២នាក់ម៉ាក់កូន យក iPhone ក្លែងក្លាយដូរយក iPhone ថ្មីបាន ១ពាន់គ្រឿង ទើបបែកធ្លាយរឿង
- 2020-08-07 06:39:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២នាក់ម៉ាក់កូន យក iPhone ក្លែងក្លាយដូរយក iPhone ថ្មីបាន ១ពាន់គ្រឿង ទើបបែកធ្លាយរឿង
ចន្លោះមិនឃើញ
ម្ដាយ និងកូនប្រុសសញ្ជាតិចិនម្នាក់ បានប្រើប្រាស់វិធីសាស្ត្របោកប្រាស់ Apple Store នៅប្រទេសស្វីសដោយបានយក iPhone ក្លែងក្លាយប្រើការមិនកើត ទៅប្ដូរយក iPhone ថ្មី បានរហូតដល់ ១ពាន់គ្រឿង ទើបបែកធ្លាយរឿង ដោយសារមន្ត្រីគយប្រទេសស្វីស។
វិធីបោកប្រាស់របស់ម្ដាយកូនខាងលើគឺដូចនឹងវិធីសាស្ត្របោកដែលគេធ្លាប់ឃើញកន្លងមកដែរ ដោយយក iPhone ក្លែងក្លាយមានរូបរាងដូចផលិតផលពិតប៉ុន្តែប្រើការមិនកើត យកទៅកាន់ហាង Apple Store និងសុំឲ្យប្ដូរថ្មីដោយអះអាងថានៅមិនការធានា។ ក្នុងករណីនេះ iPhone ក្លែងក្លាយគឺបានប្រើប្រាស់លេខ IMEI ដូចគ្នានឹង iPhone មែនទែន ដែលនៅមានការធានាពី Apple។
ជនខិលខូចបានយក iPhone ក្លែងក្លាយដាក់ចូលក្នុងទឹក ដើម្បីបង្កើតជារូបភាពថាខូចដោយសារចូលទឹក។ ក្នុងករណីនេះ ប្រសិនបើទូរសព្ទមិនអាចបើកចេញទេ ក្រុមការងារ Apple នឹងមិនធ្វើការពិនិត្យវែងឆ្ងាយនោះទេ ព្រោះថាអាចបណ្ដាលឲ្យឆេះសៀគ្វីដែលនាំឲ្យផ្ទុះថ្មបាន។ ដោយនៅមានការធានា ក្រុមការងារ Apple នឹងប្ដូរទូរសព្ទថ្មីជូន ដែលតម្រូវឲ្យបង់ប្រាក់ប្រមាណ ១០៧ដុល្លារប៉ុណ្ណោះ សម្រាប់ Apple Store នៅប្រទេសស្វីស។ ប៉ុន្តែទឹកប្រាក់នេះអាចទាមទារមកវិញបាន។
តាមការសាកសួរ អ្នកទាំងពីរមិនមែនជាឧក្រិដ្ឋជនចំនោះទេ ដោយពួកគេទទួលបាន iPhone ក្លែងក្លាយពីអ្នកនៅហុងកុង ហើយផ្ញើ iPhone ពិតត្រឡប់ទៅវិញ។ ពួកគេទាំងពីរទទួលបានប្រាក់កម្រៃប្រមាណ ១១ដុល្លារ ប៉ុណ្ណោះ សម្រាប់ការប្ដូរមួយគ្រឿងៗ។ ជនជាប់ចោទទាំងពីរអះអាងថាមិនដឹងរឿងពីក្រោយនោះទេ ដោយបានជឿថា iPhone ក្លែងក្លាយជា iPhone ពិត ហើយអះអាងថាពួកគេគិតថា គេបញ្ជូន iPhone ទាំងនោះមកប្រទេសស្វីសព្រោះតែពិបាកទទួលសេវាកម្មជួសជុលនៅប្រទេសចិន។
រឿងរ៉ាវបោកប្រាស់បានផ្ទុះឡើង ពេលដែលមន្ត្រីគយប្រទេសស្វីសនៅទីក្រុង Basel ចាប់បានកញ្ចប់ទំនិញចំនួនពីរ ដែលមាន iPhone ចំនួន ៥០គ្រឿង ជាផលិតក្លែងក្លាយ។ គួរដឹងថាបើតាមការចុះផ្សាយរបស់សារព័ត៌មានស្វីស SRF បានឲ្យដឹងថាកូនប្រុសរបស់ស្ត្រីជនជាតិចិន អាចប្រឈមនឹងការជាប់គុកបួនឆ្នាំ និងអាចត្រូវបញ្ជូនចេញពីប្រទេសស្វីសដែលខ្លួនធ្លាប់នៅជិត ២០ឆ្នាំទៀតផង។ ចំណែកម្ដាយវិញ មិនច្បាស់ថានឹងមានជោគវាសនាយ៉ាងណានៅឡើយទេ៕