ជួយការពារបរិស្ថាន! លោក សុខ ធី ផលិតឥដ្ឋពីសំណល់ប្លាស្ទិក

  • 2020-08-14 02:05:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យើងធ្លាប់តែឃើញគេប្រើឥដ្ឋធ្វើពីដីឥដ្ឋ ឬក៏ស៊ីម៉ង់ ប៉ុន្តែពេលនេះកូនខ្មែរមួយរូប បានកែច្នៃយកសំណល់ប្លាស្ទិក ដែលគេបោះបង់ចោលមកផលិតជាដុំឥដ្ឋវិញ។ លោក សុខធី គឺជាម្ចាស់សហគ្រាស នៅក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ លោកបានដាក់ឈ្មោះផលិតផលថាជាឥដ្ឋអេកូឬឥដ្ឋបរិស្ថាន។

លោក សុខ ធី ធ្លាប់បានសិក្សាដកពិសោធន៍បច្ចេកទេសផលិតឥដ្ឋពីក្រៅប្រទេសដូចជានៅប្រទេសម៉ាឡេស៊ី ឥណ្ឌា ថៃ ចិននិងហ្វីលីពីន។ បន្ទាប់មក លោក បានបង្កើតគំនិតផលិតឥដ្ឋអេកូនេះ ដោយទាញចេញពីសំណល់ប្លាស្ទិកចាប់ពីឆ្នាំ២០១៩កន្លងទៅនេះ។

អ្វីដែលសំខាន់នោះគឺ សហគ្រាសរបស់លោក សុខ ធី បានសហការជាមួយសាលារៀន និងអាជ្ញាធរមូលដ្ឋាន យកសំណល់ប្លាស្ទិក ថង់ប្លាស្ទិក កញ្ចប់មី កញ្ចប់នំ ទុយោជ័រ កំប៉ុងជ័រ ប្រអប់បាយ នៅតាមសាលារៀន និងតាមមូលដ្ឋាន ដែលសិស្សានុសិស្ស និងប្រជាសហគមន៍ បានរៀបចំទុកដាក់កាកសំណល់សំរាមពីប្លាស្ទិក ដោយឡែកពីសំរាមផ្សេងទៀត ដើម្បីយកទៅផលិតជាឥដ្ឋបរិស្ថាននេះឡើង។

អតិថិជនមួយចំនួនបានស្គាល់ឥដ្ឋអេកូរបស់លោក សុខ ធី តាមរយៈការបង្ហាញតាមពិព័រណ៍ផលិតផលនាពេលកន្លងមក ហើយបានបញ្ជាទិញមានចំនួនច្រើនដោយលើកចិត្តចំពោះការគិតគូរ និងចូលរួមក្នុងការគ្រប់គ្រងបរិស្ថាន។ លោក សុខ ធី បានបង្ហាញថាម៉ាស៊ីនផលិតដែលសព្វថ្ងៃ មានត្រឹមតែ៤គ្រឿងនិងផលិដោយប្រើដោយដៃនៅឡើយ។ សហគ្រាសអាចផលិតបានត្រឹមតែ១០០ទៅ២០០ដុំតែប៉ុណ្ណោះដែលមិនទាន់តម្រូវការទីផ្សារនោះទេ។

សូមបញ្ជាក់ថា លោក សុខ ធី មានគម្រោងផលិត សម្ភារៈសំណង់ផ្សេងទៀត ដូចជាក្បឿង និងឥដ្ឋការ៉ូ ចេញពីសំណល់ប្លាស្ទិកដូចគ្នាជាមួយឥដ្ឋអេកូដែរ ប៉ុន្តែលោកត្រូវការទុនច្រើន និងត្រូវការទិញម៉ាស៊ីនកែច្នៃធុនធំៗ៕

ប្រភព៖ ក្រសួងបរិស្ថាន

អត្ថបទថ្មី
;