ទាហានកូរ៉េខាងជើង ៣នាក់ត្រូវចាប់ខ្លួន ដោយសាររាំបទ​របស់ BTS

  • 2020-08-14 10:09:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកគាំទ្រ​ BTS ទូទាំង​ពិភពលោក​ អាច​នឹង​មាន​អារម្មណ៍​ថា​ពួកគេ​ត្រូវ​បាន​ឃ្លាំ​មើល​ និង​វាយតម្លៃពីនេះពីនោះពី​មហាជន​ ដោយគ្រាន់​តែ​ពួកគេ​ស្ដាប់​បទចម្រៀង​របស់​ BTS។ ប៉ុន្តែ​ថ្មីៗ​នេះ​រឿង​មួយ​បាន​ផ្ទុះ​ឡើង​ខ្លាំង​ ទាក់ទង​នឹង​ទាហាន​ ៣​នាក់​មកពី​កូរ៉េខាងជើង​ ដែល​ត្រូវ​ភ័យ​ខ្លួន​ ដោយសារ​ពួកគេ​រាំ​បទ​ចម្រៀង​របស់​តារា​ប្រុស​ល្បី​កំពូល​របស់កូរ៉េ​ខាងត្បូង​ BTS។

នៅ​យប់​ថ្ងៃ​ទី​ ០៥ ខែសីហា​ មាន​សេចក្ដី​រាយការណ៍​មក​ថា​ ទាហាន​វ័យ​ក្មេង​ ៣​នាក់​នោះ​ មាន​អាយុខ្ទង់​ ២០​ឆ្នាំ​ជាង បាន​ភ្លេច​ខ្លួន​រាំ​បទ​ BTS ពេល​ធ្វើ​ដំណើរ​អំឡុង​ពេលបេសកកម្ម​ People’s Army។ នៅតាម​ផ្លូវ ពេល​ដល់ពេល​ត្រូវ​លម្ហែ​អារម្មណ៍​ជាមួយ​គ្នា ទាហាន ៣នាក់​ដែល​មក​ពីទ័ពអាកាស ក៏ចាប់ផ្ដើម​រាំ។

ចៃដន្យ​ពេល​អ្នក​អង្កេតការណ៍ម្នាក់ដែល​ជា​ក្រុមការងារ​មក​ពីទីភ្នាក់ងារសន្តិសុខការពារជាតិ​ចាប់អារម្មណ៍ថា​ យុវជន​ ៣​នាក់នោះ​រាំបទ​ «Blood Sweat & Tear» របស់ BTS ពួកគេ​ក៏​បាន​ឲ្យក្រុមសន្តិសុខ​ចាប់ខ្លួន​តែម្ដង។

ពេល​នាំ​ខ្លួន​ទៅ​សួរ​ចម្លើយពីអ្វី​ដែល​បាន​កើត​ឡើង​ ទាហាន​ទាំង ៣ ក៏​បាន​និយាយ​ថា​ ពួកគេ​មិន​បាន​ដឹង​ថាវាជា​បទ​របស់​ BTS ទេ ហើយ​មួយ​ទៀត​ក្បាច់រាំ​ ដែល​ពួកគេ​រាំ​ក៏​មិន​ដូច​ក្បាច់​រាំ​របស់​បទ​នេះ​ដែរ តែ​ជា​ក្បាច់​រាំ​ «Exciting Boy Scout Dance»​ ដែលពួកគេ​ធ្លាប់​ហាត់ទៅវិញទេ។ កាន់​តែ​ធំធេងនោះ​ គឺ​ថា​ដោយសារ​ហេតុការណ៍​នេះ​ ទើប​នាំ​ឲ្យ​មាន​ការ​ត្រួតពិនិត្យ​កងទ័ពកូរ៉េខាងជើង​ទាំងមូល​ជា​ថ្មី។

មកទល់ពេល​នេះ​មិនទាន់​មាន​ការ​បញ្ជាក់​នៅឡើយ​ថា​ តើ​ទាហាន​ទាំង​ ៣​ដែលត្រូវ​បាន​ចាប់​ខ្លួន​នោះ​ នឹង​ត្រូវ​ទទួលពិន័យ​បែបណាទេ ប៉ុន្តែ​មហាជន​សង្ឃឹម​ថា​នឹង​មិនធ្ងន់ធ្ងរ។ វាពិតជា​ពិបាក​ស្រមៃ​ណាស់​ដែល​អ្នកណា​ម្នាក់​មក​ត្រូវ​រង​ពិន័យ ឬ​ត្រូវ​ចាប់​ខ្លួន​ ដោយ​ត្រឹម​តែ​សកម្មភាព​ធម្មតា​ ដូចជា​ស្ដាប់​ចម្រៀង ឬ​រាំ​លេង​បែប​នេះ​ តែ​យ៉ាងណា​នេះ​ជា​វិន័យ​របស់​ប្រទេស​កូរ៉េខាងជើង​ ដែលប្រជាជនត្រូវ​តែ​គោរពតាម៕

ប្រភព៖ Koreaboo ប្រែសម្រួល៖ យី សុធារី

អត្ថបទថ្មី
;