រកស៊ីខាត ៤ឆ្នាំហើយ Sony បែរជារំពឹងចំណេញលុយពេលផ្ទុះជំងឺកូវីដ១៩
- 2020-08-12 04:07:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកស៊ីខាត ៤ឆ្នាំហើយ Sony បែរជារំពឹងចំណេញលុយពេលផ្ទុះជំងឺកូវីដ១៩
ចន្លោះមិនឃើញ
ទោះបីជាអាជីវកម្មស្មាតហ្វូនរបស់ Sony មិនអាចរកប្រាក់ចំណេញបានអស់ពេលជាច្រើនឆ្នាំក្ដី ក៏ Sony មិនដែលអស់សង្ឃឹមដែរ។ តាមរយៈការកាត់បន្ថយទំហំប្រតិបត្តិការ និងការកាត់បន្ថយការចំណាយកាលពីត្រីមាសមុន ឥឡូវឃើញថានៅត្រីមាសទីពីរចាប់ផ្ដើមឲ្យផលហើយ។
នៅត្រីមាសទីពីរឆ្នាំ ២០២០ នេះ Sony អាចលក់ស្មាតហ្វូនបានខ្ទង់ ៨០ម៉ឺនគ្រឿង ដែលថយចុះត្រឹម ១០ម៉ឺនគ្រឿងប៉ុណ្ណោះ ធៀបនឹងត្រីមាសទីពីរឆ្នាំ ២០១៩ ដែលចាត់ទុកថាជាលទ្ធផលល្អមួយអំឡុងពេលដែលវិបត្តិកូវីដ១៩វាយលុយ។ រឹតតែអស្ចារ្យនោះគឺចំនួនលក់របស់ Sony មានការកើនឡើងគុណនឹងពីរធៀបនឹងត្រីមាសទី១ ឆ្នាំ ២០២០។
Sony បានបញ្ជាក់អំពីការរំពឹងទុកថាអាជីវកម្មផលិតស្មាតហ្វូនរបស់ខ្លួន នឹងអាចរកប្រាក់ចំណេញសម្រាប់ត្រីមាសឆ្នាំ ២០២០ របស់ខ្លួន បន្ទាប់ពីជួបតែការខាតបង់អស់ ៤ឆ្នាំមកហើយ។ គួរដឹងថាត្រីមាសឆ្នាំ ២០២០ របស់ Sony គឺរាប់ចាប់ពីខែមេសាឆ្នាំ ២០២០ ដល់ខែមីនាឆ្នាំ ២០២១ ដែលលទ្ធផលហិរញ្ញវត្ថុប្រចាំឆ្នាំនឹងប្រកាសក្នុងខែមេសាឆ្នាំ ២០២១។
យ៉ាងណាក្ដី Sony មិនបានបញ្ជាក់អំពីទំហំប្រាក់ចំណេញដែលខ្លួនរំពឹងទុកនោះទេ ប៉ុន្តែបានឲ្យដឹងថាខ្លួនកំពុងរៀបចំសម្រាប់ការផ្លាស់ប្ដូរយុទ្ធសាស្ត្រលើអាជីវកម្មស្មាតហ្វូន។ Sony និយាយថាអាជីវកម្មលក់ស្មាតហ្វូនតម្លៃថ្លៃកំពុងរួមតូចព្រោះតែជំងឺកូវីដ១៩ ដែលនាំឲ្យឧស្សាហកម្មស្មាតហ្វូនផ្លាស់ប្ដូរគោលដៅទៅកាន់ស្មាតហ្វូនលំដាប់កណ្ដាល និងលំដាប់ទាបតម្លៃធូរវិញ៕