គេ​បង្កើត​អាស៊ាន​ដំបូង មិនមែន​ដោយសារ​សេដ្ឋកិច្ច​ទេ គឺ​ដោយសារ​រឿងមួយ​នេះ!

  • 2020-08-07 08:07:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបាន​បង្កើត​ឡើង​នៅថ្ងៃទី៨ ខែសីហា ឆ្នាំ​១៩៦៧ ដោយ​ប្រទេស​ចំនួន៥ រួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ។ រដ្ឋមន្រ្តី​ការបរទេស​ទាំង៥​ប្រទេស បាន​ចុះហត្ថលេខា​រួមគ្នា​លើសេចក្តីប្រកាស​បង្កើត​អាស៊ាន​នេះ ក្នុងទីក្រុង​បាងកក។

ក្នុងចំណោម​ស្ថាបនិក​ទាំង៥ លោក Thanat Khoman ដែលជារដ្ឋមន្រ្តី​ការបរទេស​នាពេលនោះ បាន​ពន្យល់​អំពី​មូលហេតុ​ដ៏សំខាន់​ក្នុងការ​បង្កើត​អាស៊ាន ក្នុង​អត្ថបទមួយ​ដែល​ចេញផ្សាយ​កាលពី​ឆ្នាំ​១៩៩២។

លោកបាន​សង្កត់ធ្ងន់​ថា ការបង្កើត​អង្គការ​តំបន់​នេះឡើង​ក្នុងគោល​បំណងសំខាន់​បំផុត គឺ​ដើម្បីរួមគ្នា​ទប់ទល់​នឹងពួកមហាអំណាច​ក្នុងអំឡុងសម័យ​សង្គ្រាមត្រជាក់ រួមមាន​ អាមេរិក និងសហភាពសូវៀត ព្រមទាំងចិន​ផងដែរ​ ពោលគឺ​រវាង​ប្លុកសេរី និងកុម្មុយនិស្ត។ «កត្តាជំរុញ​កិច្ចប្រឹងប្រែង​របស់យើង​ គឺ​ការឈររួមគ្នា​ជាកម្លាំង និង​ការពារ​ពួកយើង​ទប់ទល់​នឹង​ការប្រកួតប្រជែងរបស់​មហា​អំណាចធំៗ»។

លោក​ក៏​លើកឡើង​មូលហេតុ​មួយ​ទៀត​ដែរ​ថា ដោយសារ​តែ​បទពិសោធន៍​នៃអង្គការ​សេអាតូ ព្រោះថាអង្គការយោធា​នេះ ​គឺ​មាន​ប្រទេស​ជាសមាជិក ដែលនៅឆ្ងាយៗ​ពីគ្នា ម្លោះហើយវា​គឺគ្មាន​ប្រសិទ្ធភាព​ក្នុង​កិច្ចសហប្រតិបត្តិការ​ឡើយ។

សូមជម្រាប​ថា មកដល់ពេលនេះ​អាស៊ាន មានសមាជិក ១០​ប្រទេស​រួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម ប្រ៊ុយណេ មីយ៉ាន់ម៉ា ឡាវ និង​កម្ពុជា៕

ប្រភព៖ Asean

អត្ថបទថ្មី
;