចាស់
- 2020-08-07 04:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនចូលគេងបើធ្វើប៉ុន្មានជំហាននេះសិន ស្បែកអ្នកនឹងម៉ត់រលោងស្រិល មិនងាយចាស់
ចន្លោះមិនឃើញ
មុខក្មេងជាងវ័យ និងស្រស់ផូរផង់ ជាអ្វីដែលមនុស្សស្រីគ្រប់រូបត្រូវការ។ ដូច្នេះហើយ ការថែទាំសម្រស់ស្បែកមុខមិនថាពេលថ្ងៃ ឬយប់សុទ្ធតែសំខាន់ដូចគ្នា។ យ៉ាងណាក៏ដោយ បើអ្នកបានអនុវត្តតាមជំហានទាំង៤នេះ មុនចូលគេង ស្បែកមុខរបស់អ្នកនឹងសខ្ចី ហើយក្មេងជាងអាយុឆ្ងាយណាស់។
១. ជូតមុខជាមួយ Toner រាល់ពេល ក្រោយលាងសម្អាតមុខរួច
ទោះជាបានលាងមុខដោយហ្វូមហើយក៏ដោយ តែមិនប្រាកដថាស្បែកមុខរបស់អ្នកស្អាត១០០%ដែរ ។ ម្ល៉ោះហើយ ដើម្បីបង្កើនទំនុកចិត្តថាស្បែកពិតជាជ្រះល្អ មិត្តនារីគប្បីជូតមុខថ្នមៗជាមួយ Toner នឹងសំឡីកប្បាស គ្រប់ពេលបន្ទាប់ពីលាងមុខរួច។ វានឹងជួយលៃលក pH របស់ស្បែកឲ្យមានតុល្យភាពបានល្អជាងមុន។
២. ស្ទីមមុខដើម្បីបើករន្ធញើស កម្ចាត់ធូលីកខ្វក់ចេញ
មិត្តនារីប្រាកដជាធ្លាប់ឮពីការស្ទីមមុខហើយមែនទេ? វិធីនេះជួយកម្ចាត់ធាតុកខ្វក់ចេញពីរន្ធរោមដែលតែងតោងជាប់នៅតំបន់ច្រមុះ ក៏ដូចជាចង្ការផងដែរ។ ម្យ៉ាងទៀត បើអ្នកអនុវត្តបានទៀងទាត់ ក្នុងមួយសប្ដាហ៍៣ដង នោះស្បែកមុខនឹងសរលោង ដូចបណ្តូលចេកផងដែរ។ អ្នកអាចចាក់ទឹកក្តៅមួយចានគោម ហើយស្រូបយកចំហាយពីទឹកក្តៅរហូតទាល់តែមុខបែកញើសល្អ ឬក៏អ្នកអាចយកកន្សែងជ្រលក់ទឹកក្តៅ រួចយកស្អំលើមុខក៏បាន។
៣. ផ្តល់សំណើមដល់ស្បែក មុនពេលចូលគេង
សម្រាប់មិត្តនារីដែលគេងបើកម៉ាស៊ីនត្រជាក់រាល់យប់ ងាយនឹងធ្វើឲ្សស្បែកស្ងួតជាទីបំផុត។ ដូចនេះហើយ មុនចូលគេង គួរផ្តល់សំណើមដល់ស្បែកមុខ ដើម្បីពេលក្រោកពីគេង មុខមានជាតិទឹក និងស្រស់ថ្លាល្អ។ វិធីដែលជួយបាន មាន២យ៉ាង ទី១ អ្នកអាចលាបគ្រីមដែលផ្ទុកជាតិទឹកដល់ស្បែក។ ហើយបើអ្នកចង់ឲ្យស្បែកទទួលបានសារធាតុចិញ្ចឹម ព្រមទាំងសំណើមក្នុងពេលតែមួយនោះ គប្បីបិទម៉ាស។ តែកុំភ្លេច កំណត់ពេលវេលាបិទម៉ាសឲ្យបានត្រឹមត្រូវ ព្រោះបើអ្នកទុកចោលយូរ ឬបិទចោលពេញមួយយប់ វានឹងស្រូបយកជាតិសំណើមពីស្បែកមុខរបស់អ្នកវិញមិនខាន។
៤. លាបគ្រីមភ្នែករាល់យប់មុនពេលចូលគេង ដើម្បីកុំឲ្យរង្វង់ភ្នែកមិនខ្មៅស្លក់
បើសិនជាមុខសហើយ តែភ្នែកខ្មៅស្លក់ដូចផេនដា សាកគិតមើលទៅ តើអាក្រក់កម្រិតណា? ភាគច្រើន អ្នកដែលចូលចិត្តចូលគេងយប់ជ្រៅ តាមដានរឿងភាគដាច់យប់ ឬអ្នកធ្វើការហត់នឿយជាដើម សុទ្ធតែជួបប្រទះនឹងបញ្ហាទាំងអស់នេះ។ ស្នាមខ្មៅនៅក្រោមរង្វង់ភ្នែក វានឹងធ្វើឲ្យមុខមើលទៅយ៉ាប់មើលបំផុត ប្រៀបដូចជាមនុស្សមានជំងឺ។ ម្ល៉ោះហើយ មុនដាក់ក្បាលដល់ខ្នើយកើយ មិត្តនារីកុំភ្លេចលាបគ្រីមភ្នែករាល់យប់ ដើម្បីផ្តល់សំណើមជួបបំបាត់ស្នាមជ្រួញ ព្រមទាំងស្នាមខ្មៅផងដែរ៕