អត្ថន័យ​ និងជំនឿមួយចំនួននៃពិធី​សែន​ក្បាល​ទឹក ដែល​ជា​ពេល​បើក​ទ្វារ​លែង​ព្រលឹង​ខ្មោច ១ខែ

  • 2020-09-01 23:58:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាម​​ជំនឿ​ប្រពៃណី​ជនជាតិ​ចិន បាន​ជ្រើស​យក​​ថ្ងៃ​ទី១៥ នៃ​ខែ​ទី៧ ក្នុង​ប្រតិទិន​ចន្ទគតិ (ឆ្នាំ​២០២០នេះ ត្រូវ​នឹង​ថ្ងៃ​ទី២ ខែ​កញ្ញា) ដើម្បី​ប្រារព្ធ​ពិធី​សែន​ក្បាល​ទឹក មិន​ខុស​គ្នា​ប៉ុន្មាន​ពី​ជំនឿ​បុណ្យ​ភ្ជុំបិណ្ឌ​របស់​ខ្មែរ។ ព្រលឹង​​​​​​​​​​​ខ្មោច​ទាំង​ឡាយ​នឹង​ត្រូវ​​ដោះ​លែង​​​​​​ឲ្យ​មាន​សេរីភាព​ ​និង​ធ្វើ​ដំណើរ​​​​​មក​​ឋាន​​មនុស្ស​​​រយៈពេល​១ខែ ​ដើម្បី​​ស្វែង​​អាហារ​ និង​គ្រឿង​សំណែន​ផ្សេង​ៗ​​ពី​កូន​ចៅ​។

តាម​ជំនឿ​ជន​ជាតិ​ចិន និង​អ្នក​ជាប់​សែស្រឡាយ​ចិន គិត​ថា ពេញ​មួយ​ខែ នៃ​ពិធី​សែន​ក្បាល​ទឹក ឋាននរក​នឹង​បើក​ចំហ​ឲ្យ​ព្រលឹង​ខ្មោច​ទាំង​ឡាយ មក​រក​ញាតិ​សន្ដាន និង​ចំណី​អាហារ​គ្រឿង​សំណែន​ផ្សេង​ៗ​ពី​កូន​ចៅ។ នៅ​ឆ្នាំ២០២០ នេះ ពិធី​សែនធំ គឺ​ចំថ្ងៃ​ទី២ ខែ​កញ្ញា​នេះ។

នៅ​ខែ​នេះ មនុស្ស​​ម្នា​​ទាំង​អស់​ដែល​មាន​ជំនឿ បាន​នាំ​គ្នា​​​​​​ដុត​លុយ​ខ្មោច ​អុជ​ធូប ​និង​​សែន​​​នំចំណី​​​​អាហារ​ផ្សេង​ៗ ​ដើម្បី​ឧទ្ទិស​​ដល់​​​​ព្រលឹង​បុព្វបុរស​ដូន​តា ដែល​​​ជំនឿ​​នេះ​​កើត​ឡើង​​តាំង​ពី​​​​សម័យ​បុរាណ​ចិន​មក​ម្ល៉េះ។ នៅ​ក្នុង​ពិធី​សែន​ក្បាល​ទឹក​នេះ ព្រលឹង​ខ្មោច​ដែល​គ្មាន​ញាតិ​សន្ដាន ក៏​នាំ​គ្នា​ឡើង​មក​រក​សំណែន​ផ្សេង​ៗ​ដែរ ទើប​គេ​ហៅ​ថា Hungry Ghost Festival។

ជំនឿ​មួយ​ចំនួន​ក្នុង​ពិធីបុណ្យ​សែន​ក្បាល​ទឹក

​នៅ​ក្នុង​ថ្ងៃ​សែន​ គេ​​ឃើញ​មាន​សកម្មភាព​មួយ​ចំនួន​ដែល​ជា​ជំនឿ​ ដូច​ជា​ការ​ដុត​ក្រដាស ដុត​លុយ​កាក់ ការ​អុជ​ធូប​ទៀន ការ​ដាក់​អាហារ​នៅ​តាម​កន្លៀត​ផ្លូវ​ក្បែរ​ផ្ទះ​ជា​ដើម។ គេ​ជឿ​ថា​ការ​ដុត​​ក្រដាស​លុយ​ខ្មោច ទំនិញ​​​មួយ​ចំនួន​​ ដូច​​ជា​ឡាន ទូរសព្ទ សំលៀកបំពាក់ និង​ផ្ទះ​​​ធ្វើ​​​ពី​ក្រដាស គឺ​អាច​​បញ្ជូន​របស់​ទាំង​នោះ​ទៅ​ព្រលឹង​​បុព្វបុរស​ ញាតិសន្ដាន​​បាន​ប្រើប្រាស់។

ចំណែក​ឯ​ការ​អុជ​​ទៀន ​​និង​គោម​ គឺ​ដើម្បី​បំភ្លឺ​ផ្លូវ​ឲ្យ​​ព្រលឹង​ខ្មោច​អាច​រក​ផ្លូវ​ទៅ​កាន់​ទីកន្លែង​ដើម​របស់​​ពួក​គេ​វិញ។ ដោយ​ឡែក​សំណែន​​ ផ្លែ​ឈើ សាច់ និង​នំ​ គឺ​តំណាង​ឲ្យ​​ការ​ផ្ដល់​អាហារ​ជូន​ព្រលឹង​ខ្មោច​​​​ជា​ញាតិកា ហើយ​​ក៏​ដើម្បី​​ឲ្យ​​ព្រលឹង​ខ្មោច​​ផ្សេង​ទៀត​​ពុំ​មាន​ការ​ខឹង​សម្បារ​ដោយ​ការ​ស្រេក​ឃ្លាន។ ​​​

នៅ​​ក្នុង​ជំនឿ​សាសនា​ គេ​ជឿ​ថា​មាន​ទីឋាន​ផ្សេង​សម្រាប់​​ព្រលឹង​ខ្មោច​រស់​នៅ តែ​ក៏​មាន​ព្រលឹង​ខ្មោច​មួយ​ចំនួន​ដែល​នៅ​តែលតោល អនាថា ដោយ​សារ​​មិន​មាន​គេ​​ធ្វើ​បុណ្យ​​ឲ្យ​តាម​ប្រពៃណី​ត្រឹម​ត្រូវ។ ការ​សែន​ក្បាល​ទឹក ក៏​ជា​​ការ​ជួយ​ដល់​ព្រលឹង​ខ្មោច​ទាំង​នោះ​ផង​ដែរ ដើម្បី​ឲ្យ​ពួក​គេ​មាន​អាហារ​ហូប​ចុក​គ្រប់​គ្រាន់ និង​នាំ​សំណាង​ដល់​អ្នក​សែន​ជូន។

ភាព​ខុស​គ្នា​រវាង​សែន​ក្បាល​ទឹក និង​សែន​ឆេងម៉េង

ថ្ងៃ​សែន​ក្បាល​ទឹក គឺ​ជា​ពេល​វេលា​ដែល​ទ្វារ​ឋាននរក​បើក​មួយ​ខែ អនុញ្ញាត​ឲ្យ​​ព្រលឹង​ខ្មោច ទាំង​មាន​ញាតិសន្ដាន និង​គ្មាន​ញាតិ​សន្ដាន ស្វែង​រក​សំណែន និង​គ្រឿង​ប្រើ​ប្រាស់​ផ្សេង​ៗ ដើម្បី​បំពេញ​ការ​ស្រេក​ឃ្លាន​នា​ពេល​កន្លង​មក។ ពេញ​មួយ​ខែ​នេះ ព្រលឹង​ខ្មោច​ទាំង​អស់ អាច​ធ្វើ​ដំណើរ​ទៅ​គ្រប់​ទិសទី ហើយ​ទទួល​យក​សំណែន​បាន​ពី​មនុស្ស​គ្រប់​គ្នា។

ចំណែក​សែន​ឆេងម៉េង ជា​ពេល​ញាតិ​សន្ដាន ជួប​ជុំ​គ្នា​សែន​នៅ​ផ្នូរ​អ្នក​ដែល​ស្លាប់​ទៅ ដើម្បី​សែន​សំណែន​ផ្សេង​ៗ ហើយ​ការ​សែន​នោះ គឺ​ផ្ដោត​តែ​អ្នក​ជាប់​សាច់​សាលោហិត​ប៉ុណ្ណោះ។ តាម​ជំនឿ នៅ​ក្នុង​ពិធី​សែន​ឆេងម៉េង ព្រលឹង​ខ្មោច​ត្រូវ​អនុញ្ញាត​ឲ្យ​ចេញ​មក​​ជិត​ផ្នូរ​របស់​ខ្លួន​ប៉ុណ្ណោះ មិន​អាច​ចាក​ចេញ​ទៅ​ឆ្ងាយ​គ្រប់​ទិសទី ដូច​ពិធី​សែន​ក្បាល​ទឹក​ឡើយ។ ​

ប្រវត្តិ​​​ទាក់​ទង​មួយ​ចំនួន​

មាន​​ការ​លើក​ឡើង​ច្រើន​ពី​ប្រវត្តិ​​ពិធី​បុណ្យ​នោះ​ ប៉ុន្តែ​​មាន​ការ​លើក​ឡើង​មួយ​​ចំនួន​ថា​រយៈ​កាល​​ជាង​២​ពាន់​ឆ្នាំ​មុន នៅ​ក្នុង​សាសនា​តាវ​ ឬ​លទ្ធិ​តាវ ពិធី​បុណ្យ​នេះ​​​​ធ្វើ​ឡើង​​ក្នុង​ពិធី​ចម្រើន​ព្រះ​ជន្ម​​​ អាទិទេព Qingxu ដែល​ជា​អ្នក​កាត់​ទោស​មនុស្ស​សាង​បាបកម្ម។ នៅ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម​ អាទិទេព​ដោះ​លែង​ព្រលឹង​ខ្មោច​​ដែល​រង​កម្ម​​ឲ្យ​មាន​សេរីភាព ក្នុង​​ខែ​នៃ​ខ្មោច​បិសាច៕

ប្រភព៖ Scmp | Chinadaily ប្រែ​សម្រួល៖ វិសាល

អត្ថបទថ្មី
;