ទីលានចាក់សំរាមក្នុងខេត្តព្រះសីហនុ ត្រូវបានសាងសង់រួចហើយ!

  • 2020-08-27 04:38:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញដឹកនាំកិច្ចប្រជុំ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ប្រចាំខែសីហា បន្តពិនិត្យពិភាក្សាអំពីវឌ្ឍនភាពអនុគម្រោងសាងសង់ទីលានចាក់សំរាមក្នុងខេត្តព្រះសីហនុ។ គិតត្រឹមថ្ងៃទី២៦ ខែសីហា ការអនុវត្តគម្រោងទាក់ទងនឹងការងារដោះមីន ការងារកាប់ឆ្កា និងសំអាតលើផ្ទៃដី ១៧,៣៣ហិកតាសម្រេចបាន១០០%ហើយ។

លានចាក់សំរាមក្នុងខេត្តព្រះសីហនុនេះ សាងសង់ឡើងដើម្បីបំពេញតម្រូវការរយៈពេល ៥ឆ្នាំដំបូង មានសមត្ថភាពអាចផ្ទុកសំរាមបានចំនួន ៨៨៤,០៨៨ ម៉ែត្រគីប មានរណ្ដៅចំនួនបួន រណ្ដៅនីមួយៗមានទទឹងគិតជាមធ្យម១៣០ ម៉ែត្រ និងបណ្ដោយ១៥០ម៉ែត្រ ជម្រៅចាប់ពី២-៤ម៉ែត្រ មានប្រព័ន្ធរំដោះទឹកភ្លៀងចាប់ពីបាតរណ្ដៅ ប្រព័ន្ធប្រមូលទឹកកខ្វក់ពីរណ្ដៅចាក់សំរាម បំពង់បញ្ចេញឧស្ម័នពុលផងដែរ។ ក្នុងក្របខណ្ឌថវិកាជាតិ ដោយមានការចូលរួមពីសមាជិក សមាជិកានៃគណៈកម្មការគ្រប់គ្រងការងារអនុគម្រោងសាងសង់ទីលានចាក់សំរាមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រុមហ៊ុនសាងសង់ផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពគម្រោងសាងសង់ទីលានចាក់សំរាមក្នុងខេត្ត ព្រះសីហនុដែលអនុវត្តដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ក្នុងទំហំទឹកប្រាក់ចំនួន ៥ ៣១៣ ៤៦៣ ដុល្លារសហអាមេរិក ជាថវិកាជាតិ មានរយៈពេលសាងសង់១៧ខែ គិតចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ លើផ្ទៃដី ១៧,៣៣ហិកតា ក្នុងចំណោមផ្ទៃដីសរុប ៥១ ហិកតាដែលរដ្ឋបាលខេត្តព្រះសីហនុផ្តល់ជូន ឋិតនៅភូមិអូតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមានចម្ងាយប្រមាណ៣គីឡូម៉ែត្រពីផ្លូវជាតិលេខ៤។

ថ្លែងនៅក្នុងកិច្ចប្រជុំនាឱកាសនោះ លោកអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីសារសំខាន់នៃការ តាមដាន និងវាយតម្លៃផែនការសកម្មភាពឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីសម្រេចគោលដៅតាមការគ្រោងទុក និងបានណែនាំឱ្យសមាជិកសមាជិកានៃគណៈកម្មការគ្រប់គ្រងការងារអនុគម្រោងសាងសង់ទីលានចាក់សំរាម បង្កើនកិច្ចសហការឱ្យបានជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងផ្នែកហិរញ្ញវត្ថុ និង បច្ចេកទេស។

លោកអនុរដ្ឋលេខាធិការបានបន្ថែមថា ការសាងសងទីលានចាក់សំរាមថ្មីនេះនឹងជួយលើកកម្ពស់សមត្ថភាពគ្រប់គ្រងសំរាម និងអនាម័យជូនប្រជាពលរដ្ឋ និងធ្វើឱ្យសុខមាលភាពសាធារណៈ និងបរិស្ថានកាន់តែមានភាពប្រសើរឡើង ឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស របស់ខេត្តនេះ។ ជាចុងក្រោយឯកឧត្ដមអនុរដ្ឋលេខាធិការបានថ្លែងអំណរគុណ និងកោតសរសើរដល់គណៈកម្មការគ្រប់គ្រងការងារអនុ គម្រោងសាងសង់ទីលានចាក់សំរាម ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ និងស្នើឱ្យធ្វើរបាយការណ៍វឌ្ឍនភាពគម្រោងប្រចាំខែឱ្យបានទៀងទាត់ផងដែរ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;