ក្នុងចំណោម​នគរ៣ សាមកុក នគរ​មួយ​ណា​ដែលរលាយ​មុនគេ?

  • 2020-08-11 08:14:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពីការស្លាប់របស់​ឆាវឆាវ និង​ការ​ដួលរលំ​ទាំងស្រុង​នៃរាជវង្សហាន​ក្នុងឆ្នាំ​២២០នៃគ.ស ពេលនោះហើយ​ជាពេលចាប់ផ្តើម​កើត​ឡើងនូវនគរ៣ធំៗ ក្នុងប្រទេសចិន ឬហៅថា សាមកុក។

នគរដែលបង្កើតមុនគេ និងធំជាងគេ គឺ​នគរអ៊ួយ (Wei) ក្នុងឆ្នាំ​២២០ ដែល​គ្រងរាជ្យដោយឆាវភី កូនប្រុសរបស់ឆាវឆាវ។ ការប្រកាសបង្កើតនគរនេះ ក្រោយពេលដែល​ឆាវភី បង្ខំ​ឱ្យ​ស្តេចរាជវង្ស​ហានចុងក្រោយ ដាក់រាជ្យ។

១ឆ្នាំក្រោយមក គឺនៅឆ្នាំ២២១ ដោយចង់​ស្តាររាជវង្សហានឡើងវិញ លីវ ប៉ី ក៏សម្រេចប្រកាស​បង្កើតនគរផងដែរឈ្មោះថា ស៊ូហាន (Shu Han)។ ចំណែក​នគរដែលបង្កើតក្រោយគេ គឺ​នគរអ៊ូ (Wu) គ្រងរាជ្យដោយ ស៊ុន ឈាន ក្នុងឆ្នាំ​២២៩។

ផែនទីនគរទាំង៣
នគរទាំង៣ខាងលើនេះ បានធ្វើ​សង្គ្រាមនឹង​គ្នាអស់រយៈពេល​ជាច្រើនឆ្នាំ តែមិន​ចាញ់​មិនឈ្នះ។ ប៉ុន្តែអ្វីៗចាប់ផ្តើមប្រែប្រួល​នៅពេលដែលត្រកូលស៊ឺម៉ា ពោលគឺ ស៊ឺម៉ាអ៊ី និង​កូនចៅជំនាន់ក្រោយ ចាប់ផ្តើម​កាន់អំណាចពេញដៃ នៅក្នុង​នគរអ៊ួយ។ ត្រកូលស៊ឺម៉ានេះហើយ ដែលជាអ្នកបញ្ចប់សម័យសាមកុក។

សូមបញ្ជាក់​ថា នគរអ៊ូយ មានស្តេច ៥ជំនាន់​ដែលសោយរាជ្យ រួមមាន ឆាវ ភី (២២០-២២៦), ឆាវ រី Cao Rui (២២៦-២៣៦), ឆាវ ហ្វាង (២៣៩-២៥៤), ឆាវ ម៉ាវ (២៥៤-២៦០) និង ឆាវ ហួន (២៦០-២៦៥)។

នៅឆ្នាំ​២៤៩ សែ​រាជវង្សត្រកូលឆាវ បាន​ចាប់ផ្តើម​បាត់បង់អំណាច នៅពេលដែល​ស្តេច ឆាវ ហ្វាង ត្រូវកងទ័ព​របស់ស៊ឺម៉ាអ៊ី បះបោរ​បង្ក្រាប​ក្នុងពេល​ទៅ​សែន​ផ្នូរដូនតា។

តួស៊ឺម៉ាអ៊ី ក្នុងរឿងនគរ៣

នៅឆ្នាំ​២៦៣ កូនប្រុស​របស់​ស៊ឺម៉ាអ៊ី បានដឹកនាំ​ទ័ព​នគរអ៊ួយ ចូល​ឈ្លានពាន​នគរ​ស៊ូហាន បាន​សម្រេច ដោយ​ស្តេច​ស៊ូហាន ឈ្មោះ លីវ សាន (បុត្រ​របស់ លាវ ប៉ី) ​សុំ​ចុះចាញ់។ លីវ សាន ត្រូវបាន​ត្រកូល​ស៊ីម៉ា ទុក​ជីវិតឱ្យរស់នៅ​សុខក្សេមក្សាន្ត ក្នុងក្រុងលូយ៉ាង របស់​នគរអ៊ួយ។ ស៊ូហាន ជានគរ​ដែលរលាយមុនគេ។

ចូលមកដល់ឆ្នាំ​២៦៦ ស៊ឺម៉ាយាន (ចៅប្រុស​របស់​ស៊ឺម៉ាអ៊ី) បាន​បង្ខំ​ឱ្យស្តេច ឆាវ ហួន នៃនគរអ៊ួយ ដាក់រាជ្យ ហើយ ស៊ឺម៉ាយាន បាន​ប្រកាស​បង្កើតនគរថ្មីឈ្មោះ នគរជីន។ ដូច្នេះ នគរអ៊ួយ គឺជានគរទី២ ដែលរលាយ។

សល់ចុងក្រោយគេ គឺ​នគរអ៊ូ។ នគរនេះ មានស្តេច ៤ជំនាន់ រួមមាន ស៊ុន ឈាន (២២៩-២៥២), ស៊ុន លាំង (២៥២-២៥៨), ស៊ុន ហ្ស៊ី Sun Xiu (២៥៨-២៦៤) និង ស៊ុន ហាវ (២៦៤-២៨០)។ នគរអ៊ូ បានចាប់ផ្តើមចុះខ្សោយ​ក្រោយ​ពេល​ដែលស្តេច ស៊ុន ឈាន ចូលទីវង្គត។

នៅក្នុងឆ្នាំ​២៧៩ នគរជីន របស់ត្រកូលស៊ឺម៉ា បាន​បើកការវាយលុកចូលនគរអ៊ូ និងទទួលបានជ័យជម្នះ។ ក្នុងឆ្នាំ​២៨០ ស្តេច ស៊ុន ហាវ បានប្រកាសសុំចុះចាញ់ ហើយក៏ជាពេលបញ្ចប់សម័យសាមកុកនេះផងដែរ៕

ចុចអាន៖ នគរបី សាមកុក៖ ផ្នូរ​របស់​ឆាវឆាវ ត្រូវគេ​រកឃើញ ចុះផ្នូររបស់ លីវ ប៉ី និង ស៊ុន ឈាន?

ប្រភព៖ chinahighlights

អត្ថបទថ្មី
;